សាលាឧទ្ធរណ៍ភ្នំពេញបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់ក្រុមសកម្មជន២៣តុលា

សវនាការនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ ធ្វើឡើងបន្ទាប់ពីសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស រួមមាន៖ លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធ បានប្តឹងឧទ្ធរណ៍ និងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដែលផ្តន្ទាទោសលើពួកគាត់ឳ្យជាប់ពន្ធនាគារម្នាក់ៗកំណត់រយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ក្រោមបទចោទ ”ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

កាលពីនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស កញ្ញា ភឹង សោភា និង លោក សាន សិទ្ធ ត្រូវបានតុលាការសម្រេចដោះលែងឱ្យមានសេរីភាពឡើងវិញក្រោយពេលអនុវត្តទោសអស់រយៈពេល ២ឆ្នាំ ប៉ុន្តែដោយឡែក លោក ស្រ៊ុន ស្រ៊ន នៅមិនទាន់ដោះលែងនៅឡើយទេ ដោយត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២ឆ្នាំទៀត ក្នុងសំណុំរឿង«ញុះញង់» ប្រព្រឹត្តកាលពីឆ្នាំ២០២៣។ ថ្ងៃនេះផងដែរឃើញមានអ្នកមកគាំទ្រប្រមាណជិត ៣០នាក់ បន្ទាប់ពីសវនាការបានបញ្ចប់ តុលាការ បានសម្រេចនឹងប្រកាសសាលដីកានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ មុខនេះ។

គួរបញ្ជក់ថា៖ ការចាប់ខ្លួនលោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង លោក សាន សិទ្ធ ធ្វើឡើងបន្ទាប់ពីបានបង្ហោះវីដេ អំពីបញ្ហាគម្រោងអភិវឌ្ឍរួមគ្នា កិច្ចសហការរវាងកម្ពុជា ឡាវ និង វៀតណាម លើតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) កាលពីទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយអាជ្ញាធរខេត្តសៀមរាប។