សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់៤លានរៀ ក្រោមបទចោទ “ ញុះញង់ឱ្យមានការរើសអើង” និងរំលត់បណ្តឹងអជ្ញាលើបទចោទ “ជេរប្រមាថ” ចំពោះលោក ពេជ ពិសិទ្ធ ដែលជាសមាជិកគណៈកម្មការអចិន្ត្រៃយ៍ និងជាអនុប្រធានទី៣ ប្រចាំសាលាខេត្តព្រះសីហនុ នៃសម្ព័ន្ធសហជីពកាត់ដេរសម្លៀកបំពាក់ និងឧស្សាហកម្ម(សសស) ហៅថាសម្ព័ន្ធ អេអាយ និងជាប្រធានសហជីពប្រជាធិបតេយ្យកម្មករ នៃក្រុមហ៊ុន មេន អ៊ូ ហ្គាមេន តាមរយៈសាលក្រមដែលបានប្រកាស់នៅព្រឹកថ្ងៃទី ២៥ ខែមីនា ២០២៦នេះ។
សូមរំលឹកផងដែរថាលោក ពេជ ពិសិទ្ធ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងស្រុកព្រៃនប់ ហើយបានបញ្ជូនទៅកាន់ស្នងការដ្ឋានក្រុងព្រះសីហនុ និងបានបញ្ជូនទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែ ម១ ព្រៃ សរ។ តាមរយៈបណ្ដឹងលោក សុខ គីន ជាប្រធានសហព័ន្ធសហជីពកម្មករវិស័យសំណង់ និងព្រៃឈើកម្ពុជា(BWTUC) ក្រោយពីលោក ពេជ ពិសិទ្ធ បានធ្វើសកម្មភាពបញ្ចេញមតិនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក (Facebook) របស់លោក សុខ គីន៕

