របាយការណ៍ស្តីពី ស្ថានភាព សេរីភាពមូលដ្ឋានឆ្នាំ២០២០

               របាយការណ៍​នេះ ត្រូវបាន​កត់ត្រា និងប្រមូល​ចងក្រង​នូវទិន្នន័យ​ឡើង ដើម្បី​ធ្វើការ​វិភាគ និងពិនិត្យ​រកមើល​ពីផល​ប៉ះពាល់​ដែល​បាន​កើត​ឡើង​ពីកំណើន​នៃការ​រឹតត្បិត​លើសេរីភាព​ជាមូល​ដ្ឋាន។ ព័ត៌មាន​នៅក្នុង​របាយការណ៍​នេះ ត្រូវបាន​ចងក្រង​ឡើង ពីស្ថាន​ភាពជាក់​ស្តែង​ដែល​បាន​ជួបប្រទះ​ផ្ទាល់ និងទទួល​បានពីក្រុម​គោលដៅ ភាគី​ពាក់ព័ន្ធ​ដែលទាក់​ទងពី​ស្ថានភាព​សិទ្ធិ​មនុស្ស និងប្រជាធិប​តេយ្យ​នៅទូទាំង​ប្រទេស​កម្ពុជា តាមរយៈ​ការិយាល័យ​សមាគម​អាដហុក នៅតាម​ខេត្ត​ចំនួន​១៧ និងរាជធានី​ភ្នំពេញ ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ២០២០ ។ តាម​រយៈការ​សង្កេត​ឃ្លាំមើល ដោយ​យកចិត្ត​ទុកដាក់​របស់​សមាគម​អាដហុក ក្នុងរបាយការណ៍​នេះឃើញ​ថា ការរឹតត្បិត ការគាបសង្កត់ ការបំភិតបំភ័យ ការគំរាមកំហែង និងការធ្វើ​ទុក្ខបុកម្នេញ ដោយ​រំលោភ​បំពាន​ទៅលើ​អ្នក/ក្រុម​ដែលបាន​ប្រើប្រាស់​សេរីភាព​បញ្ចេញមតិ ការជួបជុំ/ប្រមូលផ្តុំ ធ្វើបាតុកម្ម​ដោយ​សន្តិវិធី និង​ការ​ចូលរួម​យ៉ាង​សកម្ម ខាង​សមាគម សហគមន៍ និង​នយោបាយ នៅតែ​បន្តកើត​មាន​ជាបន្ត​បន្ទាប់​នៅឡើយ ដូចជា ការរំខាន​ពីកងកម្លាំង​ប្រដាប់​អាវុធ ឬអាជ្ញាធរ ក្នុង​ករណី​ពលរដ្ឋ​ចូលរួម​សកម្មភាព​របស់អង្គការ សមាគម សហគមន៍ និងសហជីព ការរារាំង​ការជួប​ជុំគ្នា​ក្នុងការ​សម្តែង​មតិនៅ​ទីសាធារណៈ ការរារាំង និងមិនអនុញ្ញាត​ឲ្យធ្វើបាតុកម្ម​ដោយ​សន្តិវិធី​តាមផ្លូវ​ច្បាប់ ការតាម​ដាន ការឃ្លាំមើល​ពីសំណាក់​អាជ្ញាធរ ការ​គម្រាម​កំហែង​ពីមន្រ្តី​កងកម្លាំង​ប្រដាប់​អាវុធ ការរា​រាំងដោយ​ប្រព្រឹត្ត​នូវអំពើ​ហិង្សាពី​សំណាក់​អាជ្ញាធរ កងកម្លាំង​ប្រដាប់​អាវុធ និងការ​រឹតត្បិត​សម្តែង​មតិតាម​បណ្តាញ​សង្គម ដែលមាន​ទស្សនៈ​ពាក់ព័ន្ធ​នឹងស្ថាន​ភាព​នយោបាយ​ជាដើម ។ ក្នុងនោះ​ជាក់ស្តែង ក្នុងរយៈ​ពេលដប់​ពីរខែ ( ខែមករា ដល់ ខែធ្នូ ឆ្នាំ២០២០ ) នេះ សមាគម​អាដហុក បានរក​ឃើញ​សកម្មភាព នៃការធ្វើ​ទុក្ខបុក​ម្នេញ និងការ​រំលោភ​បំពាន​ទៅលើ​សេរីភាព​ទាំងអស់​ខាងលើ​នេះ សរុបចំនួន ១៧៨ ករណី តាម​រយៈ​សកម្មភាព​ឃ្លាំមើល​របស់​បុគ្គលិក​ខ្លួន នៅតាម​បណ្តា​ខេត្ត/រាជធានី ទាំង១៨ ។ ចំនួន​ករណី​អាចនឹង​មានច្រើន​ជាងនេះ ដោយ​ករណីខ្លះ​យើងអាច​នឹងមិន​ទទួលបាន​ព័ត៌មាន ព្រោះ​តែបុគ្គលិក​យើងមាន​ចំនួនតិច និងមិនមាន​នៅគ្រប់​ខេត្តនៅ​ឡើយ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ ក៏ចំនួន​ដែលយើង​បានរកឃើញ​នេះ អាចជា​មូលដ្ឋាន​ដ៏សំខាន់​មួយ សំរាប់​ជាការ​ឆ្លុះបញ្ចាំង​ពីស្ថាន​ភាព​នៃការ​ធ្លាក់ចុះ ចំពោះ​ការ​អនុវត្តន៍​សិទ្ធិសេរីភាព​មូលដ្ឋាន​ខាង​លើនេះ​បានផង​ដែរ ។

សូមមើល​របាយការណ៍​លំអិត​ដូចមាន​ក្នុងតំណរ​ភ្ជាប់នេះ៖ Fundamental of Freedom 2020_Khmer