សមាគមអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាព រួមគ្នាចេញផ្សាយរបាយការណ៍សេរីភាពមូលដ្ឋាន ឆ្នាំទី៤

សមាគម​អាដហុក មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និងមជ្ឈមណ្ឌល​សាមគ្គីភាព រួមគ្នាចេញ​ផ្សាយរបាយការណ៍​សេរីភាព​មូលដ្ឋាន ឆ្នាំទី៤

នាព្រឹកថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ សមាគមអាដហុក (ADHOC) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា(CCHR) និង​មជ្ឈមណ្ឌល​សាមគ្គីភាព (Solidarity Center) បាន​សហការ​ប្រារព្ធពិធី​ចេញផ្សាយ​របាយការណ៍​ឃ្លាំមើល លើសេរីភាព​មូលដ្ឋាន ឆ្នាំទី៤ នៅ​សាលប្រជុំ នៃមជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR ។គម្រោង​ឃ្លាំមើល​សេរីភាព​ជាមូលដ្ឋាន​នេះ គឺជាផ្តួច​ផ្តើម​រួមគ្នា​អង្គការ​ទាំង៣ ខាងលើ ដោយបាន​សហការ​គ្នាប្រមូល​ទិន្នន័យ និងចង​ក្រងជា​របាយការណ៍ លើសេរីភាព​មូលដ្ឋាន ដែលមាន សេរីភាព​ជួបប្រជុំ សេរីភាពខាង​សមាគម និងសេរីភាព​បញ្ចេញមតិ ដោយចាប់​ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដោយមាន​ការចូល​ពីអង្គការជាតិ អន្តរជាតិ ម្ចាស់ជំនួយ និងតំណាង​ស្ថានទូត​នានា មួយចំនួន ប្រចាំ​ប្រទេស​កម្ពុជា ។ ព័ត៌មាន​ដែលមាន​ក្នុងរបាយការណ៍​នេះ ត្រូវបាន​ចងក្រង​ឡើងដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទិន្នន័យ ដែល​មានកត់ត្រា​ជាលក្ខណៈ​ប្រព័ន្ធទៅ​លើប្រភព​ទិន្នន័យ ទាំង​បរិមាណ និងគុណភាព ។ ឆ្នាំទី៤នេះ គម្រោង​ឃ្លាំមើល​សេរីភាពមូលដ្ឋាន​បានវិភាគ​លើអត្ថបទ​នៃសារព័ត៌មាន​សរុបចំនួន ១១៩៤ និងរាយការណ៍​ពីហេតុការណ៍​ចំនួន ១១៩ បានធ្វើ​ការស្ទង់មតិ​សាធារណៈ (ទទួលបាន​អ្នកឆ្លើយ​តបសរុប​ចំនួន ៧៧៩ នាក់) បានធ្វើ​ការស្ទង់មតិ​ជាមួយ​ថ្នាក់ដឹក​នាំអង្គការ​សង្គមស៊ិវិល និងសហជីព (ទទួល​បានអ្នក​ឆ្លើយតប​សរុប​ចំនួន ១៤២ នាក់) ព្រមទាំង​បានធ្វើការ​វិភាគ​លើក្រប​ខណ្ឌច្បាប់​កម្ពុជាដែល​ទាក់ទិន​នឹងសេរីភាព​មូលដ្ឋាន ។ លំហ​ក្នុងការ​អនុវត្តសេរីភាព​មូលដ្ឋាន នៅតែ​បន្តរង​ការ​រិតត្បិត ជាក់ស្តែង​របាយការណ៍ឆ្នាំទី៤នេះ រួមមាន ការបន្ត​បង្ក្រាប​លើអ្នក​មានទស្សនៈ​នយោបាយ​ផ្ទុយ បំបិត​នូវការ​បញ្ចេញមតិ​ដែលធ្វើ​ឱ្យ​បរិយាកាស​នៃការបញ្ចេញ​មតិ​នេះមាន​ការរិតត្បិត​លើសេរីភាព​ខ្លួនឯង ការអនុវត្ត​ច្បាប់ព្រហ្មទណ្ឌ​តាមទំនើង​ចិត្ត ពោលគឺ​បទបរិហារ៍កេរ្តិ៍ បទរួម​គំនិតក្បត់ បទញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ និងបទក្លែង​បន្លំព័ត៌មាន និងការ​ថយចុះ​ការយល់ដឹង​របស់​សាធារណៈជន​ចំពោះ​សេរីភាពមូលដ្ឋាន ៕

សេចក្តីលំអិត​នៃ​របាយការណ៍​ឆ្នាំទី៤នេះ មាននៅ​ក្នុងរបាយការណ៍​ជា៖

ភាសាខ្មែរ៖ ការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា

English: Cambodia Fundamental Freedoms Monitor