តុលាការកំពូលលើកពេលប្រកាសសាលដីកាលើសកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិ ខេត្តរតគិរី

លោក ឆន ផល្លា សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិ ដែលតែងតែចូលរួមឈឺឆ្អាលទប់ស្កាត់បទល្មើស ការពារព្រៃឈើ និងធនធានធម្មជាតិយ៉ាងសកម្ម ក្នុងខេត្តរតនគិរី ត្រូវបានតុលាការកំពូលបើកសវនាការនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រោមបទចោទ “បរិហារកេរ្តិ៍ជាសាធារណៈ  ប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍”។ ការបើកសវនាការនេះធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំបានរក្សាការសម្រចរបស់សាលាដំបូងខេត្តរតនគិរី ទុកជាបានការដដែល កាលពីថ្ងៃទី២៨ ខែឧសភា ២០២៤ ដោយបានសម្រេចឱ្យរូបលោក ជាប់ពន្ធនាគាររយៈពេល ០១ ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល។

ក្រោយពីការសួរដេញដោលពាក់ព័ន្ធនឹងអង្គច្បាប់ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសលើកពេលប្រកាសសាលដីកា ទៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៨ព្រឹក វិញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ លោក ផន ផល្លា ត្រូវបានមនុស្សមួយក្រុមមានគ្នា ១៦នាក់ បានប្រើប្រាស់ហិង្សាមកលើរូបលោក ក្រោយពេលលោកបានរាយការណ៍អំពីសកម្មភាពការកាប់ទន្ទ្រានយកដី និងការកាប់ឈើខុសច្បាប់ដើម្បីយកធ្វើជាកម្មសិទ្ធិ និងដើម្បីលក់បន្ត នៅក្នុងវេទិកាសាធារណៈមួយដែលមានការចូលរួមពីអភិបាលស្រុកលំផាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងប្រជាជនជាច្រើននាក់ ស្ថិតនៅក្នុងទីធ្លាសាសាឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ក្រោយកើតហេតុ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោកបានប្តឹងជនល្មើសទាំង១៦នាក់ខាងលើទៅសាលាដំបូងខេត្តរតនគិរី ពីបទ “ប្រើហិង្សាដោយចេតនាដែលមានស្ថានទម្ងន់ទោស និងមនុស្សឃាតដោយចេត្តនា សម្លុតឱ្យដកពាក្យបណ្តឹង និងបទគំរាមថានឹងសម្លាប់”។ ដោយឡែក សម្រាប់ លោក ឆន ផល្លា វិញក៏ត្រូវជំទប់ និងក្រុមប្រឹក្សាឃុំនៃឃុំសេដា រួមមាន លោក សូប បាច៉ែក លោកស្រី សាវ៉ាត សាវឿន លោក ផាត់ ឃូ និងលោក ភួន សុវណ្ណ បានប្តឹងពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ផងដែរ។

ក្រោយការសាកសួរ នៅទីបំផុតសំណុំរឿងទាំងពីរត្រូវបានព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរតនគិរី លោក រ៉ា ប៉ូរ៉ាន់ឌី បញ្ចូលជាសំណុំរឿងតែមួយ ហើយដាក់លោក ឆន ផល្លា ឱ្យក្លាយជាជនជាប់ចោទក្រោមបទចោទខាងលើ និងបានចេញដីកាសម្រេចឱ្យដាក់លោក ឆន ផល្លា ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ក្នុងនោះដែរកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សាលាដំបូងខេត្តរតនគិរី បានលើកសំណុំរឿងខាងលើមកជំនុំជម្រះ ដោយបានសម្រេចឱ្យលោក ឆន ផល្លា ជាប់ពន្ធនាគារ១ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល៕