សេចក្តី​ថ្លែងការណ៍រួម របស់​អង្គការ​សង្គមស៊ីវិល​កម្ពុជា ក្នុងឱកាស​ខួបទី ៧៣ នៃទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ១៩៤៨ – ២០២១ ដើម្បីឲ្យ​មានការ​ស្តារសិទ្ធិ​មនុស្ស និងប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ទ្បើង​វិញ

សេចក្តី​ថ្លែងការណ៍រួម
របស់​អង្គការ​សង្គមស៊ីវិល​កម្ពុជា
ក្នុងឱកាស​ខួបទី ៧៣ នៃទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ១៩៤៨ – ២០២១
ដើម្បីឲ្យ​មានការ​ស្តារសិទ្ធិ​មនុស្ស និងប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ទ្បើង​វិញ

 រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែធ្នូ ២៥៦៥/២០២១

សិទ្ធិ និង​សេរីភាព​​ជាមូលដ្ឋាន​របស់​ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា​កំពុង​ទទួល​រងនូវការ​គម្រាមកំហែង ជាពិសេស​សិទ្ធិនយោបាយ សេរីភាព​បញ្ចេញមតិ និងសេរីភាព​សារព័ត៌មាន។ យើង​​សង្កេត​ឃើញ​ថា​ សិទ្ធិ​និងសេរីភាព​ខាង​លើ​ត្រូវ​បាន​ធ្វើ​ឲ្យ​រួមកាន់តែតូច​នៅក្នុងកំឡុង​ពេល​នៃការ​រីករាលដាល​ជម្ងឺកូវីដ-១៩។

យើង​មានការ​ព្រួយ​បារម្ភថា សភា​ដែល​មាន​សមាជិកទាំងអស់មកពីបក្សនយោបាយតែមួយ អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ចាកចេញ​ពីគោល​នយោបាយប្រជាធិបតេយ្យ សេរីពហុបក្សដែលត្រូវបានប្រកាន់យក​ក្រោយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស។  ជាសកលប្រទេសមួយ ដែលមាននយោបាយឯកបក្សដ៏រឹងមាំ​ វានឹង​នាំ​ប្រទេស​នោះទៅ​ជារដ្ឋបែបនយោបាយសង្គមនិយម ឬផ្តាច់ការ ព្រោះបាត់បង់ភាពប្រគួតប្រជែងពីដៃគូប្រហាក់ប្រហែលគ្នា និង​ឈាន​ទៅរកអតុល្យភាពអំណាច។

សិទ្ធិនយោបាយ​​របស់​ប្រជាពលរដ្ឋ​បាន​កំពុង​ធ្លាក់ចុះ​យ៉ាង​ធ្ងន់​ធ្ងរ ខណៈមេដឹកនាំ​ រួមទាំងសកម្មជនគណបក្ស​នយោបាយ​ប្រឆាំងនៅ​តែ​ត្រូវ​បាន​ចោទប្រកាន់តាម​ផ្លូវ​តុលាការ  ចាប់​ដាក់ពន្ធនាគារ វាយដំ ដែលករណីមួយចំនួន​បាន​ឈានរហូតដល់ការ​បាត់បង់​ជីវិត។ សិទ្ធិពលរដ្ឋ និង​សេរីភាព​បញ្ចេញមតិ​​របស់​ប្រជាពលរដ្ឋ​នៅក្នុង​សង្គម​​មិន​ទទួល​បាន​នូវការ​លើកទឹកចិត្ត​ និងគាំទ្រ ខណៈដែល​សកម្មជន​សិទ្ធិមនុស្ស​ សកម្មជន​ព្រៃឈើ និង​ធនធាន​ធម្មជាតិនៅតែ​ទទួល​រងនូវការ​ធ្វើទុក្ខ​បុកម្នេញ​តាម​ផ្លូវតុលាការ​ និង​ក្នុង​រូបភាព​ផ្សេងៗទៀត ដូចជាករណី​សកម្មជន​បរិស្ថាន និងករណី​លោក រ៉ុង ឈុនជាដើម។​

