សង្គមស៊ីវិល សហគមន៍ ប្រារព្ធទិវា សិទ្ធិមនុស្ស អន្តរជាតិ លើកទី៧៥

ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីលាន​ប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ ក្រុមអង្គការ​សង្គម​ស៊ីវិល សមាគម និងសហជីព ប្រមាណ ២៨ស្ថាប័ន បានប្រារព្ធពិធី អបអរសាទរខួបលើកទី៧៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ក្រោមប្រធានបទ “ធានាសេចក្តីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌ដល់ពលរដ្ឋគ្រប់រូប” ដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ ក្នុងគោលបំណង៖
១.ដើម្បីពង្រឹងការយល់ដឹងជាសាធារណៈអំពីសេចក្តីប្រកាស​ជាសកលស្តីពីសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
២. ជំរុញឱ្យមានកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌
៣. បង្កើនការយល់ដឹងអំពីភាពយុត្តិធម៌ ដែលមានការជះឥទ្ធិពលដល់សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងសង្គមសុីវិល​
៤. ពង្រីកសកម្មភាពរបស់អង្គការសង្គមសុីវិល​ តាមរយៈភាពសកម្មភាពជាងមុន៖ ដូចជាការហែក្បួន និងការជួបប្រជុំជាសាធារណៈ។

ថ្ងៃនេះផងដែរ សកម្មភាពហែរក្បួនចំនួន ៣ក្រុម:
ក្រុមទី១ ក្រុមអង្គការសង្គមស៊ីវិល ហែរចេញពីខាងមុខរដ្ឋសភា នៅម៉ោង៧នឹង៤០ព្រឹក ក្បួនដង្ហែនេះឃើញមាន ដាក់រូបជញ្ជីង ដែលតំណាង “ជញ្ជីងយុត្តិធម៌” ។
ក្រុមទី២ ក្រុមអង្គការសង្គមស៊ីវិល ហែរចេញពីខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៦ ខែឆ្នាំដដែល។
ក្រុមទី៣ ក្រុមយុវជនមាតាធម្មជាតិ ហែរចេញពីម្តុំស្តុបបឹងកក់ម៉ោង៨នឹង៣០ព្រឹកមកជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ និងមានការដង្ហែក្បួនជុំវិញទីលាន ហើយក៏ប្រារព្ធបួងសួង ។

កម្មវិធីជាបន្ទាប់ មានការចូលរួមថ្លែងសន្ទរកថាចំណាប់អារម្មណ៍បើកកម្មវិធីពីលោក Patrick Murphy អគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងការថ្លែងសន្ទរកថា ពីតំណាងអង្គការសង្គមស៊ីវិល និងសហគមន៍រងគ្រោះលើកឡើងពីបញ្ហាប្រឈមដែលរងការរំលោភសិទ្ធិមនុស្សទាំងអយុត្តិធម៌ផងដែរ ។

ដោយឡែកនៅតាមសហគមន៍នានា តាមបណ្តារខេត្តមួយចំនួនក៏មានការប្រារព្ធពិធីទិវាសិទ្ធិមនុស្ស ដែលរៀបចំដោយតំណាងសហគមន៍មូលដ្ឋាន និងមានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិល ទៅតាមប្រធានបទដែលសហគមន៍ទាំងនោះលើកឡើងស្របតាមបញ្ហានានា ដែលកំពុងកើតឡើងក្នុងសហគមន៍របស់ខ្លួនផងដែរ ៕