ប្រជាពលរដ្ឋប្រមាណ៤០នាក់ ស្ថិតក្នុងខេត្តតាកែវ ទទួលចំណេះដឹងពីវគ្គផ្សព្វផ្សាយរបស់សមាគមអាដហុក ក្រោមប្រធានបទ៖ “សុវត្ថិភាពចំណាកស្រុក និងទេសន្តប្រវេសន៏”

ការបើកវគ្គនេះធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិ ត្រពាំងរាំង ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលមានអ្នកចូលរួមប្រមាណ ៤០នាក់ រៀបចំឡើងដោយសមាគមអាដហុក ប្រចាំនៅខេត្តតាកែវ។ ក្នុងគោលបំណង ដើម្បីផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋសហគមន៍ ឱ្យបានយល់ដឹងពីអំពើជួញដូរមនុស្ស (ភេទ,ពលកម្ម និងកេងប្រវ័ញ្ចកំលាំងពលកម្ម) និងការធ្វើទេសន្តរប្រវេសន៍ឱ្យមានសុវតិ្ថភាព។ ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ សហគមន៍សិក្សាស្វែងយល់អំពីច្បាប់មួយចំនួន ល្បិចមេខ្យល់ ការជួញដូរមនុស្ស និងការធ្វើទេសន្តរប្រវេសន៍។ ជំរុញការយល់ដឹង ក្នុងការស្វែងរកសេវាកម្មអាដហុក ដើម្បីអាចជួយខ្លួន គ្រួសារ និង សហគមន៍ ព្រមទាំងធ្វើការផ្សព្វផ្សាយចំណេះដឹងបន្តទៅ បងប្អូន មិត្តភក្តិ នៅក្នុងសហគមន៍របស់ខ្លួន។ នៅថ្ងៃនោះផងដែរ ឃើញថា ប្រជាពលរដ្ឋមានការចាប់អារម្មណ៍យ៉ាងច្រើន ហើយមានគ្រួសារប្រមាណជា ៥ទៅ៦គ្រួសារដែលមានកូនចំណាកស្រុកទៅរកការងារធ្វើ បានលើកឡើងពីកង្វល់ និងដំណើរការព្រមទាំងបញ្ហាប្រឈមផ្សេងៗអំឡុងពេលចាកចេញ។ វគ្គផ្សព្វផ្សាយនេះក៏បានរំលេចនូវចំនុចសំខាន់ៗ និងក៏បានឆ្លើយតបដូចជា ការធ្វើទេសន្តរប្រវេសន៍ស្វែងរកការងារដោយស្របច្បាប់។ ផលប្រយោជន៍ និងបញ្ហាប្រឈមក្នុងការធ្វើទេសន្តរប្រវេសន៍ ស្វែងរកការងារនីតិវិធីនៃការរៀបចំ និងត្រៀមឯកសារក្នុងការធ្វើទេសន្តរប្រវេសន៍ឲ្យមានសុវត្ថិភាព។ បណ្តាញសុវត្ថិភាពដែលអាចជួយពេលមានបញ្ហាប្រឈមក្នុងការធ្វើទេសន្តរប្រវេសន៍ និងកិច្ចអន្តរាគមន៍ ។ និយមន័យអំពើជួញដូរមនុស្ស ធាតុផ្សំនៃបទល្មើសជួញដូរមនុស្ស សញ្ញាសំគាល់ជនពាក់ព័ន្ធក្នុងការជួញដូរមនុស្ស យន្តការច្បាប់ក្នុងការដាក់ទណ្ឌកម្មទៅលើជនល្មើសជាដើម៕