សហគមន៍ចំនួន៣ ក្នុងរាជធានីភ្នំពេញឡើងមកតាមដាននិងតវ៉ា សុំប័ណ្ណកម្មសិទ្ធិ..

ពលរដ្ឋប្រមាណជាង៣០នាក់តំណាងឱ្យ ២៥២គ្រួសារ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានមកជួបជុំគ្នានៅខាងមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណង តវ៉ា និងដាក់លិខិតស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិប្លង់រឹង និងចុះបញ្ជីដីកម្មសិទ្ធិស្របតាមនីតិវិធីច្បាប់។ ពលរដ្ឋទាំងនោះមកពីសហគមចំនួន៣ ដែលរស់នៅក្នុងរាជធានីភ្នំពេញ រួមមាន៖ ១. សហគមន៍ព្រែកតាគង់៦០ម៉ែត ស្ថិតក្នុងភូមិព្រែកតាគង់ ក្រុមទី០៨ សង្កាត់ចាក់អង្រែល ខណ្ឌមានជ័យ ២. សហគមន៍ពង្រសែនជ័យ ក្នុងក្រុមទី៦ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និង ៣. សហគមន៍ពលរដ្ឋចំណុចអាងស្តុកទឹកបឹងត្របែកក្រៅគម្រោងរៀបចំផ្ទៃបឹង ស្ថិតនៅភូមិ១, ភូមិ៣ និងភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

នៅខាងមុខក្រសួង តំណាងក្រសួងម្នាក់បានចេញមកទទួលលិខិតរបស់ពលរដ្ឋ ដោយប្រាប់ពលរដ្ឋថានឹងយកលិខិតនេះទៅពិនិត្យសម្រាប់ការដោះស្រាយ។ ប៉ុន្តែលទ្ធផលបែបណានោះតំណាងសហគមន៍នៅមិនទាន់ដឹងនៅឡើយទេ។