កម្មកររោងចក្រ ប្រមាណ ២០០០នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខរោងចក្រស្ថិតនៅខណ្ឌដង្កោ

នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ កម្មកររោងចក្រវ៉ាយ & ដាប់បែលយូ (Y&W) ហ្គាមិន ប្រមាណ ២០០០នាក់ បានប្រមូល​ផ្តុំគ្នានៅ​ខាងមុខ​រោងចក្រស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ​នាំគ្នាតវ៉ានៅខាង​មុខរោចក្រ និងដើរដោយ​ថ្មើរជើង ឆ្ពោះទៅ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីស្នើដល់​ក្រសួង ជួយដោះស្រាយ​បណ្តឹងវិវាទ​ការងាររួម របស់កម្មករ​និយោជិត​ដោយនាយក​ក្រុមហ៊ុន ពុំមានលទ្ធភាពបើកប្រាក់ឈ្នួល​ជូនកម្មករ​និយោជិត​លើកទី២ដែលត្រូវបើក​ជូននៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ និងមិនបានបង់វិភាគទាន ប.ស.ស សម្រាប់ខែមករានិងខែកុម្ភៈហើយមិនបានដោះស្រាយសំណងអត្ថប្រយោជន៍ទៅតាមនីតិវិធីផ្លូវច្បាប់ស្តីពីការងារ។
ព្រឹកនេះផងដែរក្បួនដង្ហែដើរមកដល់ចំណុចមុខវត្តជ្រោយបទុមហៅព្រែកជីក ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏មានតំណាងក្រសួងការងារ ១រូប មកទទួលលិខិត និងសន្យាថានឹងយកទៅដោះស្រាយជូនកម្មករ បន្ទាប់មកកម្មករក៏ត្រលប់ថយទៅវិញនៅម៉ោង៨នឹង៣០នាទី៕