នៅរសៀលថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០២៦ អតីតព្រះអង្គ ជា វុទ្ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្នដោយចោទពីបទ”ញុះញុងបង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្គាប់ឲ្យសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគាររាជធានីភ្នំពេញ(ប៉េហ្សេ)។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០២៦ ព្រះភិក្ខុព្រះនាម ជា វុទ្ធី គង់នៅវត្តធម្មនិម្មិតរាជបុប្ផារាម ហៅវត្តប៉ាឆា ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានជនស្លៀកពាក់ស៊ីវិលមួយក្រុម បានចូលទៅនាំព្រះកាយព្រះអង្គចេញពីវត្តពោធិ៍វាល ក្រុងបាត់ដំបង ដែលជាទីណាត់ជួបរបស់ប្រធានមន្ទីរធម៍ការនិងសាសនាខេត្តបាត់ដំបង និងជាសាលាគណខេត្ត ដោយរថយន្តមិនដឹងយកទៅទីណា លុះម៉ោងប្រមាណជា១០ព្រឹក ថ្ងៃដដែល រថយន្តនោះបានវិលត្រឡប់មកកន្លែងដដែលវិញ(វត្តពោធិ៍វាល) ពេលនោះព្រះតេជគុណ ជា វុទ្ធី ត្រូវបានផ្សឹកដោយមេគុណខេត្តស្តីទីព្រះនាម ហេង សុខន បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនអតីតព្រះអង្គ ជា វុទ្ធី មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ នៅព្រឹកថ្ងៃទី ២ ខែឆ្នាំដដែល អតីតព្រះអង្គ ជា វុទ្ធី ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ ។
បើតាមការបញ្ជាក់ពីព្រះអង្គ ជា វុទ្ធី មុនពេលចាប់ខ្លួន និង ការបញ្ជាក់ពីក្រុមព្រះសង្ឃដែលរៀននៅសាកលវិទ្យាល័យជាមួយគ្នា ការចាប់ខ្លួននេះអាចទំនងបណ្តាលមកពីសំណេររបស់ព្រះអង្គ ជា វុទ្ធី បានសរសេរលើបណ្តាញសង្គមពាក់ព័ន្ធរឿងបញ្ហាព្រំដែនកម្ពុជា-ថៃ តែយ៉ាងណាសំណេរនោះត្រូវបានលុបវិញកាលពីប៉ុន្មានថ្ងៃមុនពេលចាប់ខ្លួន ។
អតីតព្រះសង្ឃអង្គនេះ គឺជាសកម្មសង្ឃ ដែលកន្លងមកតែងតែឈឺឆ្អាលរឿងប្រទេសជាតិ និងចូលរួមសកម្មក្នុងកិច្ចការងារសង្គម ។ ព្រះអង្គអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ប្រសិនបើ ត្រូវបានតុលាការរកឃើញថាបានប្រព្រឹត្តបទល្មើស ។
ករណីនេះ សមាគមអាដហុក បានជួប និងទទួលការពឹងពាក់ពីញោមស្រីរបស់ព្រះតេជគុណ គឺអ្នកស្រី ចាន់ម៉ៅ រួចសមាគមបានសម្រេចផ្តល់មេធាវីដើម្បីការពារតាមនីតិវិធី ព្រមទាំងបន្តការឃ្លាំមើលដោយយកចិត្តទុកដាក់ ។


