ការងាររបស់យើង

សមាគមអាដហុក មានកម្មវិធីពីរ ដែលនៅក្នុងកម្មវិធីនិមួយៗធ្វើសកម្មភាព ៣ ប្រភេទសំខាន់ដូចខាងក្រោម៖

១. សកម្មភាពឃ្លាំមើល និងអន្តរាគមន៍ៈ មានការសិក្សាស្វែងរកការពិតទៅតាមករណីនិមួយៗ      ការផ្តល់ដំបូន្មានផ្នែកច្បាប់ ការផ្តល់តំណាងផ្លូវច្បាប់ និងការផ្តល់សម្ភារៈ ថ្លៃធ្វើដំណើរ ជំនួយផ្នែកសុខភាព និងការធ្វើមាតុភូមិនិវត្តន៍ដល់ជនរងគ្រោះដោយការជួញដូរកំលាំងពលកម្ម និងពលករចំណាកស្រុក។

២.​ សកម្មភាពពង្រឹងសិទ្ធិអំណាចៈ មានផ្តល់វគ្គបណ្តុះបណ្តាល ដើម្បីកសាងសមត្ថភាព ការរៀបចំសិក្ខាសាលា កិច្ចប្រជុំ ឬការកសាងបណ្ដាញ។

៣.​ ការតស៊ូមតិៈ មានការធ្វើសន្និសីទកាសែត ធ្វើសេចក្តីថ្លែងការណ៍ របាយការណ៍តាមវិស័យ      ផ្សេងៗ ឬសិក្ខាសាលា កិច្ចប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ និងជនរងគ្រោះ ដើម្បីលើកទឹកចិត្តឱ្យពួកគេចែករំលែកព័ត៌មាន និងស្វែងរកដំណោះស្រាយរួមចំពោះជម្លោះ និងបញ្ហាប្រឈមនានា។

 

ផែនការយុទ្ធសាស្រ្ត និងសកម្មភាពនានា

សមាគមអាដហុក មានផែនការយុទ្ធសាស្ត្រ នៅក្នុងការដឹកនាំ គ្រប់គ្រង និងការប្រតិបត្តិប្រចាំថ្ងៃ ដើម្បីសម្រេចគោលដៅ និងបេសកកម្មរបស់អង្គការទាំងមូល។ សមាគមអាដហុក មានកម្មវិធី និងគោលបំណងជាយុទ្ធសាស្ត្រដូចខាងក្រោម៖

លើកកម្ពស់ និងការការពារសិទ្ធិជាមូលដ្ឋាន រួមមានៈ សិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ និងសិទ្ធិ សេដ្ឋកិច្ច សិទ្ធិសង្គម និងវប្បធម៌ ដែលនាំទៅរកការកើនឡើងនៅក្នុងការទទួលបានយុត្តិធម៌សម្រាប់ជនរងគ្រោះដែលរងការរំលោភបំពានសិទ្ធិមនុស្ស។

សមាគមអាដហុក មានកម្មវិធី ២ ផ្នែកសិទ្ធិមនុស្ស និងដីធ្លី និង ផ្នែក​សិទ្ធិ​ស្ត្រី និងកុមារ៖

១. ផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ

សកម្មភាពសំខាន់នៅក្នុងផ្នែកសិទិ្ធមនុស្ស ដីធ្លី និងធនធានធម្មជាតិ មានដូចខាងក្រោម៖

ការឃ្លាំមើល និង ការអន្តរាគមន៍ជួយដល់ជនរងគ្រោះ និងសាច់ញាតិ ដែលបានទទួលរងផលប៉ះពាល់ពីការរំលោភសិទិ្ធមនុស្ស ដូចជា: ការសម្លាប់ក្រៅប្រព័ន្ធច្បាប់ ការចាប់​ខ្លួន និងការឃុំឃាំងមនុស្សខុសច្បាប់ ការធ្វើទារុណកម្ម ករណីនិទណ្ឌភាព ឬការបង្ក្រាបបាតុកម្មអហិង្សា ។ ផ្នែកនេះក៏ផ្តល់ផងដែរដល់ការគាំទ្រដល់អ្នកការពារសិទ្ធិមនុស្ស តំណាងសហគមន៍ និងសកម្មជនដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ដាក់ទោសទណ្ឌ ដោយសារតែការធ្វើសកម្មភាពអហិង្សា​របស់ពួកគេ ។ ការផ្តល់​​​ជំនួយផ្នែកច្បាប់តាមរយៈការផ្តល់មេធាវី ការការពារក្តីជូនដល់ជនរងគ្រោះនៃការរំលោភបំពាន​សិទ្ធិមនុស្ស ដើម្បីធានាការជំនុំជម្រះប្រកបដោយយុត្តិធម៌នៅក្នុងតុលាការ ។ វត្តមានរបស់ជនរងគ្រោះ គឺជាការចាំបាច់មួយ ដើម្បីធានាអំពីដំណើរការប្រកបដោយយុត្តិធម៌ ។

នៅក្នុងផ្នែកដីធ្លី និងធនធានធម្មជាតិ ក៏មានសកម្មភាពឃ្លាំមើលលើករណីរំលោភសិទ្ធិដីធ្លី និង​ជំនួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការរឹបអូសដីធ្លី និងជួយឲ្យពួកគាត់ ចេះប្រើសិទ្ធិ និង​ការពារសិទ្ធិរបស់ពួកគេបាន។ ផ្នែកនេះ ក៏មានរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលានានា ដើម្បីពង្រឹងសិទ្ធិអំណាច សហគមន៍ ដោយមានការចូលរួមពី សហគមន៍ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីផ្តល់ឱកាសឲ្យពួកគាត់មានទំនាក់ទំនង ចែករំលែកព័ត៌មាន និងធ្វើកិច្ចសន្ទនា ដើម្បីស្វែងរកដំណោះស្រាយមួយប្រកបដោយលក្ខណៈស្ថាបនា និង អាចទទួលយកបានដោយពេញចិត្តរបស់សហគមន៍។

២. ផ្នែកសិទិ្ធស្រ្តី និងសិទិ្ធកុមារ

សកម្មភាពសំខាន់ៗនៅក្នុងផ្នែកសិទ្ធិ​ស្ត្រី និងកុមារ មានដូចខាងក្រោម៖

ការឃ្លាំមើលការរំលោភសិទិ្ធស្រ្តី និងកុមារ ដែលរួមមាន: អំពើហិង្សាទាក់ទងនឹងយេនឌ័រ អំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ ការជួញដូរកម្លាំងពលកម្ម និងពលករចំណាកស្រុក។ ផ្នែកនេះ ក៏មានការផ្តល់អន្តរាគមន៍ ការពិគ្រោះយោបល់ផ្នែកច្បាប់ ការផ្តល់តំណាងផ្នែកច្បាប់ ជំនួយឧបត្ថម្ភដល់ជនរងគ្រោះ ការលើកកំពស់សិទ្ធិស្ត្រី ការផ្តល់វគ្គផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសហគមន៍ និងសហការជាមួយអាជ្ញាធរ ដើម្បីលើកកម្ពស់ការពារសិទ្ធិស្ត្រីនិងកុមារ។ ផ្នែកនេះ ក៏មានការរៀបចំកិច្ចប្រជុំជាដៃគូ វេទិកា     សាធារណៈ និងកិច្ចសន្ទនា នានាជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ស្ថានទូត អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍អន្តោប្រវេសន៍នៅក្នុងប្រទេសគោលដៅ ដើម្បីពង្រឹងសិទ្ធិអំណាចស្រ្តី និងការចូលរួម​លើកឡើងពីបញ្ហាដែលជួបប្រទះ និងតម្រូវការជាក់ស្តែង ក្នុងគោលបំណងស្វែងរកដំណោះស្រាយមួយសម្រាប់ពួកគាត់។