កាលពីព្រឹកថ្ងៃទី៨ មីនា ២០២៦ ក្រុមអង្គការសង្គមស៊ីវិលរួមមាន អង្គការ សមាគម សហជីព និងសហព័ន្ធសហជីព ដែលធ្វើការងារផ្នែកលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិស្ត្រី រួមទាំងប្រជាពលរដ្ឋសរុបប្រមាណ ៥០០នាក់ បានមកជួបជុំគ្នានៅចំណុចសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា”CDC”ដើម្បីជួបជុំគ្នាសម្តែងមតិក្នុងឱកាសប្រារព្ធខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ក្រោមប្រធានបទ”អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ សម្រាប់ស្ត្រី និងក្មេងស្រី” ។
សូមបញ្ជាក់ថា បើយោងតាមលិខិតជូនដំណឹងចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រុមអង្គការសង្គមស៊ីវិលដែលបានដាក់ទៅសាលារាជធានីភ្នំពេញ កន្លែងនៃការប្រារព្ធទិវានារីអន្តរជាតិនាព្រឹកនេះ គឺនៅទីលានប្រជាធិបតេយ្យ ប៉ុន្តែត្រូវបានរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាត ដោយស្នើឱ្យក្រុមសង្គមស៊ីវិលទៅរៀបចំនៅទីស្នាក់ការរបស់ខ្លួន ឬទីតាំងឯកជន តាមលិខិត ១៥៦/២៦ ឆត.ច ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។ ជាការឆ្លើយតបចំពោះការមិនអនុញ្ញាតរបស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ក្រុមអង្គការសង្គមស៊ីវិលចំនួន២២ស្ថាប័នបានចេញលិខិតចំហរ ដោយស្នើឱ្យអាជ្ញាធរបំពេញកាតព្វកិច្ចជួយរក្សា ការពារសណ្តាប់ធ្នាប់នៅទីលានប្រជាធិបតេយ្យ អំឡុងពេលពួកគេជួបជុំសម្តែងមតិ ប្រារព្ធខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦។ ភ្លាមៗនោះ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ សាលារាជធានីភ្នំពេញបានអញ្ជើញតំណាងក្រុមអង្គការសង្គមស៊ីវិលចំនួន ៧រូបរួមមាន លោកស្រី អ៊ូ ទេពផល្លីន កញ្ញា ឈឹម ស៊ីថរ លោកស្រី យ៉ាង សុភ័ណ្ឌ លោក វន់ ពៅ លោកស្រី ម៉ៅ ម៉ាប់ កញ្ញា កែវ ចាន់រ៉ា និងលោក ទូច កុសល ដើម្បីពិភាក្សា ជាលទ្ធផលបានសម្រេច និងឯកភាពក្នុងការរៀបចំទិវានេះនៅសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា “CDC” ។
ថ្ងៃនោះផងដែរក៏មានវត្តមានក្រុមអ្នកសង្កេតការណ៍ពី សមាគមអាដហុក អង្គការលីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា UN រួមទាំងមានវត្តអ្នកសារព័ត៌មានតាមសង្កេតមើល ។ ដោយឡែកជុំវិញកន្លែងកម្មវិធីគេក៍ឃើញមានក្រុមអាជ្ញាធរស៊ីវិលប្រមាណ ៥០នាក់ តាមឃ្លាំមើល និងថតរូបផងដែរ។
ជារួមកម្មវិធីនៃទិវានារីអន្តរាជាតិនាព្រឹកនេះគឺគេសង្កេតឃើញមានការប្រព្រឹត្តទៅក្នុងបរិយាកាសរិតត្បឹតសេរីភាព ទាំងមុនពេលរៀបចំ និងក្នុងអំឡុងពេលដំណើរការព្រឹត្តការណ៍៕




