ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ — ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាង១០ស្ថាប័ន នឹងរៀបចំសន្និសីទជាតិរយៈពេលពេញមួយថ្ងៃ ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៦ (ថ្ងៃទី៣ ឧសភា) ដែល មានអ្នកចូលរួមប្រមាណ ១៥០នាក់ រួមមាន អ្នកសារព័ត៌មាន អ្នកបម្រើការក្នុងវិស័យសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នកសារព័ត៌មាន ពលរដ្ឋ តួអង្គសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អ្នកតស៊ូមតិសម្រាប់សិទ្ធិរបស់ប្រព័ន្ធផ្សព្វផ្សាយ យុវជន ស្ថានទូតបរទេសប្រចាំកម្ពុជា និង ស្ថាប័នរដ្ឋាភិបាល។
សន្និសីទនេះនឹងប្រារព្វឡើងក្រោមប្រធានបទ «ការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយសេរី និងមានទំនួលខុសត្រូវដើម្បីសន្តិ ភាព និងការអភិវឌ្ឍ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ។ សន្និសីទ នេះមានគោលបំណងបញ្ជាក់ជាថ្មីនូវគោលការណ៍ជាមូលដ្ឋាននៃសេរីភាពក្នុងការបញ្ចេញមតិ និងដើម្បីទទួលស្គាល់តួនាទីដ៏សំខាន់ នៃប្រព័ន្ធផ្សព្វផ្សាយសេរី ឯករាជ្យ និងចម្រុះ ក្នុងការជំរុញសិទ្ធិមនុស្ស លើកកម្ពស់អភិបាលកិច្ចល្អ និងគាំទ្រដល់ការអភិវឌ្ឍប្រកប ដោយចីរភាព និងសន្តិភាព។

