សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល ប្រារព្ធពិធីទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧៣ ឆ្នាំ២០២១

តំណាង​អង្គការសង្គម​ស៊ីវិល សហជីព ចំនួន ៤រូប បានជួប​ប្រជុំជាមួយ​តំណាង​ឯកឧត្តម​អភិបាល នៃគណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម​អភិបាលរង​ពីររូប មាន​ឯកឧត្តម កើត ឆែ និង​ឯកឧត្តម មាន ចាន់យ៉ាដា ពិភាក្សា​លើសំណើរ​របស់តំណាង​អង្គការ​សង្គមស៊ីវិល ក្នុងរៀបចំ​ប្រារព្ធ​ពិធីទិវា សិទ្ធិមនុស្ស​អន្តរជាតិ ខួបលើកទី៧៣ ដែលបាន​ដាក់ចូល​សាលា​រាជធានី​ភ្នំពេញកាល​ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២១ ដោយមាន​ការចូលរួម​ពីតំណាង​អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ ក្រោម​រដ្ឋបាល​សមត្ថកិច្ច​គ្រប់គ្រង​របស់​សាលារាជ​ធានីភ្នំពេញ នៅសាល​ប្រជុំសាលា​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ។

បន្ទាប់ពី​មានកិច្ច​ពិភាក្សា នៃកិច្ចប្រជុំនេះ តំណាងអង្គការ សមាគម សហជីព ៤រូប ដែលតំណាងអង្គការ សមាគម និងសហជីព ចំនួន ៣១ស្ថាប័ន ដែលសហ​ការចូលរួម​រៀបចំ​ពិធី បាន​ឯកភាព​គ្នាប្រារព្ធពិធី នៅទីលាន​ប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវ ចំនួន ២០០នាក់ ដោយ​គោរព​តាមគោលការណ៍​ណៃនាំ របស់ក្រសួង​សុខាភិបាល​ ។ សាលា​រាជធានី​ភ្នំពេញ ជួយសហការ​ការពារ​សន្តិសុខ និងសុវត្ថិភាព ពីខាងក្រៅ ចំណែក​ខាងក្នុង​បរិវេណ​ប្រារព្ធពិធី ជាការ​ទទួលខុស​ត្រូវរបស់​អ្នករៀប​ចំ​កម្មវិធី ។ រដ្ឋបាល​សាលារាជធានី​ភ្នំពេញ ក៏ផ្តល់​ជូនរថយន្តសង្គ្រោះ​ចំនួន ០១គ្រឿង សម្រាប់​ប្រចាំការ​នៅកម្មវិធី ដើម្បីត្រៀម​ជួយអន្តរាគមន៍​សង្គ្រោះ ការពារ​ករណី​អ្នកចូលរួម​មានបញ្ហា​សុខភាព​ផ្សេងៗ​កើតឡើង ។

សូមបញ្ជាក់ថា តាមការ​ស្នើសុំ​របស់​ក្រុមអង្គការ​សង្គមស៊ីវិល គ្រោងរៀបចំ​អ្នកចូលរួម​ចំនួន៥០០នាក់ នៅទីលាន​ប្រជាធិបតេយ្យ ប៉ុន្តែដោយ​សារតែ​ទីតាំងទីលាន​ប្រជាធិបតេយ្យ​ត្រូវបាន​ខាងអង្គការ JICA បានស្នើ​ប្រើប្រាស់​ដាក់​ការដ្ឋាន​​មួយផ្នែករួច​មកហើយ និងមិន​អាចដាក់​អ្នកចូលរួម​លើស​ពីនេះចំនួន ២០០នាក់បាន និងបញ្ហារីក​រាលដាល​នៃជំងឺឆ្លង​កូវីដ១៩ ទើបខាង​តំណាង​អង្គការ សមាគម និងសហជីព យល់ព្រម​ឯកភាព​តាមការ​លើកឡើង​របស់សាលា​រាជធានីភ្នំពេញ ។

ចំពោះព័ត៌មានបន្ថែមទាក់ទង ៖

លោក រស់ សុដ្ឋា នាយក​ប្រតិបត្តិអង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ០១២ ៦២០ ០១៤

លោក ស៊ឹង សែនករុណា មន្ត្រីជាន់ខ្ពស់​នៃសមាគម​ការពារ​សិទ្ធិមនុស្សអាដហុក ០៨៦ ៣២៤ ៦៦៦