ក្រុមហ៊ុន OCIC ឈួសឆាយផ្ទះប្រជាពលរដ្ឋ នៅលើដីទំនាស់ទាំងមិនទាន់មានដំណោះស្រាយ

ក្រុមហ៊ុន OCIC ឈួស​ឆាយ​ផ្ទះ​ប្រជាពលរដ្ឋ នៅលើ​ដីទំនាស់​ទាំង​មិន​ទាន់​មាន​ដំណោះ​ស្រាយ

រាជធានី​ភ្នំពេញ, ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០២០

នៅព្រឹក​ថ្ងៃ២៧ ឧសភា ២០២០ សមត្ថកិច្ច​ចំរុះ​ខណ្ឌ​ជ្រោយចង្វា ប្រមាណ​ជាង ៣០នាក់ ប្រដាប់​ដោយ​អាវុធ និងដំបង បាន​នាំគ្នា​ការពារ​គ្រឿង​ចក្រ​ក្រុមហ៊ុន OCIC ធ្វើការ​ឈួស​ឆាយ​ទៅលើដី​ពលរដ្ឋ ១គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ ៦៥គ្រួសារ​ដែល​កំពុង​មាន​វិវាទ ស្ថិតនៅ​ភូមិ​ដើមគរ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដែលមិន​ទាន់​ទទួល​បានដំណោះ​ស្រាយ​នៅឡើយ ។

ប្រជាពល​រដ្ឋ​ចំនួន ៦៥គ្រួសារ មាន​វិវាទ​ដីធ្លី ទំហំ​ជាង ៤០ហិកតា ជាមួយ​ក្រុមហ៊ុន OCIC តាំង​ពីឆ្នាំ​២០១១ មក​ទល់​បច្ចុប្បន្ន​នេះ មិនទាន់​មាន​ដំណោះ​ស្រាយ​នៅឡើយ​ទេ ដោយសារ​តែភាគី​ខាង​សាលា​រាជធានី​ភ្នំពេញ ​នៅតែ​ប្រកាន់​ជំហរ​ផ្តល់សំណង ជូន​ប្រជាពល​រដ្ឋ ៦៥គ្រួសារត្រឹមតែ ១០ភាគរយ នៃទំហំ​ដីរបស់​ពួកគាត់​តែប៉ុណ្ណោះ ។ ចំណែក​ជំហរ​របស់​ប្រជាពលរដ្ឋ​វិញ ទី១ ប្រកាន់​ជំហរ​ស្នើសុំ​កាត់​ឆ្វៀល និងទី២ ចំពោះ​ដីស្រែ និងចំការ ៥០ភាគរយ សុំលក់​តាម​តម្លៃទីផ្សារ​សេរី និង៥០ភាគរយ​ទៀត ប្រគល់​ទៅសាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន។

ខណៈ​ដែល​បញ្ហា​ទំនាស់​មិនទាន់​ត្រូវ​បាន​ដោះស្រាយ សមាគម​អាដហុក ស្នើរ​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ និងក្រុមហ៊ុន OCIC គួរ​បញ្ឈប់​ការ​ឈួសឆាយ​បន្តទៀត ដោយ​រងចាំការ​ចរចារក​ដំណោះ​ស្រាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដោយ​សន្តិវិធី ដែល​ទទួល​យក​បានជា​មុនសិន ចាំបន្ត​ការអភិវឌ្ឍន៍​គំរោង​វិនិយោគ​របស់​ខ្លួន​បន្ត​ទៀត ។

អត្ថបទ និងរូបភាព៖ ស៊ឹង សែនករុណា