ពលរដ្ឋប្រមាណ ២០០នាក់ នៅទំនប់៩៤ ធ្វើសន្និសីទការសែតអំពីស្ថានភាពប្រឈមទៅនឹងគម្រោងព្រលានយន្តហោះថ្មី និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយរំដោះទឹក របស់សាលាខេត្តកណ្តាល

ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៩និង៣០នាទី ពលរដ្ឋដែលរស់នៅតំបន់ទំនប់៩៤ ដែលមានទីតាំង ក្នុងភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និង ភូមិ អាចម៌កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ភាគខាងត្បូង រាជធានីភ្នំពេញ ។ ដែលជាទីតាំងដីអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ក្នុងនោះមានប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន ៤៧៣គ្រួសារ និងមានផ្ទៃដីប្រហែល ២៦០០ហិកតា នេះបើតាម សេចក្តីថ្លែងការណ៍របស់ពលរដ្ឋដែលរស់ទីនោះ ។ ពួកគាត់ស្នើសុំអភិវឌ្ឍន៍នៅកន្លែងព្រោះនៅទីនេះពួកគាត់មានមុខរបរប្រចាំថ្ងៃ អាចរស់បាន ដូច្នេះហើយបានជាគាត់ មិនព្រមចាកចេញ ។

ការធ្វើសន្និសីទព្រឹកនេះ ក្នុងគោលបំណងសំខាន់ៗ ៣ចំណុច ដូចខាងក្រោម ៖
១. គោរពផ្តល់ព័ត៌មានសង្ខេបពីស្ថានភាពរបស់ប្រជាពលរដ្ឋជូន សម្តេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំ ខេត្តកណ្តាល ដើម្បីជ្រាបជាព័ត៌មានពីប្រជាពលរដ្ឋនៅទំបន់៩៤ មិនមែនរស់នៅអនាធិបតេយ្យ និងខុសច្បាប់ដូចឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បាននិយាយក្នុងសារព័ត៌មានសម្លេងសហរដ្ឋអាមេរិក (VOA) កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នោះទេ ។
២. បញ្ឈប់ការបំភិតបំភ័យប្រជាពលរដ្ឋតាមគ្រប់រូបភាព ជាពិសេសក្រុមសន្តិសុខរបស់ក្រុមហ៊ុនព្រលានយន្តហោះថ្មី ។
៣. ផ្តល់ការអភិវឌ្ឍនៅនឹងកន្លែងដល់ប្រជាពលរដ្ឋរស់នៅទំនប់៩៤ និងផ្តល់កម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋ ។


សន្និសីទសារព័ត៌មានបានបញ្ចប់ នៅម៉ោង ១០និង៣០នាទី មានការចូលរួមពីពលរដ្ឋប្រមាណជាង២០០នាក់ និងមានការឃ្លាំមើលពីអាជ្ញាធរ ប្រហែល៥០នាក់រួមទាំងប្រជាការពារផងដែរ ៕