ប្រជាពលរដ្ឋប្រមាណជា១០០នាក់ ឡើងមកតវ៉ានៅខាងមុខសាលាខេត្តក្រចេះ

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ មានប្រជាពលរដ្ឋប្រមាណជា១០០នាក់ តំណាង ២៤៧គ្រួសារ មកពីឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បាននាំគ្នាមកតវ៉ានៅខាងមុខសាលាខេត្តក្រចេះ ដើម្បីស្នើសុំឱ្យអភិបាលខេត្តជួយរកដំណោះស្រាយ និងសួរនាំពីមូលហេតុដែលមេភូមិ និងអនុភូមិ ដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋផ្សេងដែលគ្មានដីនៅទីនោះ ដើម្បីគាំទ្រឱ្យ​អាជ្ញាធរ​ដកហូតយកដី​ពួកគាត់​ទុកជាសម្បត្តិ​សាធារណៈ​របស់រដ្ឋវិញ។ នៅពេលកំពុងតវ៉ានោះ ​មានមន្ត្រីសាលាខេត្ត បានឱ្យពួកគាត់ទៅជួបមេឃុំវិញ ប៉ុន្តែពួកគាត់មិនព្រមទៅវិញនោះទេ ដោយពួកគាត់​បានអះអាង​ថា ៖ ពួកគាត់បានជួបលោកមេឃុំជាច្រើនដងមកហើយ មិនមានដំណោះស្រាយ ។ មួយសន្ទុះក្រោយមក មានលោកអភិបាលរងស្រុកចិត្របុរី និងលោកមេឃុំបុសលាវ មកជួបពួកគាត់ ហើយបានសន្យាថា និងដោះស្រាយជូនពួកគាត់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនបានបញ្ជាក់ពេលវេលាណាមួយច្បាស់លាស់នោះទេ។ បន្ទាប់ពីទទួលបានការសន្យាពីអាជ្ញាធររួចមក ពួកគាត់បានបំបែកគ្នាទៅផ្ទះវិញ នៅវេលាម៉ោង ១០៖៣០នាទីព្រឹក។
គួររំលឹកផងដែរថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្ដីប្រកាសជូនដំណឹង ឱ្យប្រជាពលរដ្ឋត្រូវបញ្ឈប់ការកាន់កាប់ ដាំដុះបន្ថែម និងរុះរើរបង ពូជដំណាំ និងសម្ភារៈផ្សេងៗ រួចចាកចេញពីទីតាំងនោះ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ជាកំហិត។ ផុតកាលបរិច្ឆេទនេះ ក្រុមការងារខេត្តនឹងដាក់គ្រឿងចក្រចូលសម្អាត។ ករណីមិនសហការ និងមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនឹងអនុវត្តតាមនីតិវិធីច្បាប់ដោយគ្មានលក្ខខណ្ឌ ។ បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះ ពលរដ្ឋមិនព្រមអនុវត្តន៍តាមឡើយ ហើយបានធ្វើការទាមទារតវ៉ាជាបន្តបន្ទាប់រហូតមកទល់ពេលនេះ ដោយមិនទាន់មានដំណោះស្រាយនៅឡើយ ៕