តំណាង​សហជីពជាច្រើននៅ​តាម​បណ្តារោងចក្រ​ត្រូវ​ទទួល​ការ​បង្ក្រាប ប្តឹង​ចោទ​ប្រកាន់តាម​ផ្លូវ​តុលាការ ហើយត្រូវ​បាន​បញ្ចប់កិច្ច​សន្យា និង​បញ្ឈប់ពី​ការ​ងារ។ កម្មករ កម្មការនី​កំពុង​តែ​បាត់បង់​តំណាង​របស់​ពួកគេ ដែលជា​យន្តការ​តស៊ូមតិ​យ៉ាង​សំខាន់​ជាមួយនឹង​និយោជក និង​រដ្ឋាភិបាល​ដើម្បី​ធ្វើឲ្យលក្ខខណ្ឌការងារ​មានភាព​ប្រសើឡើង​វិញ។ ​

ស្របពេលជា​មួយគ្នា​នេះដែរ យើង​ខ្ញុំសង្កេត​ឃើញ​ថា សេរីភាពសារព័ត៌មាន ដែល​មានតួរនាទី​យ៉ាងសំខាន់​នៅក្នុងសង្គមប្រជាធិបតេយ្យ ជាពិសេស​ការធានាបាន​នូវ​សេរីភាព​បញ្ចេញមតិ ក៏ស្ថិត​នៅក្នុងការ​គំរាម​កំហែង និង​រិតត្បិត​ផងដែរ។ ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​តែម្ខាង ដោយ​សារតែកង្វះ​       ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ​។ ដោយ​សារតែបញ្ហានេះ វា​កំពុង​តែ​ធ្វើ​ឲ្យ​មានផលប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​របស់​ពលរដ្ឋ​ដើម្បីទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ និង​ពីគ្រប់​និន្នាការ​នយោបាយ។

យើង​ខ្ញុំជា​តំណាង​ឲ្យ​អង្គការ​មិនមែនរដ្ឋាភិបាល​ ដែល​រៀបចំ​អបអរសាទរទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០ធ្នូ ២០២១ ស្នើ​ដោយ​ទទូច​ដល់​រាជរដ្ឋាភិបាលកម្ពុជា​ឲ្យ៖

