កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ តុលាការកំពូលបានប្រកាសសាលក្រមលើលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដោយមានការប្រែប្រួលខ្លះៗដោយសម្រេច៖
– ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៤ (បួន) ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួរសាកល្បង ដោយកំណត់រយៈពេលនៃការសាកល្បង ៣ (បី) ឆ្នាំ
– មិនអនុញ្ញាតឱ្យឈ្មោះបោះឆ្នោត និងធ្វើនយោបាយរយៈពេល៥ឆ្នាំ
– មិនឱ្យប្តូរលំនៅដ្ឋាន ចេញពីរាជធានីភ្នំពេញ និងមិនឱ្យចូលរួម ជួបជុំជាសាធារណៈ។
ការប្រកាសនេះបន្ទាប់ពី តុលាការកំពូល បានបើសវនាការ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមបទ “ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និង “ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម” ដែលប្រព្រឹត្ត នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤។
ថ្ងៃនោះផងដែរ ក៏មានអ្នកចូលរួមគាំទ្រប្រមាណ ៤០០នាក់បានដើរអមជាមួយលោក រ៉ុង ឈុន ស្រែកទាមទារឱ្យទំលាក់បទចោទ លើលោករូបលោក រ៉ុង ឈុន ដោយទាំងដៃកាន់បដា ដែលសរសេរពាក្យថា “ផ្តល់សេរីភាពដល់លោកគ្រូ រ៉ុង ឈុន គឺបង្ហាញពីការផ្សះផ្សាជាតិនិងឯកភាពជាតិ” “តុលាការកំពូលត្រូវផ្តល់យុត្តិធម៌ ដល់លោកគ្រូ រ៉ុង ឈុន” ជាដើម។
រីឯក្រុមអាជ្ញាធរ ស្លៀកឯកសណ្ឋាន និងស៊ីវិលប្រមាណ ២០០នាក់ មានការដាក់រនាំង ឈរជាជួរជាប់នឹងរនាំង បិទផ្លូវចេញចូលនៅបរិវេនខាងមុខតុលាការ និងឃាត់ក្រុមអ្នកលើកទឹកចិត្តមិនឱ្យចូលបរិវេនតុលាការ។
សូមរំលឹកថាលោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ក្រោមបទចោទខាងលើ និងបានកាត់ទោសឱ្យលោកជាប់ពន្ធនាគាររយៈ ៤ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ រីឯសាលាឧទ្ធរណ៍ បានតម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការ ហើយបានបន្ថែមទោស មិនឱ្យលោកធ្វើនយោបាយជាអចិន្រ្តៃយ៍៕





