ប្រជាពលរដ្ឋ២ឃុំ មកដាក់ពាក្យស្នើសុំធ្វើ ” វេទិការសាធារណៈស្តីពី ព័ត៌មានលំអិតពីហេដ្ឋារចនាសម្ព័ន្ធ និងព្រលានយន្តហោះថ្មី “

ពលរដ្ឋជាង ២០០នាក់ មកពីភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និងភូមិអាចម៌កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានមកដាក់លិខិតស្នើសុំឲ្យឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល រៀបចំបើកវេទិកាសាធារណៈបំភ្លឺស្តីពី ព័ត៌មានលំអិតអំពីតំបន់ហេដ្ឋារចនាសម្ពន្ធ័នានា ព្រមទាំងដំណើរការនៃគម្រោងអាកាសយាន្តដ្ឋានអន្តរជាតិ តេជោ ( ព្រលានយន្តហោះថ្មី) ។
ការដាក់លិខិតស្នើនេះ បណ្តាលមកពីបុគ្គលិករបស់ព្រលានយន្តហោះ និងអាជ្ញាធរមូលដ្ឋាន ចំរុះមកបង់លេខផ្ទះស្រង់ទិន្នន័យប្រជាពលរដ្ឋ និងដាក់ឱសានវាទឲ្យពលរដ្ឋមួយចំនួនរុះរើផ្ទះ និងហាមឃាត់ មិនឲ្យពលរដ្ឋសាងសង់ផ្ទះ លើដីរបស់ខ្លួន ដោយគ្មាន មូលហេតុ ទើបថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋរងផលប៉ះពាល់ផ្ទុះការតវ៉ាឡើងមកដល់ខាងមុខសាលាខេត្តកណ្តាល ដើម្បីស្នើសុំឲ្យឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល ទាមទារឲ្យបើកវេទិកាសាធារណៈបំភ្លឺបែបនេះ ។ ក្នុងលិខិតស្នើសុំដាក់ចូលឯកអភិបាលខេត្តកណ្តាលនោះមានតំណាង ប្រជាពលរដ្ឋចំនួន១០នាក់ ដែលមានឈ្មោះ ១-ឈ្មោះ ម៉ុត ចាន់សុផានី ២-ឈ្មោះ លាញ់ ធីតា ៣-ឈ្មោះ អួង ស៊ីម ៤-ឈ្មោះ សុខ ប៊ុនធី ៥-ឈ្មោះ ស៊ុន សំបូរ ៦-ឈ្មោះ ហ៊ាង ហួត ៧- ឈ្មោះ សំ ចាន់ធី ៧-ឈ្មោះ យំ មុំ ៩-ឈ្មោះ ង៉ុយ សំណាង ១០-ឈ្មោះ ឃន ស្រី ដែលបានផ្តិតមេដៃលើលិខិតស្នើសុំនោះ ។

តាមសម្តីអ្នកស្រី ង៉ុយ សំណាង ដែលជាតំណាងឲ្យប្រជាពលរដ្ឋបាន បញ្ជាក់ថា អ្នកស្រី រស់នៅតំបន់ទំនប់៩៤ នេះជាង២០ឆ្នាំ ហើយពេលនេះ ស្រាប់តែមានមន្ត្រី ព្រលានយន្តហោះថ្មី និងអាជ្ញាធរ ចំរុះ បានចុះមកបង់លេខផ្ទះ និង បាញ់ថ្នាំ តាមផ្ទះ ទើបធ្វើឲ្យពួកគាត់ឡើងមកជួបខេត្ត ដើម្បីឲ្យខេត្តបំភ្លឺរឿងនេះ ។ ខេត្តបានទទួលលិខិតស្នើសុំរបស់ពួកគាត់ហើយ រួចហើយបានសន្យាថា និងធ្វើវេទិកាសាធារណៈ ជូននៅដើមខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ។

#សមាគមអាដហុក សង្កេតឃើញថា ពលរដ្ឋទាំងអស់ត្រូវអាជ្ញាធរ ឬមន្ត្រី សាលាខេត្តអនុញ្ញាតឲ្យចូល លើកលែងតែក្រុមអ្នកសារព័ត៌មាន និងមន្ត្រីអង្គការសង្គមស៊ីវិល ដែលអាជ្ញាធរខេត្តហាមមិនឲ្យចូលស្តាប់ ទោះបីមានការសុំចូលផ្ទាល់មាត់យ៉ាងណាក៏ដោយ ក៏ខាងសមត្ថកិច្ច នៅយាមសាលាខេត្តថា បញ្ជាពីលើមិនឲ្យចូលក្រៅពីពលរដ្ឋនោះឡើយ ៕