  1. ​ស្តារឡើង​វិញនូវ​ស្ថានភាព​សិទ្ធិមនុស្ស ​សេរីភាព​បញ្ចេញមតិ ក៏ដូចជាសេរីភាព​សារព័ត៌មាន​ឲ្យ​បាន​ល្អប្រសើឡើងវិញ ដើម្បី​បន្តទទួល​បាន​នូវការ​អនុគ្រោះ​ពន្ធ EBA និងការ​អនុគ្រោះ​ផ្សេងទៀត​ ដែល​នឹងជួយ​ជំរុញ ​កំណើនសេដ្ឋកិច្ច​ជាតិ ពិសេសផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរ។ រដ្ឋាភិបាល​ត្រូវ​ធានាថា នឹងមិនមាន​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ដីធ្លី ឬសកម្មជន​សង្គម​ផ្សេងៗទៀត ត្រូវ​បានធ្វើ​ទុក្ខ​បុកម្នេញ​ដោយ​សារតែ​សកម្មភាព​របស់ពួកគេនៅក្នុងការ​ចូលរួម​កិច្ច​ការ​នយោបាយ​និង​សង្គម ព្រោះសិទ្ធិរបស់ពួកគេត្រូវបានធានាដោយច្បាប់យ៉ាងពេញលេញ ពិសេសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។​
  2. អនុវត្តឲ្យពេញលេញនូវគុណភាព និងភាពសេរី និងយុត្តិធម៌នៃការបោះឆ្នោត ពិសេសគឺត្រូវ អនុវត្តសិទ្ធិនយោបាយឲ្យទូលាយ រួមទាំងទំលាក់ចោលរាល់ការចោទប្រកាន់ចំពោះអ្នកនយោបាយ ស្របតាមសិទ្ធិនយោបាយ និងបទដ្ឋានរបស់វា ហើយបើកឲ្យមានការបោះឆ្នោតដោយមានការប្រគួតប្រជែងដោយ​សេរី។
  3. កែទម្រង់សមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យឯករាជ្យ ទុកចិត្តបាន ធានាឯករាជ្យភាពនៃកម្លាំងប្រដាប់អាវុធ និងធានានូវតម្លាភាពលើដំណើរការបោះឆ្នោះ​ជាពិសេសគោរពឆន្ទៈអ្នកបោះឆ្នោត និងលទ្ធផលដែលសេរី និងយុត្តិធម៌។​
  4. អនុវត្ត​ និង​គោរពប្រកបដោយ​ប្រសិទ្ធភាពនូវសិទ្ធិមនុស្សឲ្យស្របតាមច្បាប់ និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
  5. ធានានូវភាពជាម្ចាស់ជោគវាសនាប្រទេសជាតិនៃពលរដ្ឋកម្ពុជា ដោយមិនមានការរារាំង និងប្រើអំណាចទប់ស្តាត់ពួគគេ តែត្រូវលើកកំពស់ និងការពារ។​
  6. ពន្លឿនការស្តារសេដ្ឋកិច្ច និងការងារ រួមទាំងការងាររបស់កម្មកររោងចក្រ សហគ្រាស និងក្រុមហ៊ុនដែលបានប៉ះពាល់ដោយ កូវីដ-១៩។​
  7. ផ្តល់សំណងឲ្យបានសមរម្យសម្រាប់គម្រោងអភិវឌ្ឍន៍ដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិឯកជន ដូចជាគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីជាដើម យោងតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាតិពាក់ព័ន្ធ​ ពិសេសច្បាប់អស្សមិករណ៍។
  8. ធានា​នូវ​និរន្តរភាព​បរិស្ថាន ដោយ​ធានាឲ្យ​ពលរដ្ឋ​មានសិទ្ធិចូលរួម​ ការពារ និង​ប្រើ​ប្រាស់​ធនធានធម្មជាតិដោយ​សកម្ម ដោយ​មានសុវត្ថិភាព និង​សន្តិសុខពេញលេញ។
  9. ជាទីបញ្ចប់ សូមរាជរដ្ឋាភិបាលដាក់ថ្ងៃឈប់សម្រាកនៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ​ ក្នុងប្រតិទិនឈប់សម្រាប់ប្រចាំឆ្នាំទ្បើងវិញ។​

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ

  1. អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
  2. អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍​ (BCV)​
  3. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
  4. សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
  5. អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
  6. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  7. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
  8. មជ្ឈមណ្ឌល កម្ពុជា ដើម្បីការពារសិទ្ធិរបស់កុមារ (CCPCR)
  9. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់/ CENTRAL)
  10. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  11. សម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា​ (CHRAC)
  12. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
  13. សហភាពការងារកម្ពូជា (CLC)
  14. អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
  15. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
  16. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  17. បណ្តាញយុវជនកម្ពុជា (CYN)
  18. អង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS)
  19. អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលជល (FACT)
  20. អង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់ (HOM)
  21. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  22. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
  23. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
  24. សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើល​ដ៏​ (LRSU)
  25. អង្គការការពារធនធានធម្មជាតិ (NRPG)
  26. បណ្តាញ​សហគមន៍​ព្រៃឡង់ (​PLCN)
  27. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
  28. ពន្លកខ្មែរ (PKH)
  29. អង្គការរចនាស្ត្រី (Rachnastrei)
  30. អង្គការសមាគមធាងត្នោត (STT)
  31. អង្គការតម្លាភាពកម្ពុជា (TI-Cambodia)
  32. អង្គការអភិវឌ្ឍន៍ស្រ្តីក្រីក្រក្នុងទីក្រុង (UPWD)
  33. អង្គការអភិវឌ្ឍន៍មិត្តជនបទ (RFCD)
  34. អង្គការយុវសន្តិភាព (YFP)
  35. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)