តំណាងពលរដ្ឋរងគ្រោះដីធ្លីខេត្តព្រះវិហារម្នាក់ត្រូវបានបង្ខំឱ្យផ្តិតមេដៃបញ្ឈប់រាល់សកម្មភាពតវ៉ា

លោក ឡុំ សែ តំណាងពលរដ្ឋរងគ្រោះដីធ្លីរស់នៅភូមិទន្លាប់ ឃុំរួសរាន់ ស្រុករវៀង នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានចូលទៅកាន់ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុករវៀង តាមលិខិតកោះហៅ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ដោយលោកវរសេនីយ៍ទោ យៀង ប៊ុនយ៉េ អធិការរងស្រុករវៀង ទទួលបន្ទុកផ្នែកយុត្តិធម៌ ដោយមូលហេតុ មានការពាក់ព័ន្ធរឿងផ្ទាល់ខ្លួន។

បើតាមប្រភពប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ ក្នុងចំណោមពលរដ្ឋជាង ៣០នាក់ ដែលបានមកលើកទឹកចិត្តប្រាប់ថាកន្លងមកលោក ឡុំ សែ តែងតែសកម្មក្នុងសកម្មភាពស្វែងរកដំណោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ភូមិទន្លាប់ និងភូមិឈ្នួន ឃុំរួសរាន់ និងប្រជាពលរដ្ឋភូមិខ្វាំង ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ។ ក្រោយពេលលោក ឡុំ សែ ចេញពីអធិការដ្ឋាននគរបាលស្រុករវៀង រូបលោកបានបញ្ជាក់ថាខាងនគរបាលហៅគាត់ចូលខ្លួននេះដោយប្រាប់ថា នគរបាលផ្នែកយុត្តិធម៌បានទទួល ពាក្យបណ្តឹងពីខាងក្រុមហ៊ុនគ្លូបលហ្គ្រីន ថា លោក ឡុំ សែ ជាអ្នកនាំប្រជាពលរដ្ឋដាក់ញត្តិតវ៉ារឿងដីធ្លី និងចោទលោកថា លោកបានរៀបចំវេទិការណ៍សាធារណៈក្នុងនាមសហគមន៍ដែលមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ការណ៍នេះធ្វើឱ្យផ្ទុយនឹងច្បាប់ស្តីពី សមាគម និងអង្គការក្រៅរដ្ឋាភិបាល និងប្រកាសក្រសួងមហាផ្ទៃស្តីពី លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការបង្កើត និងចុះបញ្ជីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។ នៅពេលចូលបំភ្លឺ នគរបាលបានបង្ខំឱ្យលោក ផ្តិតមេដៃបញ្ឈប់រាល់សកម្មភាពតវ៉ា ឬដាក់ញត្តិទាមទារពាក់ព័ន្ធនឹងដីធ្លី ដែលមានទំនាស់ជាមួយក្រុមហ៊ុន គ្លូបលហ្គ្រីន ហើយបើលោកមិនបញ្ឈប់សកម្មភាពពាក់ព័ន្ធនឹងការទាមទាររកដំណោះស្រាយដីធ្លីទេ ភាគីក្រុមហ៊ុននឹងប្តឹងលោកទៅតុលាការខេត្តព្រះវិហារ៕