ប្រជាសហគមន៍ជាង ៥០នាក់ បន្តទាមទារឲ្យមានការដោះលែងលោក ថេង សាវឿន និងសហការរី ២រូបទៀត

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ ជាថ្ងៃទី២ ដែលប្រជាសហគមន៍បានបន្តការទាមទារឲ្យមានការដោះលែង លោក ថេង សាវឿន ប្រធានសមាគមសម្ព័នសហគមន៍កសិករកម្ពុជា និងសហការរីលោក ២រូបទៀត រួមមាន លោក ញឹល ភាព និង លោក ថាន់ ហាច ។ ថ្ងៃនេះផងដែរ #សមាគមអាដហុកសង្កេតឃើញថា មានក្រុមអាជ្ញាធរប្រមាណ ៣០នាក់ ស្លៀកឯកសណ្ឋាន និងខ្លះស៊ីវិល តាមឃ្លាំមើល និងថតរូប អ្នកឃ្លាំមើល និងពលរដ្ឋមកតវ៉ាផងដែរ។ រីឯនៅខេត្តរតនគិរីវិញ ម៉ោងប្រមាណជា២ :០៥នាទី រសៀលថ្ងៃនេះ ខាងនគបាលស្នងការខេត្តរតនគីរី បានជូនដំណឹង ចំពោះលិខិតដែលមេធាវីដាក់មិនបានអនុញ្ញាតឲ្យចូលជួបទេ ព្រោះករណីនេះស្ថិតក្នុងដំណាក់កាលតំណាងអយ្យការហើយ ដូច្នេះសូមឲ្យមេធាវីទំនាក់ទំនង ទៅអយ្យការអមសាលាដំបូងខេត្តរតនគិរីវិញ។ ចំណែកក្រុមគ្រួសារពួកគាត់វិញ នៅមិនទាន់អនុញាតឲ្យជួបអ្នកទាំង៣នាក់ដដែល ចាប់តាំងពីព្រឹកមិញរហូតមកទល់ពេលនេះ ។

 

សូមបញ្ជាក់ថា៖ អ្នកទាំង៣នាក់ខាងលើ ត្រូវបាននគរបាលខេត្តក្រចេះ ឃាត់ខ្លួនសាកសួជាមួយសហការីរបស់ខ្លួនជាង១០នាក់ រួមនឹងក្រុមគ្រួសារពួកគេ ក្រោយមកពីចូលរួមសិក្ខាសាលា ការកសាងក្រុម និងពង្រឹងសមត្ថភាពបុគ្គលិក កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ ក្រោយពីសាកសួរចប់នគរបាលខេត្តក្រចេះ សម្រេចឃាត់ខ្លួនអ្នកទាំង៣នាក់ខាងលើ រួចបញ្ជូនខ្លួនទៅខេត្តរតនគិរី កាលពីម្សិលមិញ ហើយអនុញាតឲ្យក្រុមការងារ និងក្រុមគ្រួសាររបស់ពួកគេបានវិលត្រលប់ទៅភ្នំពេញវិញ ។ សមាគមអាដហុក និងអង្គការសង្គមស៊ីវិលជាដៃគូផ្សេងទៀត ដែលមានការព្រួយបារម្ភពីសុវត្ថិភាពអ្នកទាំង៣នាក់ កំពុងតែឃ្លាំមើល និងតាមដានយ៉ាងយកចិត្តដាក់លើករណីនេះ ៕