ព្រឹកមិញនេះ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសាលាឧទ្ធរណ៍មិនអនុញាតឲ្យបាននៅក្រៅឃុំតាមការប្តឹងសុំឡើយ

នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសាលាឧទ្ធរណ៍មិនអនុញាតឲ្យបាននៅក្រៅឃុំនោះឡើយ សេចក្តីសម្រេចនេះធ្វើឡើង បន្ទាប់ពីសាលាឧទ្ធរណ៍ បើកសវនាការសុំនៅក្រៅឃុំ​របស់មេធាវីកញ្ញា ឈឹម ស៊ីថរ គឺលោក សំ ចំរើន និងអ្នកស្រីមេធាវី សាម សុគន្ធា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។ កញ្ញា ស៊ីថរ ត្រូវបានរថយន្តមណ្ឌលអបរំកែប្រែទី២ (ម២ ) ដឹកមកដល់សាលាឧទ្ធរណ៍ នៅម៉ោងប្រមាណជា ៧និង៥០នាទីព្រឹកនេះ ។ ​អ្នកស្រី រី សុវណ្ណឌី ដែលជាកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានមកទាមទារឲ្យដោះលែងកញ្ញា ឈឹម ស៊ីថរ និងអ្នកស្រីក៏កំពុងជាប់បណ្តឹង ដែលពាក់ព័ន្ធនឹងវិវាទជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ដែរនោះបានបញ្ជាក់នៅខាងមុខសាលាឧទ្ធរណ៍ថា៖ អ្នកស្រីយល់ថា កញ្ញា ស៊ីថរ គួរតែបានដោះលែង ព្រោះតុលាការឃាត់ខ្លួន កញ្ញា គឺមិនត្រឹមត្រូវទេ ដោយលើមូលហេតុ កញ្ញា មិនបានទទួលសដីកាពីតុលាការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យដែលមិនឲ្យចេញទៅណានោះទេ រួមទាំងមេធាវីផងដែរ កាលដែលមិនដឹង គឺមិនត្រូវមានទោសនោះទេ ។
លោកមេធាវី សំ ចំរើន ការពារឲ្យ កញ្ញា ឈឹម ស៊ីថរ បានបញ្ជាក់ថា៖ លោក យល់ថាការសម្រេចអនុវត្តន៍ចាប់ខ្លួនកញ្ញា ស៊ីថរ ធ្វើដោយភ័ន្តច្រឡំព្រោះ កញ្ញា មិនបានទទួលដំណឹងពីលក្ខខណ្ឌ ខ្លឹមសារនៃការសម្រេចនេះទេ ។
បន្ទាប់ពីមានការសួរដេញដោលមួយព្រឹក លោក ចៅក្រម បានសម្រេចមិនអនុញាតឲ្យកញ្ញា ឈឹម ស៊ីថរ បាននៅក្រៅឃុំតាមការស្នើសុំពីមេធាវីការពារក្តីឲ្យកញ្ញានោះទេ ។

#សមាគមអាដហុក សង្កេតឃើញថា ក្រុមកូដករជាច្រើននាក់បានមកលើកទឹកចិត្ត ទាមទារឲ្យមានការដោះលែង និងចង់ដឹងពីស្ថានភាពរបស់ កញ្ញា ស៊ីថរ ក្នុងនោះផងដែរ ក៏មានក្រុមអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងមានក្រុមអាជ្ញាធរស្លៀកពាក់ឯកសណ្ឋាន ខ្លះស្លៀកពាក់ស៊ីវិល តាមឃ្លាំមើល និងថតរូបក្រុមអង្គការសង្គមស៊ីវិល និងក្រុមកូដករ ផងដែរ ៕