នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ សាលាឧទ្ធរណ៍ត្បូងឃ្មុំបានប្រកាសសាលដីកា លើបណ្តឹងឧទ្ធរណ៍របស់លោក ឆន ផល្លា សកម្មជនការពារព្រៃឈើ និងដីធ្លី ដែលបានប្តឹងសាក្សីចំនួន០៧នាក់ ពីបទផ្តល់សក្ខីកម្មក្លែងក្លាយ ទៅឱ្យសាលាដំបូងខេត្តរតនៈគីរី កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៧ តាមមាត្រា៥៤៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដោយប្តឹងចោទថា សាក្សីទាំងនោះបានផ្តល់ចម្លើយដាក់បន្ទុកមកលើខ្លួន ខុសពីការពិតធ្វើឱ្យតុលាការជឿជាក់ និងភាន់ច្រឡំ និងបានសម្រេចផ្ទន្ទាទោសរូបលោកឱ្យជាប់ពន្ធនាគាររយៈពេល០៦ឆ្នាំ ពីបទ “ផ្តើមគំនិតកាប់គាស់ រុករានដីព្រៃ ឆ្ការ និងឈូសឆាយដីព្រៃយកដើម្បីធ្វើជាកម្មសិទ្ធិ”។ ថ្ងៃនេះផងដែរជាលទ្ធផលសាលាឧទ្ធរណ៍ត្បូងឃ្មុំបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តរតនគិរី ចាត់ទុកជាបានការដដែល ដោយផ្តល់សិទ្ធិប្តឹងសារទុកនិង កំបាំងមុខជាប់ចោទ។
សូមបញ្ជាក់ផងដែរថាលោក ឆន ផល្លា ជាសកម្មជនការពារព្រៃឈើ និងដីធ្លីសកម្មម្នាក់នៅខេត្តរតនគិរីដែលបានចូលរួមចំណែកធ្វើសកម្មភាពការពារព្រៃឈើ ដីសហគមន៍ជនជាតិដើមភាគតិច ទ្រព្យសម្បត្តិសាធារណៈ និងធនធានធម្មជាតិ ជាច្រើនករណីកន្លងមក។ ជាពិសេសលោក ឆន ផល្លារ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះ អប់រំ និងការពារសិទ្ធិមនុស្ស និងសិទ្ធិសហគមន៍យ៉ាងសកម្ម។
