តុលាការកំពូលបើកសវនាការលើករណីលោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញាវន្តខ្មែរ(KSILA)

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោក កើត សារ៉ាយ ជាប្រធានសមាគមនិស្សិតបញ្ញាវន្តខ្មែរ និងជាសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ត្រូវបានតុលាការកំពូលបើកសវនាការលើបណ្តឹងសាទុក្ខចំពោះសេចក្តីសម្រេចលើសាលដីកាសាលាឧទ្ធរណ៍ភ្នំពេញកាលពីថ្ងៃទី២៦ ខែមករាឆ្នាំ២០២៦ ដែលបានតម្កល់សាលក្រមសាលាដំបូងរាធានីភ្នំពេញកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ទុកជាបានការ ។
ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៣១៤ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានជំនុំជម្រះកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៤ ក្រោមបទចោទពីបទមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និងបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងបទល្មើសព្រហ្មទណ្ឌដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៨៨, មាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ នៅក្នុងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ និងពិន័យជាប្រាក់២លានរៀល។
ក្រោយតំណាងមហាអយ្យការ ធ្វើសេចក្ដីសន្និដ្ឋាន ចោទប្រកាន់លើលោក កើត សារ៉ាយ បន្ទាប់មកសហមេធាវី បានធ្វើសេចក្ដីសន្និដ្ឋានការពារពាក់ព័ន្ធនិងអង្គច្បាប់រួចរាល់ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានកំណត់ពេលដើម្បីធ្វើការប្រកាសសាលដីកាទៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៨ព្រឹក។

សូមបញ្ជាកថា៖ លោក កើត សារ៉ាយត្រូវបានមន្ត្រីនគរបាលរាជធានីភ្នំពេញចូលចាប់ខ្លួនខណៈលោកកំពុងបំពេញការងារនៅការិយាល័យរបស់លោក រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅវេលា ម៉ោង១៥.៤៥នាទី កាលពីថ្ងៃទី០៥ខែមេសា ឆ្នាំ២០២៤ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ដែលក្នុងដីកានោះបានត្រឹមបញ្ជាក់ថាពាក់ព័ន្ធករណីញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ក្រោយពេលលោក កើត សារ៉ាយ និងក្រុមការងារសមាគមបានចុះទៅជួបប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី នៅក្នុងស្រុកគូលេន ខេត្តព្រះវិហារ ដែលរងការបង្រ្កាបដោយហិង្សាពីសំណាក់អាជ្ញាធរ ខេត្តព្រះវិហារអំឡុងខែមីនា ឆ្នាំ២០២៤ រហូតឈានដល់ពលរដ្ឋរត់គេចទៅលាក់ខ្លួននៅក្នុងព្រៃនិងបានធ្វើសកម្មភាពអំពាវនាវឱ្យអាជ្ញាធរ មានការអត់ធ្មត់ ក្នុងការដោះស្រាយទំនាស់។