សាលាដំបូងរាជធានីភ្នំពេញបន្តបើកសវនាការសំណុំរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ  សាលាដំបូងរាជធានីភ្នំពេញបានបន្តបើកសវនាការលើសំណុំរឿង ពាក់ព័ន្ធនឹងក្រុមអ្នកបញ្ចេញមតិលើបញ្ហាតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម  (CLV)  ដែលក្នុងនោះរួមមាន៖ លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធ លោក សាន អឿន លោក គឹម វឿន លោក ធែល ធីឡែន លោក សេង គឹមលី លោក ឈឺន ចម្រុង អ្នកស្រី ពៅ លីដា លោក ហោ សុខុន លោកស្រី សែម សុផល លោកស្រី ញឹក សារុំ លោក ជិន ប៊ុនរត្ន័ និងលោក ទូត រតនៈ ក្រោមបទចោទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”។ សវនាការនេះគឺជាដំណាក់កាលនៃការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយមុននឹងឈានទៅប្រកាសសាលក្រម ។ បន្ទាប់ពីការធ្វើសេចក្តីសន្និដ្ឋានរបស់តំណាងអយ្យការ និងក្រុមមេធាវីការពារក្តីឱ្យជនជាប់ចោទ ព្រមទាំងសំណូមពររបស់ជនជាប់ចោទម្តងម្នាក់ៗរួចមក ប្រធានអង្គជំនុំជម្រះបានសម្រេចបិទសវនាការដោយលើកការប្រកាសសាលក្រមនៅពេលក្រោយដោយមិនកំណត់ ។

សូមបញ្ជក់ថា ករណីខាងលើនេះ ជនជាប់ចោទទាំងអស់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីកំឡុងខែកក្កដា ឆ្នាំ២០២៤ និងត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នដោយចោទពីបទ ”ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ  ប្រសិនបើតុលាការរកឃើញថាមានទោស នោះនឹងត្រូវដាក់ទោសខ្ពស់បំផុត ២ឆ្នាំ  ប៉ុន្តែគិតមកដល់ពេលនេះពួកគេម្នាក់ៗត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារអស់រយៈពេល ១៩ខែ មានន័យថាជិត ២ឆ្នាំ រួចទៅហើយ៕