ប្រជាពលរដ្ឋរងគ្រោះដីធ្លីខេត្តព្រះវិហារឡើងមកដាក់ញត្តិដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ

ប្រជាពលរដ្ឋប្រមានជា ៩០នាក់ តំណាងឱ្យគ្រួសាររងគ្រោះដីធ្លីចំនួន ១៤៦គ្រួសារ មកពីភូមិខ្វាំង ឃុំរីករាយ ភូមិឈ្នួន និងភូមិទន្លាប់ ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ នៅម៉ោង៧ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦  បានឡើងមកជួបជុំគ្នានៅសាលាស្រុករវៀង ដើម្បីដាក់ញត្តិស្វែងរកដំណោះស្រាយពីអាជ្ញាធរស្រុក។ លុះដល់ម៉ោង៧នឹង៤០នាទីព្រឹក នាយករងរដ្ឋបាលសាលាស្រុករវៀង បានអញ្ជើញតំណាងប្រជាពលរដ្ឋឱ្យចូលទៅការិយាល័យរួមមានលោក ឡុំ សែ លោក នុត សុខឿន លោក អាន បូ លោក រឹម វឿន និងអ្នកផ្សេងទៀតប្រហែល ១០នាក់ បានចូលជួប និងប្រគល់លិខិតដាក់ទៅនាយករងរដ្ឋបាលសាលាស្រុករវៀង ហើយនាយករងរដ្ឋបាលសាលាស្រុកក៏ប្រគល់ញត្តិបន្តទៅនាយករដ្ឋបាលសាលាស្រុករវៀង។  ក្រោយពេលដាក់លិខិតរួច ពលរដ្ឋនៅបន្តអង្គុយត្រៀបត្រាក្នុងបរិវេនសាលាស្រុក ដោយរដ្ឋបាលសាលាស្រុកចេញមកប្រាប់ពលរដ្ឋរងគ្រោះបន្ថែមថាឱ្យពលរដ្ឋរង់ចាំអភិបាលស្រុកហ្នឹងមកឥឡូវហើយ។

លុះម៉ោង៨នឹង៥៣នាទី លោក ហោ ប៊ុនហួ អភិបាលស្រុករវៀង បានមកដល់ និងបានអញ្ជើញពលរដ្ឋទាំងអស់ចូលសាលប្រជុំ ក្រោយពេលចូលជួបរួចមក លោក អភិបាលស្រុករវៀង បានចុះហត្តលេខាលើញត្តិរបស់ប្រជាពលរដ្ឋ និងសន្យាថានឹងចុះទៅទីតាំងដីផ្ទាល់ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ។

យោងតាមសំដីរបស់ លោក ឡុំ សែ តំណាងប្រជាពលរដ្ឋរងគ្រោះដែលមានទំហំដីចំនួន ៩៨៤.៨៣៩ហិកតា ដែលពួកគាត់ឡើងមករកដំណោះស្រាយនេះ គឺពួកគាត់បានកាន់កាប់អាស្រ័យផលតាំងពីឆ្នាំ១៩៨១ មក ដែលស្ថិតនៅទីតាំងខាងលើ និងមិនដែលមានបញ្ហាទំនាស់អ្វីឡើយ ទើបតែមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុនគ្លូបល់ហ្រ្គីន ខេមនូឌា អេនើជី ឌីវេឡុបមេន បានយកគ្រឿងចក្ររាប់សិបគ្រឿង ចូលឈូស និងបំផ្លាញដំណាំរបស់ពួកគាត់តែម្តង៕