ក្រុម​ស្ត្រីថ្ងៃសុក្រ បាន​កោរសក់ នៅមុខ​ស្ថានទូត សហភាព​អ៊ឺរ៉ុប និង​ស្ថានទូត​អាមេរិក ដើម្បី​ថ្លែងពីទុក្ខ​លំបាកទៅខាងស្ថាន​ទូតឲ្យបាន​ដឹង និង ស្វែងរក​ការអន្តាគមន៍​ដោះលែង​គ្រួសារ​ពួកគាត់

ការ​ធ្វើពិធី​កោរសក់ នៅព្រឹក​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នេះ ក្រោយ​ពេលខាង​ពន្ធនាគារ បាន​បញ្ជូន ប្តីរបស់​ពួកគាត់​ពីភ្នំពេញ ទៅពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្តត្បូង​ឃ្មុំ ជិតព្រំប្រទល់​ប្រទេស​វៀតណាម ។ បើតាមការ​បញ្ជាក់ពី​ពួកគាត់​ក្រុមស្តី្រ​ថ្ងៃសុក្រ ធ្វើពិធី​កោរសក់​ថ្លែងពីទុក្ខលំបាក​នេះ ធ្វើឡើងក្នុង​គោលបំណង បន់ស្រន់​សូមឱ្យមាន​យុត្តិធម៌ ចំពោះ​ប្តីរបស់​គាត់ និង​សុំឱ្យប្រទេស​កម្ពុជាមានការ​គោរពសិទ្ធិមនុស្ស ដោយ​ពួកគាត់មិនមាន​ជំនឿទៅ​លើប្រព័ន្ធតុលាការ​នោះឡើយ និង​ថ្លែងពីទុក្ខ​លំបាក​ក្រុមគ្រួសារ​របស់ពួក​គាត់ ស្នើសុំឱ្យស្ថាន​ទូតទាំងពីរ ជួយអន្តរាគមន៍​ទៅរាជរដ្ឋាភិបាល ជួយ​ដោះលែង​ប្តីពួកគាត់​ឱ្យមាន​សេរីភាព​ឡើងវិញ ។ តំណាង​ស្ថានទូត​ទាំងពីរ​នេះ បានសម្តែង​ពីការសោក​ស្តាយយ៉ាង​ខ្លាំង ដោយសារ​មិនមាន​ការដោះលែង ថែមទាំង​បញ្ចូនពួក​គាត់ឱ្យឃ្លាតឆ្ងាយ​ពីគ្រួសារ ហើយតំណាង​ស្ថានទូត​ទាំងពីរ​បន្តតាមដាន និងលើក​យកបញ្ហា​ខាងលើនេះមក​ជជែកពេល​មានជំនួប​ជាមួយ​រដ្ឋាភិបាល ។ សមាគម​អាដហុក​សង្កេតឃើញ​ថា មាន​ក្រុមអាជ្ញាធរ ស្លៀកពាក់​ឯកសណ្ឋាន និងខ្លះ​ស្លៀកពាក់​ស៊ីវិល ប្រមាណជាង ២០នាក់​តាមឃ្លាំមើល​សកម្មភាព​របស់ពួក​គាត់ ហើយធ្វើការ​ហាមឃាត់ រារាំង​មិនអនុញ្ញាត​ឱ្យ ក្រុមស្រ្តី​ដើរទៅស្ថានទូត​អាមេរិក ហើយតម្រូវ​ឱ្យពួកគាត់ជិះ​កង់បីវិញ៕ គួរបញ្ជាក់​ផងដែរថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ អគ្គនាយក​ដ្ឋានពន្ធនាគារ បានផ្ទេរ​សកម្មជនគណបក្ស​សង្គ្រោះជាតិ​ចំនួន ១៤នាក់ ពីភ្នំពេញ ទៅពន្ធនាគារ​ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។ គ្រួសារ​សកម្មជន​គណបក្សសង្គ្រោះជាតិ​ទាំងនេះ​យល់ថា ការបញ្ជូន​គ្រួសាររបស់​ពួកគាត់ទៅពន្ធនាគារ​ត្រពាំងផ្លុងនេះ ជា ចេតនា​អាក្រក់​របស់រដ្ឋាភិបាល​ធ្វើទុក្ខបុកម្នេញ​បន្ថែមទៀត​មកលើស​កម្មជននយោបាយ ៕