របាយការណ៍ឆ្នាំ២០២៥
ស្ថានភាពសិទ្ធិដីធ្លី៖ ឆ្លុះបញ្ចាំងនិយ័តកម្មច្បាប់ និងប្រសិទ្ធិភាពអនុវត្ត
ជុំវិញ ស្ថានភាពវិវាទដីធ្លី រវាងបុគ្គលមានទ្រព្យ មានអំណាច
និងប្រជាសហគមន៍នៅកម្ពុជា
របាយការណ៍ថ្មីស្តីពីស្ថានភាពសិទ្ធិដីធ្លីនៅកម្ពុជា បង្ហាញថា វិវាទដីធ្លីនៅតែបន្តមានលក្ខណៈធ្ងន់ធ្ងរ ស្មុគស្មាញ និងពាក់ព័ន្ធជ្រាលជ្រៅទៅនឹងបញ្ហាអំណាច សេដ្ឋកិច្ច និងសិទ្ធិមនុស្ស ទោះបីជាប្រទេសមានក្របខណ្ឌច្បាប់គ្រប់គ្រងដីធ្លីយ៉ាងច្បាស់លាស់ក៏ដោយ។
តាមទិន្នន័យឆ្នាំ២០២៥ មានករណីវិវាទដីធ្លីថ្មីចំនួន ៤៥ ករណី ប៉ះពាល់ដល់ប្រជាពលរដ្ឋ ៥,៥២០ គ្រួសារ (ស្មើ ១៤,៧៩៨ នាក់) រួមទាំងជនជាតិដើមភាគតិច ៧,៣៥១ នាក់ និងផ្ទៃដីប្រមាណ ១១៥,៤១៣ ហិកតា។ ក្នុងចំណោមករណីទាំងនេះ ៤២% ពាក់ព័ន្ធនឹងបុគ្គលមានអំណាច និង ២០% ពាក់ព័ន្ធនឹងអ្នកមានទ្រព្យ ឬក្រុមហ៊ុន។ លើសពីនេះ មាន ២១ ករណីដែលមានការគំរាមកំហែង និងការប្រើបណ្តឹងព្រហ្មទណ្ឌលើតំណាងសហគមន៍។
របាយការណ៍បានបញ្ជាក់ថា មានគម្លាតយ៉ាងច្បាស់រវាងនិយ័តកម្មច្បាប់ និងការអនុវត្តជាក់ស្តែង។ បញ្ហាចម្បងរួមមាន ការអនុវត្តច្បាប់មិនស្មើភាព ខ្វះតម្លាភាព អំពើពុករលួយ និងឥទ្ធិពលរបស់អ្នកមានអំណាច និងអ្នកមានទ្រព្យ។ សកម្មភាពរំលោភដែលត្រូវបានកត់ត្រា រួមមាន ការដកហូតដីដោយគ្មានសំណងសមរម្យ ការប្រើកម្លាំង និងអាវុធគំរាមកំហែង ការបំផ្លាញទ្រព្យសម្បត្តិ និងការប្រើប្រព័ន្ធតុលាការដើម្បីដាក់សម្ពាធលើប្រជាសហគមន៍។
ផលប៉ះពាល់ពីវិវាទដីធ្លីមានលក្ខណៈធ្ងន់ធ្ងរ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងផ្លូវចិត្ត។ ប្រជាពលរដ្ឋជាច្រើនបានបាត់បង់ដីធ្លី និងប្រភពចំណូល បណ្តាលឲ្យកើនឡើងនៃភាពក្រីក្រ បែកបាក់គ្រួសារ និងចំណាកស្រុក។ ជាពិសេស ជនជាតិដើមភាគតិចប្រឈមនឹងការបាត់បង់ដីវប្បធម៌ និងអត្តសញ្ញាណ ដោយមិនគោរពគោលការណ៍ “ការយល់ព្រមជាមុនដោយសេរី និងមានព័ត៌មានពេញលេញ (FPIC)”។
របាយការណ៍នេះសន្និដ្ឋានថា វិវាទដីធ្លីនៅកម្ពុជា មិនមែនជាបញ្ហាបច្ចេកទេសធម្មតាទេ ប៉ុន្តែជាបញ្ហាដែលពាក់ព័ន្ធជាមួយអភិបាលកិច្ច និងសិទ្ធិមនុស្ស។ ប្រសិនបើមិនមានវិធានការកែលម្អប្រកបដោយប្រសិទ្ធិភាព នឹងបន្តប៉ះពាល់ដល់ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍រយៈពេលវែង។
ដើម្បីដោះស្រាយបញ្ហានេះ របាយការណ៍ផ្តល់អនុសាសន៍សំខាន់ៗរួមមាន ការពង្រឹងការអនុវត្តច្បាប់ឲ្យមានតម្លាភាព និងស្មើភាព ការធានាឯករាជ្យភាពតុលាការ ការការពារសិទ្ធិសហគមន៍ និងជនជាតិដើមភាគតិច ការអនុវត្តគោលការណ៍ FPIC និងការទប់ស្កាត់អំពើពុករលួយ និងការប្រើអំណាចខុសច្បាប់។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ឈ្មោះ យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី
ទូរសព្ទលេខៈ ០៨៦ ៤០៨ ៦៦៦











