នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ សាលាឧទ្ធរណ៍ត្បូងឃ្មុំបានបើកសវនាការជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍របស់លោក ឆន ផល្លា សកម្មជនការពារព្រៃឈើ និងដីធ្លី ដែលបានប្តឹងសាក្សីចំនួន០៧នាក់ ពីបទផ្តល់សក្ខីកម្មក្លែងក្លាយ តាមមាត្រា៥៤៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ទៅឱ្យសាលាដំបូងខេត្តរតនៈគីរី ដែលកាលពីអំឡុងខែកក្កដា ឆ្នាំ២០១៧ ដោយប្តឹងចោទថា សាក្សីទាំងនោះបានផ្តល់ចម្លើយដាក់បន្ទុកមកលើខ្លួន ខុសពីការពិតធ្វើឱ្យតុលាការជឿជាក់ និងភាន់ច្រឡំ និងបានសម្រេចផ្ទន្ទាទោសរូបលោកឱ្យជាប់ពន្ធនាគាររយៈពេល០៦ឆ្នាំ ពីបទ “ផ្តើមគំនិតកាប់គាស់ រុករានដីព្រៃ ឆ្ការ និងឈូសឆាយដីព្រៃយកដើម្បីធ្វើជាកម្មសិទ្ធិ”។
ទោះជាយ៉ាងណាក៏ដោយ លោក ឆន ផល្លា ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីបានជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេល១ឆ្នាំ ២ខែ និង៦ថ្ងៃ តាមអំណាចសាលដីកាសាលាឧទ្ធរណ៍ត្បូងឃ្មុំ។ សូមរំឭកជូនថា កាលពីខែមិថុនា ឆ្នាំ២០២៥ សាលាដំបូងខេត្តរតនគិរីបានសម្រេចលើកលែងបទចោទ លើសាក្សីទាំង០៧រូប ដោយគ្មានមូលហេតុ។
នៅក្នុងសវនាការថ្ងៃនេះមានតែវត្តមានលោក ឆន ផល្លា ដែលជាដើមបណ្តឹងតែម្នាក់ប៉ុណ្ណោះ ដោយមិនមានវត្តមានសហជនត្រូវចោទទាំង០៧រូបចូលរួមនោះឡើយ។ យោងតាមការសម្រេចរបស់ប្រធានក្រុមប្រឹក្សានៃអង្គចៅក្រម សាលាឧទ្ធរណ៍ត្បូងឃ្មុំនឹងប្រកាសសាលដីកាលើសំណុំរឿងនេះនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥។
សូមបញ្ជាក់ផងដែរថាលោក ឆន ផល្លា ជាសកម្មជនការពារព្រៃឈើ និងដីធ្លីសកម្មម្នាក់នៅខេត្តរតនគិរីដែលបានចូលរួមចំណែកធ្វើសកម្មភាពការពារព្រៃឈើ ដីសហគមន៍ជនជាតិដើមភាគតិច ទ្រព្យសម្បត្តិសាធារណៈ និងធនធានធម្មជាតិ ជាច្រើនករណីកន្លងមក។ ជាពិសេសលោក ឆន ផល្លារ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះ អប់រំ និងការពារសិទ្ធិមនុស្ស និងសិទ្ធិសហគមន៍យ៉ាងសកម្ម។

