ក្រុមអង្គការ​សង្គមស៊ីវិល ចំនួន២៨​ស្ថាប័ន ចូលរួមប្រារព្ធ​ទិវាសិទ្ធិមនុស្ស​អន្តជាតិ ១០ធ្នូ ក្នុងនោះមានការ​ចូលរួមពីព្រះសង្ឃ យុវជន រួមទាំងថ្នាក់ដឹកនាំ និងតំណាង​អង្គការសង្គម​ស៊ីវិល ប្រមាណជាង១០០​អង្គ និងនាក់ បានរៀបចំជួបជុំគ្នាបួង​សួងខាងមុខប្រាសាទអង្គរវត្ត កាលពីថ្ងៃទី៥​ ដោយមិនមានការរារាំងពីអាជ្ញាធរឡើយ។ ដោយឡែកកាល​ពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣​នេះដែរ ព្រះសង្ឃ យុវជន ថ្នាក់ដឹកនាំ និងតំណាង​អង្គការសង្គម​ស៊ីវិល ប្រមាណ​ជាង២០អង្គនាក់ បានធ្វើធម្មយាត្រា​ចេញពីសួនច្បារជិតទីគោរពសក្ការៈ ព្រះអង្គចេក​ព្រះអង្គចម ស្ថិតក្នុងខេត្តសៀមរាប ដោយថ្មើរជើងជាជួរ​ឆ្ពោះទៅរាជធានីភ្នំពេញ ប៉ុន្តែការ​ធ្វើដំណើរ​ដល់ចំណុចមុខ​សណ្ឋាគារអង្គរអេវីរ៉ា ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក៏ត្រូវបានសមត្ថកិច្ចឃាត់សួរនាំ រកឯកសារ ។ បន្ទាប់ពីសមត្ថកិច្ចឃាត់​សាកសួរ និងពិភាក្សា​គ្នារកដំណោះមិនបានសម្រេច គណកម្មការសម្របសម្រួល​ធម្មយាត្រា សម្រេចឲ្យអ្នកចូលរួមធម្មយាត្រាឡើងរថយន្ត ដោយមិនបន្តធម្មយាត្រាបន្តទៀតឡើយ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នា ។ ធម្មយាត្រានេះ ធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយមេត្តាធម៌ និងសារសំខាន់ពីទិវាសិទ្ធិមនុស្សឆ្នាំនេះ ទៅកាន់សាធារណៈជននៅតាមដងផ្លូវទីប្រជុំជន ដោយធ្វើដំណើរថ្មើរជើងផង តាមរថយយន្តផង ដើម្បីឲ្យទាន់ពេលវេលាប្រារព្ធពិធីនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ហែរចូលទីលានប្រជាធិបតេយ្យ ចូលរួមអបអរសាទរខួបលើកទី៧៥ នៃទិវាសិទ្ធិមនុស្សអន្តជាតិ១០ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ធានាសេចក្តីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌ដល់ពលរដ្ឋគ្រប់រូប” ដែលមានគ្រោងអ្នកចូលរួមចំនួនប្រមាណជា៣០០០អង្គនាក់ ៕