នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ ១៣៥នាក់ មកពី ឃុំស្តៅ ឃុំចំរើន ស្រុកសង្គមថ្មី និង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បាននាំគ្នាឡើងមកតវ៉ា ដោយយកស្នាកមេដៃពលរដ្ឋរងគ្រោះដីធ្លី១៩៦គ្រួសារ មកដាក់ជូនខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យជួយអន្តរាគមន៍ដោះស្រាយ បន្ទាប់ពីអាជ្ញាធរខេត្ត បានចេញលិខិតជូនដំណឹងចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឱ្យទទួលយកសំណងនៃការចូលកាន់កាប់ដីរដ្ឋ ក្នុង១ហិកតា ១២០០ ០០០រៀល (មួយលានពីរសែនរៀល) ដែលធ្វើឱ្យពួកគាត់មិនអាចទទួលយកបាន។
កាលដែលពួកគាត់ឡើងមកតវ៉ានេះ ព្រោះដីពួកគាត់ភាគច្រើនកាន់កាប់តាំងពីឆ្នាំ២០១៧ ហើយកន្លងមកមិនដែលមានសមត្ថកិច្ច និងក្រុមហ៊ុន ឆាយណាហ្គ្រេត ខស (ខេមបូឌា) អិនវេសមេន មករំខានឡើយ ទើបតែថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម មិន ស៊ីថា អភិបាលខេត្តព្រះវិហារ បានកោះប្រជុំប្រជាពលរដ្ឋនៅសាលាឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ថាគាត់សន្យា នឹងឱ្យមន្ត្រីជំនាញចុះធ្វើអត្តសញ្ញាណកម្មក្បាលដីប្រជាពលរដ្ឋដែលនៅស្រុកសង្គមថ្មី ដើម្បីដោះស្រាយបញ្ហាទំនាស់ដីធ្លី ជាមួយក្រុមហ៊ុន។ ប៉ុន្តែក្រោយមកស្រាប់តែមានសេចក្តីជូនដំណឹង របស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ប្រកាស់ឱ្យពលរដ្ឋដែលបានអាស្រ័យផលពិតលើដីដែលខ្លួនដែលពាក់ព័ន្ធជាមួយដីក្រុមហ៊ុនមិនឱ្យអាស្រ័យផលលើដីនោះទៀត ដោយទុករយៈពេល ១៥ថ្ងៃឲ្យពលរដ្ឋរុះរើ ..(អ្វី)? ចេញពីដីក្រុមហ៊ុនចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ។
ក្រោយមកក៏មានកិច្ចប្រជុំ នៅសាលាឆទាន ភូមិដា ហើយបានហៅឈ្មោះពលរដ្ឋដែលបានធ្វើ អតសញ្ញាណកម្មក្បាលដីរួចឱ្យទទួលយកសំណង ១២០០ ០០០រៀល ក្នុង១ហិកតា ជាថ្នូរ នឹងការចាកចេញពីដីរបស់ខ្លួន។
ដោយសារតែការដោះស្រាយ របស់ខេត្ត មិនអាចទទួលយកបាន ពួកគាត់បានឡើងមកតវ៉ា នៅភ្នំពេញស្នើសុំឱ្យ នាយករដ្ឋមន្ត្រី និងស្ថាប័នពាក់ព័ន្ធ មេត្តាកាត់ឆ្វៀលជាលក្ខណៈ ស្បែកខ្លា ជូនពលរដ្ឋ។
ពួកគាត់មកដាក់លិខិតសុំជួយអន្តរាគមន៍ ពីនាយករដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី តែត្រូវសមត្ថកិច្ច រុញឲ្យមកដាក់នៅខុទ្ទកាល័យ នាយករដ្ឋមន្ត្រី នៅមុខវត្ត បុទុមវតីសង្កាត់ជ័យជំនះ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ កំពង់រង់ចាំការកែសម្រួល និងការឆ្លើយតប។

