សាររំលែកទុក្ខចំពោះគ្រួសារលោក ថោង ច័ន្ទតារា

លោក ថោង ច័ន្ទតារា កើត​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៧៥ នៅខេត្ត​ស្វាយរៀង និង​ចូលបម្រើ​ការងារ​ លើក​កម្ពស់​សិទ្ធិមនុស្ស ជាមួយ​សមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា ហៅកាត់ថា សមាគម​អាដហុក កាល​ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដែលមាន​តួនាទីជាអ្នក​សម្រប​សម្រួល ប្រចាំ​ខេត្តកោះកុង។

ជាអកុសល ​លោក ថោង ច័ន្ទតារា បានទទួល​មរណ​ភាព នៅថ្ងៃព្រហ​ស្បត្តិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១ និង ៣០នាទីទៀបភ្លឺ ក្នុងជន្មាយុ ៤៧ឆ្នាំ ដោយជម្ងឺ​លើសឈាម។

“ មនុស្ស​កើតមក​មានសិទ្ធិ ដូច្នេះយើង​ត្រូវតែរួមគ្នា​ការពារសិទ្ធិ​របស់យើង និងអ្នកដែល​ត្រូវបានគេរំលោភ​សិទ្ធិ! “

លោក ថោង ច័ន្ទតារា បានចូល​បម្រើការងារ​ជាមួយសមាគម​អាដហុក ដើម្បីចង់​ឃើ​ញសង្គម​​កម្ពុជាមានការ​​គោរព​សិទ្ធិ​មនុស្ស និង​ច្បាប់។  រយៈពេលជាង ៣ ឆ្នាំនេះ  លោកបាន​ក្លាយជាអ្នកការ​ពារសិទ្ធិមនុស្ស​ដ៏សកម្ម និងមានភាពក្លាហាន ត្រេកត្រអាល​ចង់ចេះចង់​ដឹង មានទំនាក់​ទំនងល្អ បានចែក​រំលែកចំណេះដឹង និងបទ​ពិសោធន៍ការងារ​ដល់សហគមន៍ និងប្រជាពល​រដ្ឋដែលបាន​ធ្វើការងារជា​មួយលោក។

លោកស្ម័គ្រ​ចិត្តបម្រើការងារ​យ៉ាងសកម្ម​ក្នុងវិស័យ​សិទ្ធិមនុស្ស និងច្បាប់។ លោកបាន​ចុះឃ្លាំមើល​ តាមអង្កេតគ្រប់​ពេលវលានូវការ​ការរិតត្បិត​សេរីភាព និង​រំលោភ​​សិទ្ធិ​មនុស្សដល់​ប្រជាពលរដ្ឋ និងសហគមន៍ ដោយលោក​បាន​ផ្តល់នូវកិច្ចអន្តរាគមន៍​​ដល់​ជនរង​​គ្រោះ​ដោយ​​ការ​រំលោភ​​សិទ្ធិ​មនុស្សទាន់​ពេលវេលា។ លោកបាន​ពង្រឹងសិទ្ធិអំណាច​ដល់ប្រជាសហគមន៍​តាមរយៈការ​បណ្ដុះ​​បណ្ដាល​ និងកសាង​​សមត្ថភាព​ដោយមាន​វគ្គ​​លើក​​កម្ពស់​ការ​យល់​ដឹង សិក្ខា​សាលា កិច្ច​ប្រជុំ និង​កសាង​​បណ្ដាញ​សហគមន៍។ លោកបាន​ចូលរួមយ៉ាង​សកម្មក្នុង​កិច្ចប្រជុំ​រវាង​អាជ្ញាធរ សហគមន៍ និង​ជនរង​គ្រោះ​ ដើម្បី​លើក​ទឹក​​ចិត្ត​ពួក​គាត់​​ឱ្យធ្វើ​ការចែក​រំលែក​​ព័ត៌មាន ​រួមគ្នា​​ស្វែង​រក​​ដំណោះ​ស្រាយ​សម្រាប់​​ករណីវិវាទ និង​បញ្ហា​​ប្រឈមផ្សេងៗដែលសហគមន៍​បានជួបប្រទះ។

មរណភាពរបស់លោក ថោង ច័ន្ទតារា គឺជាការបាត់បង់​ដ៏ធំធេង របស់សមាគម​អាដហុក ក៏ដូចប្រជាពល​រដ្ឋកម្ពុជា នូវធនធាន​មនុស្ស និងអ្នកការពារ​សិទ្ធិមនុស្សម្នាក់ ដែលពោរពេញដោ​​យ​ចំណេះដឹង ជំនាញ និង                 បទពិសោធន៍ជាច្រើន។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ សមាគមអាដហុក សូមសំដែងនូវសមានទុក្ខ ការស្តាយស្រណោះ អាឡោះអាល័យ និងក្តីសង្វេគជាអនេកកប្បការ ចំពោះមរណភាពរបស់លោក ថោង ច័ន្ទតារា និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារទាំងអស់នៃសព ព្រមទាំងសូមឧទ្ទិសឲ្យវិញ្ញាណក្ខន្ធលោក ថោង ច័ន្ទតារា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