ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី (VOD)

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី (VOD) ពាក់ព័ន្ធនឹងជុំវិញ ការផ្សាយព័ត៌មាន កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ និងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់កំហិតឱ្យសារព័ត៌មានសំឡេងប្រជាធិបតេយ្យត្រូវតែសុំទោសរដ្ឋាភិបាល និងកូនប្រុសច្បងរបស់លោកមកត្រឹម២៤ម៉ោងវិញ ជុំវិញការផ្សាយព័ត៌មានថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រទេសតួកគី (Turkey) ។
ក្រោយពីមានការដាក់កំហិតពីសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាយិកាស្តីទី CCIM អ្នកស្រី ឆន សុគន្ធា បានចេញលិខិតសូមទោសជាសារធារណៈផ្ញើជូនសម្តេចនាយករដ្ឋមន្ត្រីការពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ចំពោះការផ្សាយអត្ថបទ ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោក ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាល ។

ថ្ងៃនេះផងដែរ #សមាគមអាដហុក សង្កេតឃើញថា មានវត្តមាន សមាគម អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន ចូលរួមឃ្លាំមើលនៅទីនោះផងដែរ និងក្រុមស្ត្រីថ្ងៃសុក្រ ក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ក្រុមយុវជនធ្វើការងារសង្គម បានកាន់បដាស្រែកទាមទារ ថា “យើងត្រូវការវីអូឌី” នៅខាងមុខ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងក្រៅពីនោះមានវត្តមានក្រុមអាជ្ញាធរជាច្រើននាក់ផងដែរ ៕