អង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ”អាដហុក” មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កងរាជអាវុធហត្ថស្រុកអណ្តូងមាស ខេត្តរតនគិរី ចំនួន០៣នាក់មិនស្គាល់ឈ្មោះ ដែលបានចុះទៅធ្វើការតាមចាប់ខ្លួនតំណាងពលរដ្ឋទាំងយប់អធ្រាត្រទាក់ទិនករណីទំនាស់ដីធ្លី ។
កាលពីវេលាម៉ោង៦និង៤៨នាទីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សឿន កេត ជាអ្នកតំណាងសកម្មរបស់ប្រជាពលរដ្ឋចំនួន២៥គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយលោកជំទាវឈ្មោះ សេក សុភក្រ័សឿនម៉ូនា(ជំទាវ វី ) ត្រូវបានកម្លាំងអាវុធហត្ថស្រុកអណ្តូងមាសចំនួន៣នាក់ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថប្រដាក់ដោយកាំភ្លើងវែង០១ដើម និងដំបងឆក់ចំនួន០២ដើម បានចូលទៅព័ទ្ធចាប់ខ្លួន ខណៈលោកកំពុងនៅនឹងផ្ទះក្នុងចំការរបស់ខ្លួន ស្ថិតនៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ប៉ុន្តែការចាប់ខ្លួននេះពុំបានសម្រេចដោយសារតែមានការជួយពីជនរងគ្រោះដីធ្លីដូចគ្នា។
សូមបញ្ជាក់ថា នៅមុនពេលចាប់ខ្លួននេះ គឺកាលពីវេលាម៉ោងប្រមាណ៤រសៀល លោក សឿន កេត រួមទាំងប្រជាពលរដ្ឋប្រមាណជាង២០នាក់ទៀតបាននាំគ្នាមកហាមឃាត់អេស្កាវ៉ាទ័រ ដែលគេស្គាល់ថាឈ្មោះ សេង សុផល ជាមេការលោកជំទាវឈ្មោះ សុភក្រ័ សឿនម៉ូនា ជាអ្នកបញ្ជាឱ្យគ្រឿងចក្រឱ្យកាយកម្ទេចស្ពានឈើ ដែលពលរដ្ឋ២៥គ្រួសារបានខិតខំធ្វើឡើង ដើម្បីឆ្លងកាត់ និងចេញចូលទៅកាន់ដីចំការរបស់ពួកគេ ដែលកន្លងមកឈ្មោះ សេង សុផល បានបិទផ្លូវមិនឱ្យប្រជាពលរដ្ឋឆ្លងកាត់ដើម្បីដឹកកសិផល ។ ករណីនេះកើតឡើងដោយសារតែទំនាស់ដីធ្លីរាំរ៉ៃរវាងពលរដ្ឋ និងលោកជំទាវ មានរយៈពេលជាច្រើនឆ្នាំមកហើយ មិនត្រូវបានដោះស្រាយ ។
សមាគមអាដហុកយល់ឃើញថា សកម្មភាពរបស់កម្លាំងសមត្ថកិច្ចចូលទៅចាប់ខ្លួនប្រជាពលរដ្ឋទាំងយប់ និងដែលមិនមែនជាបទល្មើសជាក់ស្តែងគឺជាការផ្ទុយទាំងស្រុងទៅនឹងគោលការច្បាប់ ។ ផ្ទុយទៅវិញសកម្មភាពនេះវារឹតតែបង្ហាញឱ្យឃើញពីរូបភាពនៃការគំរាមកំហែង បំបិទសេរីភាព និងបំបាក់ស្មារតីដល់ប្រជាពលរដ្ឋមិនឱ្យតវ៉ា ដែលពួកគាត់ត្រូវរងគ្រោះម្តងហើយម្តងទៀត ។
សមាគមអាដហុកយល់ឃើញថា ការចាប់ខ្លួនប្រជាពលរដ្ឋដោយសារតែបញ្ហាជម្លោះដីធ្លី ពុំមែនជាមធ្យោបាយដ៍ល្អសម្រាប់ការដោះស្រាយបញ្ហាឲ្យមានប្រសិទ្ធិភាពនោះទេ ផ្ទុយមកវិញវាកាន់តែបង្ករនូវភាពក្តៅក្រហាយ ឈឺចាប់ និងធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿលើយន្តការអាជ្ញាធរ ហើយក៍មិនស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ។
សមាគមអាដហុក សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរខេត្តរតនៈគីរី មេត្តាចាត់វិធានការណ៍ជាបន្ទាន់ ដើម្បីទប់ស្កាត់សកម្មភាពរំលោភបំពានច្បាប់របស់កម្លាំងសមត្ថកិច្ច”អាវុធហត្ថស្រុកអណ្តូងមាស” ដើម្បីធានាសុវត្ថិភាពដល់ឈ្មោះ សឿន កេត និងប្រជាពលរដ្ឋផ្សេងទៀត ព្រមទាំងលើកទឹកចិត្តដល់ភាគីទំនាស់ឲ្យងាកមកធ្វើការដោះស្រាយ សម្រុះសម្រួលគ្នាដោយអហិង្សា សន្តិវិធី និងឈរលើគោលការណ៍ច្បាប់ជាធរមាន ។
១. លោក ឌិន ខន្នី អ្នកសម្របសម្រួលខេត្តរតនគិរី 086 471 666 ឬ
២. លោក យិន ម៉េងលី 086 408 666
ទាញយក៖សេចក្តីថ្លែងការណ៍
