តុលាការកំពូល សម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ ទុកជាបានការដដែលករណី កញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពផ្សេងទៀត

តុលាការកំពូលប្រកាសតម្កល់សាលដីកាសាលាឧទ្ធរណ៍ ករណីកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីព៦នាក់ទៀត
តុលាការកំពូលនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ បានប្រកាសសាលដីកាលើករណីបណ្តឹងសាទុករបស់តំណាងសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ ជុំវិញការមិនសុខចិត្តចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដែលបានសម្រេចផ្ដន្ទាទោសកញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគាររយៈពេល០២ឆ្នាំ ចំណែកកញ្ញា ឈឹម សុខន អ្នកស្រី សុន ស្រីពេជ្រ អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត និងកញ្ញា ទូច សេរីមាស ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ ប៉ុន្តែតម្រូវឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និង០៣រូបទៀត មានអ្នកស្រី រី សុវណ្ណឌី លោក សុខ ណារិទ្ធិ និងលោក សុខ គង្គា ត្រូវបានផ្តន្ទាទោស០១ឆ្នាំ តែត្រូវព្យួរក្រោមបទចោទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ប្រព្រឹត្តនៅប្រទេសកម្ពុជាកាលពីអំឡុងឆ្នាំ២០២២ និងបន្តបន្ទាប់តាមបញ្ញត្តិមាត្រា៤៩៤ និង៤៩៥នៃក្រមព្រហ្មទណ្ឌ ដែលមិនមានអ្វីខុសគ្នាទៅនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញដែលបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នោះទេ។ នៅព្រឹកនេះ នៅក្នុងបន្ទប់ប្រកាសសាលដីកា មានតំណាងប្រតិភូសហភាពអឺរ៉ុប ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ស្ថានទូតអូស្ត្រាលី ស្ថានទូតអាមេរិច និងតំណាងអង្គការសង្គមស៊ីវិល ប្រមាណ២០នាក់ បានចូលតាមដានសង្កេតការណ៍សវនាការផងដែរ។ ចំណែកនៅពីមុខច្រកចូលតុលាការវិញ គេក៏ឃើញមានក្រុមកូដករប្រមាណ២០នាក់បានមកជួបជុំគ្នាលើកទឹកចិត្ត ដោយក្នុងដៃមានកាន់បដាទាមទារឱ្យតុលាការដោះលែង កញ្ញា ឈឹម ស៊ីថរ និងទម្លាក់ចោលបទចោទប្រកាន់មកលើសមាជិកសហជីពផងដែរ៕