សកម្ម​ជន​អ្នក​ការពារ​ព្រៃឈើ និង​ធន​ធាន​ធម្មជាតិ​ដ៏សកម្ម​មួយ​រូប នៅភូមិ​សាមុទ្រ​ក្រោម ឃុំសេដា ស្រុក​លំផាត់ ខេត្ត​រតន​គិរី លោក ឆន ផល្លា ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ លើក​យក​បណ្តឹង​ឧទ្ធរណ៍​របស់​លោក មក​បើក​សវនាការ​ជាសា​ធារណៈ នៅ​ព្រឹកថ្ងៃ​ទី០៩ ខែ​មិថុនា ឆ្នាំ​២០២២​នេះ

តាម​រយៈ​សំណុំ​រឿង​សភា​ព្រហ្មទណ្ឌ​លេខ​៤០៤ ចុះ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២១ បន្ទាប់​ពីរូប​លោក​ត្រូវបាន​សាលា​ដំបូង​ខេត្តរតន​គិរី ចោទ​ប្រកាន់​ពីបទ កាប់​រានព្រៃ ឈូស​ឆាយ​ដីព្រៃ ហ៊ុម​ព័ទ្ធកាន់​កាប់ដី​ព្រៃប្រព្រឹត្ត​នៅភូមិ​សាមុទ្រ​ក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ពី​កំឡុង​ឆ្នាំ​២០១៩-២០២០ តាម​មាត្រា​៩៧ ចំណុច​៦ ច្បាប់​ស្តីពីព្រៃ​ឈើ ដោយ​សម្រេច​ផ្តន្ទាទោស​កំណត់​រយៈ​ពេល ៥ឆ្នាំ យ៉ាង​អយុត្តិធម៌ ។ ដោយ​សារតែ លោក ឆន ផល្លា មិន​សុខ​ចិត្ត​ និង​សេចក្តី​សម្រេច​នេះ សកម្មជន​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​រូបនេះ បាន​ដាក់ពាក្យ​បណ្តឹង​មក​សលា​ឧទ្ធរណ៍​ខេត្តត្បូង​ឃ្មុំ តាម​រយៈមេធាវី​កាល​ពីថ្ងៃ​ទី១០ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយ​រំពឹង​ថា​សាលា​ឧទ្ធរណ៍ នឹង​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ​ជូន​រូប​លោក ខណៈដែល​រូប​លោក​កំពុង​តែជាប់​ឃុំខ្លួន​ពន្ធនា​គារខេត្ត​រតន​គិរី អស់​រយៈពេល​ជាង ៧ខែ​មកហើយ ដោយ​សារ​តែធ្វើ​សកម្ម​ភាពយ៉ាង​សកម្ម​ក្នុង​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​របស់​លោក​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​កាប់​ឈើ​លក់ និង​ឈ្មួញ​ដែលកំពុង​ប្រមូល​ទិញ​ឈើ​ផង​ដែរ គប់គិត​គ្នា​ប្តឹង​រូបលោក​ទៅ​តុលាការ​ខេត្ត​រតនគិរី ។ សវនាការ​ព្រឹក​មិញនេះ ដឹកនាំ​ដោយ លោក​ចៅ​ក្រម ម៉ុង មុនី​ចរិយា ជា​ប្រធាន​ក្រុម​ប្រឹក្សា និង​តំណាង​មហាអយ្យការ​គឺ លោក កុល បុន ចំណែក​ដើម​បណ្តឹង​រដ្ឋប្ប​វេណី និង​សាក្សី​អវត្ត​មាន​កំឡុង​ពេល​សវនាការ​នោះ​ទេ ។ កំឡុង​ពេល​សួរ​ដេញ​ដោល ទាំង​ប្រធាន​ក្រុម​ប្រឹក្សា ចៅក្រម​ប្រឹក្សា មហា​អយ្យកា និង​មេធាវី​របស់​ជនជាប់​ចោទ ធ្វើការ​ដេញដោល​ទៅចំណុច​ទីតាំង​ដីចំនួន ៣កន្លែង​ដូចៗ​គ្នា ដែល​ដើម​បណ្តឹង​រដ្ឋប្ប​វេណី និង​សាក្សី​អះអាង​ថា ជាដី​របស់​មន្តី​បរិស្ថាន ​ ដែល​ដីចំនួន ៣​កន្លែងនេះ ត្រូវ​បានម្ចាស់​ដែល​កាន់កាប់ និងអាស្រ័យ​ផល​ជាក់ស្តែង ជាដី​ចម្ការវិល​ជុំរបស់​សហគម​ជនជាតិ​ដើម​ភាគី​ទំពួន ដែលបាន​ប្រើប្រាស់ និងអាស្រ័យ​ផល​តាំងពី​ដូនតាមក​ហើយ បាន​មកអះអាង​នៅកំឡុង​ពេល​សវនាការ​នេះផង​ដែរ មិនតែ​ប៉ុណ្ណោះ​ដីនេះត្រូវ​ចុះបញ្ជី​ជាដី​សហគមន៍ថែម​ទៀតផង ដោយ​មិនបាន​រកឃើញ​ដី និង​ទីតាំង​ដីចំនួន​ជិត ៦០ហិច​តា ដូច​ការចោទ​ប្រកាន់​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី​ឡើយ។ សវនាការ​នេះត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃខែ​ឆ្នាំដដែល​ហើយ​សាល​ដីកានឹង​ត្រូវ​លើក​យកទៅ​ប្រកាស​នៅថ្ងៃទី១៦ ខែ​មិថុនា ឆ្នាំ​២០២២ ខាង​មុខនេះ ។

សូម​បញ្ជាក់​ផង​ដែរថា លោក ឆន ផល្លា ជា​សកម្មជន​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​យ៉ាង​សកម្ម ដែល​តែងតែ​ចូលរួម​ឈឺឆ្អាល​ទប់​ស្កាត់​បទល្មើស ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ ក្នុង​ខេត្ត​រតនគិរី ។ សកម្មភាព​របស់​លោក​ជាបន្តបន្ទាប់​នោះ គឺ លោក​បានចេញ​មុខដាក់​បណ្តឹង​បរិហារ៍​ចំពោះការ​មិន​ចាត់​វិធាន​ការទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ និងធនធាន​ធម្មជាតិ ខណៈ​នោះហើយ ដែល​រូបលោក បាន​ទទួល​រងគ្រោះ​ដោយ​ការគំរាម​កំហែង បង្កហិង្សា និង​បណ្តឹង​មកលើ​រូប​លោក​ជាច្រើន​ករណី រហូត​ចុងក្រោយ​នេះ លោក​ត្រូវ​បាន​ចោទប្រកាន់ និង​ចាប់​ឃុំខ្លួន​ដាក់ពន្ធនាគារ​ខេត្ត​រតនគិរី ទាំង​លោក​មិនបាន​ប្រព្រឹត្ត​ដូចការចោទ​ប្រកាន់​ទាំង​នោះ​ទៅវិញ ៕