សាលាដំបូងខេត្តត្បូងឃ្មុំបានបើកសវនាការលើបណ្តឹងទាស់ចំពោះសាលក្រមកំបាំងមុខករណីជួញដូរមនុស្ស

កាលពីនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ សាលាដំបូងខេត្តត្បូងឃ្មុំបានបើកសវនាការលើបណ្តឹងទាស់ចំពោះសាលក្រមកំបាំងមុខករណីជួញដូរមនុស្ស ដែលមានជនជាប់ចោទឈ្មោះ ទូច យោន និងត្រូវបានផ្តន្ទាទោសកាលពីខែកក្កដា ឆ្នាំ២០២៤ ដោយកំណត់ដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ និងបង្គាប់ឱ្យផ្តល់សំណងរដ្ឋប្បវេណីទៅជនរងគ្រោះចំនួន១៥លានរៀលពីបទ ”នាំយកចេញដោយមិនស្របច្បាប់ ដោយមានគោលដៅ” តាមមាត្រា០៨ និង១០ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ។ ជនជាប់ចោទត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនរបស់សាលាដំបូងខេត្តត្បូងឃ្មុំ។ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដ៏ខ្លីខាងមុខនេះ។

សូមបញ្ជាក់ថា កាលពីអំឡុងខែតុលា ឆ្នាំ២០១៧ ស្ត្រីជាជនរងគ្រោះម្នាក់ឈ្មោះ ទ.សអ អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានជនប្រព្រឹត្តឈ្មោះ ទូច យោន ដែលត្រូវជាមីងថ្លៃរបស់ជនរងគ្រោះល្បួងឱ្យទៅធ្វើការនៅប្រទេសចិនដោយប្រាប់ថានឹងទទួលបានប្រាក់ខែច្រើនដើម្បីផ្ញើមកផ្ទះ ដោយធានាអះអាងថានៅពេលមានបញ្ហាកើតឡើងនឹងជួយនាំត្រឡប់មកប្រទេសកម្ពុជាវិញ តែផ្ទុយទៅវិញត្រូវបានបង្ខំឱ្យរៀបការជាមួយបុរសជនជាតិចិនជាថ្នូរនឹងការទទួលបានប្រាក់ជំនូន។ ទោះជាយ៉ាងណាក៏ដោយ ជនរងគ្រោះបានត្រឡប់មកប្រទេសកម្ពុជាវិញកាលពីខែមីនា ឆ្នាំ២០២២ និងដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី។