ទិវាគ្រូបង្រៀនពិភពលោក២០២៦

ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ក្រុមគ្រូបង្រៀន សហព័ន្ធសហជីពធ្វើការលើសិទ្ធិការងារ គណបក្សនយោបាយ និងក្រុមអ្នករត់ម៉ូតូកង់បីប្រមាណជា ១០០នាក់ បានប្រារព្ធទិវាគ្រូបង្រៀនពិភពលោកស្ថិតនៅទីស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពគ្រូបង្រៀន ដើម្បីពង្រឹងគុណភាពអប់រំឱ្យទទួលបានគុណភាពល្អ។ ក្នុងឱកាសទិវាគ្រូបង្រៀនពិភពលោកនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានស្នើសុំទៅរដ្ឋសភាជាតិ រាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជន និងកីឡា ដើម្បីពិនិត្យ និងដោះស្រាយមានដូចខាងក្រោម៖

១. ដំឡើងប្រាក់បៀវត្សមូលដ្ឋានអប្បបរមាសម្រាប់គ្រូបង្រៀនក្នុងមួយខែៗ ឱ្យបានស្មើ១/៤(មួយភាគបួន) នៃប្រាក់ខែតំណាងរាស្ត្រ

២. ផ្តល់ប្រាក់សោធននិវត្តន៍ដល់គ្រូបង្រៀនចូលនិវត្តន៍គឺត្រូវគិតប្រាក់ខែគោលនិងបូកប្រាក់បំណាច់មុខងារ រួមជាមួយប្រាក់បន្ទាប់បន្សំ

៣. បញ្ចុះតម្លៃប្រេងឥន្ធនៈមកត្រឹមតម្លៃ៤០០០រៀលក្នុងមួយលីត្រ និងបញ្ចុះតម្លៃទំនិញលើទីផ្សារមកត្រឹមតម្លៃមួយសមរម្យ

៤. លុបបំបាត់អំពើពុករលួយក្នុងវិស័យអប់រំ

៥. បញ្ឈប់ការរើសអើងជាមួយសមាគម និងផ្តល់សិទ្ធិសេរីភាពឱ្យគ្រូបង្រៀនបង្កើតសហជីព

៦. សូមពន្យារពេលឱ្យពលរដ្ឋក្នុងការសងប្រាក់ធនាគាររយៈពេល២ឆ្នាំ

៧. សូមផ្ដល់សិទ្ធិសេរីភាពជូនលោកគ្រូ រ៉ុង ឈុន និងដោះលែង អ្នកនយោបាយ កញ្ញា សេង ច័ន្ទធារី រួមទាំងអ្នកជាប់ឃុំមនសិការ ទាំងអស់ឱ្យមានសេរីភាពឡើងវិញ និង

៨. សូមរាជរដ្ឋាភិបាលកម្ពុជាលើកយកបញ្ហាសៀមឈ្លានពានដែនអធិបតេយ្យកម្ពុជា ប្ដឹងទៅតុលាការអន្តរជាតិ និងសុំកិច្ចអន្តរាគមន៍ពីសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីដំណោះស្រាយរួមនៅកម្ពុជា។

ថ្ងៃនេះផងដែរ ក្រោយពេលថ្លែសាររួចអ្នកស្រី អ៊ុក ឆាយវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានបញ្ជាក់ថាប្រសិនបើមិនមានអ្នកមកទទួលញត្តិទេ ពួកគាត់នឹងដើរយកញត្តិទៅរដ្ឋសភា។ ក្រោយពីពុំឃើញអ្នកមកទទួលញត្តិពួកគាត់បានសម្រេចចិត្តដើរតែម្តង ប៉ុន្តែដើរបានប្រមាណ៥០០ម៉ែត ក៏ត្រូវបានអាជ្ញាធររាំងមិនឳ្យដើរទៅទៀត និងឳ្យគាត់ត្រលប់មកទីស្នាក់ការសមាគមវិញ។ នៅម៉ោងប្រមាណ១០នឹង១៦នាទី លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានមកទទួលញត្តិ និងប្រាប់ថាគាត់នឹងយកឯកសារនេះទៅមន្ទីរដ្ឋសភា ប៉ុន្តែការសម្រេចយ៉ាងណានោះគាត់មិនទាន់ដឹងឡើយ។