សាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះករណីលោក កឹម សុខា នៅថ្ងៃទី១៥ និង១៦ ខែមករា ឆ្នាំ២០២០

លោក កឹម សុខា​ ​ភេទប្រុស អាយុ ៦៦ឆ្នាំ កើតនៅថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ១៩៥៣ ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ មុនគណបក្សនេះត្រូវបានរំលាយ។​ លោក​ កឹម សុខា ត្រូវបានតុលាការបើកសវនាការជំនុំជម្រះ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅ​សាលសវនាការទី១ ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ៤៧៧៧ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩​ ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។

លោក កឹម សុខា ត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវឃុំខ្លួនជាង១ឆ្នាំ។​ នៅ​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ត ប៉ុន្តែ គាត់មិនត្រូវបានអនុញ្ញាតឲ្យជួបអ្នកដ៏ទៃ ហើយមិនឲ្យចាកចេញពីគេហដ្ឋានរបស់គាត់ រហូតដល់ថ្ងៃ១០ ខែវិច្ឆិកា​​​ ឆ្នាំ២០១៩​​ ទើបលោក កឹម សុខា ត្រូវបាន​ផ្តល់សិទ្ធិសេរី​​ភាពធ្វើដំណើរក្នុងប្រទេស ប៉ុន្តែ គាត់មិនត្រូវបានឲ្យធ្វើនយោបាយ និងមិន​ត្រូវឲ្យចេញទៅក្រៅប្រទេសឡើយ។

សវនាការដែលគេប្រកាសថា ជាសាធារណៈនោះ យើងបានឃើញមានការដាក់ពង្រាយកងកំលាំងប្រដាប់អាវុធ  ជាច្រើននាក់នៅក្បែរទីតាំងសាលាដំបូងរាជធានីភ្នំពេញ ។

តាមការសង្កេតមើលនៅក្នុងអគារសាលាដំបូងរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់គ្រប់ជាន់ ការដាក់ពង្រាយកំលាំងសមត្ថកិច្ច គេដាក់ម៉ាស៊ីនសេ្គននៅតាមច្រកចេញចូល ត្រួតពិនិត្យ សួរនាំ ដូច្នេះ អ្នកចង់ចូលទៅស្តាប់សវនាការជាច្រើននាក់​ ដែលមិនអាចចូលទៅបានដោយហេតុតែមិនត្រូវបានអនុញ្ញាត។ សូមបញ្ជាក់ថា អ្នកចូលរួមស្តាប់ភាគច្រើនជាមន្ត្រីការទូតបរទេស។

តាមសាក្សី មួយរូបដែលបានចូលរួមសវនាការនៅពេលព្រឹកថា គេគ្រាន់តែសួរឈ្មោះសាក្សី ហើយឲ្យភាគីដើមបណ្តឹងរដ្ឋប្បវេណី  និងភាគីជនជាប់ចោទ ដាក់ភស្តុតាងបន្ថែម ។

នៅខាងមុខបរិវេណសាលាដំបូងរាជធានីភ្នំពេញ មានអ្នកសារព័ត៏មាន ពលរដ្ឋ សង្គមស៊ីវិលរាប់រយនាក់ ព្រមទាំងសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាន និងស៊ីវិលនៅលាយឡំគ្នាជាមួយពលរដ្ឋ ដើម្បីតាមដានឃ្លាំមើលអ្នកចូលរួម។​  នៅពេលរសៀល យើងឃើញមាន ក្រុមសមត្ថកិច្ចបានដាក់កាមមេរ៉ាសុវត្ថិភាពនៅជុំវិញ​បរិវេណសាលាដំបូង ។

ជនជាប់ចោទ លោក កឹម សុខា មានសាក្សីជាង ១០ នាក់ (សុំមិនបញ្ចេញឈ្មោះ) ដែលបានចូលរួមក្នុងសវនាការនោះ ។

មេធាវី ជនជាប់ចោទ មាន៖ ១.លោក ចាន់ ចេង ២.កញ្ញា ម៉េង សុភារី ៣.​លោក​ ផែង ហេង ៤.លោក ផាន់ ចាន់សក្ក័ ។

មេធាវី ដើមបណ្តឹងរដ្ឋប្បវេណី មាន៖ ១.លោក គី តិច ២.លោក លី ចាន់តុលា ៣.លោក សាន់ ជួយ និង ៤.លោក ចេង ម៉េងហាប។

ក្រុមប្រឹក្សាជំនុំជម្រះ មាន៖ លោក សៅ កូយ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក សេង លាង​ ចៅក្រម លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រម និងលោក ជ័យ វាសនា ក្រឡាបញ្ជី ។

បទសម្ភាសន៍លើកទី១ និងទី២ ក្រុមមេធាវី ដើមចោទ បានបញ្ជាក់ថា រឿងក្តីនេះពាក់ពន្ធ័ប្រទេសចំនួន ៩ ក្នុងនោះមាន៖ ១.ប្រទេស ឥណ្ឌូនេស៊ី ២.តៃ វ៉ាន់ ៣.យូហ្គោស្លាវី ៤.ឥណ្ឌា ៥.កានណាដា ៦. អូស្ត្រាលី ៧.ស៊ែ ប៊ី ៨.អាមេរិក ៩.សហគមន៏ អឺរ៉ុប (EU)​ ។ ប៉ុន្តែ ប្រទេសទាំងនោះមិនជាប់ពាក់ព័ន្ធបទល្មើសខាងលើនេះទេ។

នៅព្រឹកថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ យើងឃើញមានតែជនជាប់ចោទម្នាក់ ដែលត្រូវតុលាការហៅសាកសួរគឺ លោក កឹម សុខា  លុះពេលល្ងាច តុលាការប្រកាសលើកពេលសវនាការទៅសប្តាហ៏ក្រោយ ។