តុលាការកំពូលបើកសវនាការលើបណ្តឹងសារទុករបស់ លោក រ៉ុង ឈុន

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ត្រូវបានតុលាការកំពូល បើកសវនាការនៅព្រឹកថ្ងៃទី១៥ ខែមីថុនា ឆ្នាំ២០២៦ វេលាម៉ោង៨ព្រឹកកាលពីម្សិលមិញ លើបណ្តឹងប្តឹងទាស់របស់សាលាឧទ្ធរណ៍ដែលបានតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការកន្លងមក។
លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងចោទប្រកាន់ពីបទ “ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និង “ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម” ដែលប្រព្រឹត្ត នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤។
ការប្តឹងសារទុកមកតុលាការកំពូលនេះ គឺលោកស្នើសុំបដិសេធចោល សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ និងបដិសេធ ទាំងស្រុងលើសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ ពីព្រោះលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ ព្រោះក្នុងនាមលោកជាពលរដ្ឋក៏ដូចជាអ្នកនយោបាយដទៃដែរ ចង់ជួបពលរដ្ឋ រងគ្រោះសួរសុខទុក្ខ មិនមែនជាបទល្មើស។ អ្វីដែលលោក បដិសេធ គឺសាលាដំបូង បានកាត់ទោសឱ្យលោកជាប់ពន្ធនាគាររយៈ ៤ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល។ រីឯសាលាឧទ្ធរណ៍ បានតម្កល់សាលក្រមរបស់សាលាដំបូង តែបានបន្ថែមទោស មិនឱ្យលោកឈរឈ្មោះ ឱ្យគេបោះឆ្នោត និងបោះឆ្នោត ឬហៅថាបិតសិទ្ធិនយោបាយ។
ក្រោយការសួរដេញដោលពាក់ព័ន្ធអង្គច្បាប់រួច ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលដីកានឹងប្រកាសនៅ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៨ព្រឹក។
ថ្ងៃនោះផងដែរឃើញមានការចូលរួមគាំទ្រ ពីសមាជីកគណបក្ស ប្រមាណ ៣០០នាក់ និងមានវត្តមាន ទូតអាមេរិក ទូតEU UNសិទ្ធិមនុស្ស សមាគមអាដហុក អង្គការលីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកកាសែតជាតិ និងអន្តរជាតិ រួមទាំងមានដាក់បារ៉ាស់ជុំវិញខាងមុខតុលាការ និងការឃ្លាំមើល ពីអាជ្ញាធរស្លៀកឯកសណ្ឋាន និងស៊ីវិល ជាង១០០នាក់។