ក្រុមយុវជនស្រលាញ់បរិស្ថានជាង ២០នាក់ ដាក់ញត្តិស្នើសុំក្រសួងយុត្តិធម៌បន្តជំរុញឲ្យស្ថាប័នអយ្យការធ្វើការស៊ើបអង្កេតដោយឯករាជ្យក្នុងករណីឃាតកម្មលើលោក ឈុត វុទ្ធី

ការដាក់ញត្តិនេះ​ធ្វើឡើង​នៅ​ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលជា​ថ្ងៃខួប ១១ឆ្នាំ នៃការបាញ់​សម្លាប់លោក ឈុត វុទ្ធី ដោយមាន​យុវជន​ប្រមាណជាង ២០នាក់ បានដង្ហែញត្តិ​ចេញពីសួនវត្ត​បទុមវត្តី ឆ្ពោះទៅ ក្រសួងយុត្តិធម៌ ក្នុងគោលបំណង ស្នើសុំ​ក្រសួង​យុត្តិធម៌​បន្ត​ជំរុញ​ឲ្យស្ថាប័ន​អយ្យការ​ធ្វើការស៊ើបអង្កេត​ដោយឯករាជ្យ​ក្នុងករណី​ឃាតកម្មលើ​លោក ឈុត វុទ្ធី ដើម្បីឈាន​ទៅរកការ​កំណត់​អ្នកផ្តើមគំនិត និងអ្នក​ពាក់ព័ន្​មក​ទទួល​ខុសត្រូ​វតាមផ្លូវច្បាប់។ ​ក្រសួងយុត្តិធម៌បានអនុញ្ញាតឲ្យ តំណាងយុវជន ២រូប គឺ លោក កើត សារ៉ាយ និង កញ្ញា ធួន ស្រីពៅ បានចូលយកញត្តិទៅដាក់។ ជាការឆ្លើយតបខាងក្រសួងបានទទួល និងសន្យាឆ្លើយតបនៅពេលក្រោយ។

គួរបញ្ជាក់ថា លោក ឈុត វុទ្ធី ជាអតីតប្រធានអង្គការការពារធនធានធម្មជាតិ និងជាសកម្មជនការពារព្រៃឈើដ៏ឆ្នើម ១រូប ដែលធ្វើការងារបណ្តុះបណ្តាល អប់រំ និងពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋានឲ្យយល់ដឹង ព្រមទាំងអនុវត្តសិទ្ធិ និងករណីកិច្ចក្នុងការចូលរួមការពារធនធានធម្មជាតិ។ លោក ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ខណៈពេលដែលរូបលោក និងអ្នកសារព័ត៌មាន ២រូបទៀត កំពុងបំពេញបេសកកម្មចុះទៅយកព័ត៌មាននៅជិតតំបន់ព្រៃការពារខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ កន្លងទៅ៕