បុគ្គលិកក្រុមហ៊ុន​ណាហ្គាវើល​ដ៍ធ្វើកូដ​កម្ម​ទាមទារ ចំនួន​៣ថ្ងៃជា​បន្ត​បន្ទាប់ ប៉ុន្តែ​នៅតែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នៅឡើយ​

បុគ្គលិកណាហ្គាវើលដ៍ ជាច្រើនរយនាក់ បានចាប់​ផ្តើមធ្វើកូដកម្ម​ទាមទារ ៣ថ្ងៃ​ជាបន្តបន្ទាប់​មកហើយ ចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣នេះ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ។ បើយោងតាម​សេចក្តីជូន​ដំណឹងរបស់​តំណាង​ភាគីកម្មករនិយោជិត ក្នុងការដោះស្រាយ​វិវាទ រវាងកម្មករនិយោជិត និងក្រុមហ៊ុន​ណាហ្គាវើលដ៍ កូដកម្មនេះ​ធ្វើឡើង ក្នុងបំណង ដើម្បីទាមទារ​រកដំណោះស្រាយ​ចំណុចមួយ​ចំនួនដូច​ខាងក្រោម៖

១- ទាមទារឲ្យ​ក្រុមហ៊ុនទទួល​យកថ្នាក់​ដឹកនាំ​សហជីព សមាជិក​ប្រតិភូបុគ្គលិក និងកម្មករ​និយោជិត​សរុបចំនួន ៣៧៣នាក់ ដែលមិន​ព្រមទទួល​យកសំណង​បញ្ចប់កិច្ចសន្យា​ការងារ ចូល​បម្រើការងារ​នៅកន្លែង​ដើម​វិញ រួមទាំង​ផ្តល់ប្រាក់​រំលឹកផ្សេងៗ គិតតាំង​ពីថ្ងៃបញ្ឈប់ រហូតដល់​ថ្ងៃចូល​ធ្វើការវិញ។

២- ទាមទារ​ឲ្យក្រុមហ៊ុន គិតប្រាក់​បំណាច់​បញ្ចប់កិច្ចសន្យាការងារ​បង្គ្រប់បន្ថែម​ឲ្យបានត្រឹមត្រូវ សម្រាប់កម្មករ​និយោជិត​ដែលត្រូវ​បានកាត់​ចេញតាម​គម្រោងកាត់​បន្ថយបុគ្គលិក និងព្រម​ទទួលយក​សំណង​របស់ក្រុមហ៊ុន​ក្នុងអំឡុង​ខែមេសា និងខែ​បន្តបន្ទាប់​ក្នុងឆ្នាំ២០២១ ព្រមទាំង​រក្សាកន្លែង​ការងារ​ឲ្យពួកគាត់​រយៈពេល​២ឆ្នាំ ដោយ​អនុឡោម​តាមមាត្រា៩៥ ច្បាប់ស្តីពីការងារ និងសេចក្តី​បង្គាប់ក្រុម​ប្រឹក្សាអាជ្ញា​កណ្តាល​លេខ០១២/២១ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចវិវាទទី៣។

៣-ទាមទារ​ឲ្យក្រុមហ៊ុន​អនុវត្ត សេចក្តីបង្គាប់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​លេខ០១២/២១ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចវិវាទទី៣ ដោយគិត​ប្រាក់បញ្ចប់​កិច្ចសន្យាការងា​របង្គ្រប់​បន្ថែម​ឲ្យបានត្រឹមត្រូវ​សម្រាប់កម្មករ​និយោជិត ដែលត្រូវ​បានបញ្ឈប់​មិនត្រឹមត្រូវ​តាមច្បាប់​ស្តីពីការងារ​ក្នុងអំឡុង​ចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១។

៤-ទាមទារឲ្យ​ក្រុមហ៊ុន​ផ្តល់ប្រាក់​បំណាច់អតីត​ភាពការងារ និងប្រាក់រំលឹក​អតីតភាព​ការងារ​ឲ្យបាន​ត្រឹមត្រូវតាម​ច្បាប់សម្រាប់​ឆ្នាំ២០២០ និងឆ្នាំ២០២១ ដូចបាន​ចង្អុលបង្ហាញ​ពីរបៀប​គណនាប្រាក់​បំណាច់​ក្នុងចំណុចវិវាទទី៣ នៃសេចក្តី​បង្គាប់ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​លេខ០១២/២១ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។

៥- ទាមទារ​ឲ្យ ក្រុមហ៊ុន​ផ្តល់ប្រាក់​បន្ថែម​ស្មើនឹង ៧%(ប្រាំពីរភាគរយ)លើប្រាក់​ឈ្នួលគោល​បច្ចុប្បន្ន​ឲ្យកម្មករ​និយោជិត​ទាំងអស់ ដើម្បីបំពេញ​អតិផរណា​តម្លៃទំនិញ​លើទីផ្សារ​ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១។

៦- ទាមទារ​ឲ្យ ក្រុមហ៊ុន​បញ្ឈប់ការ​កេងប្រវ័ញ្ច​តាមរយៈ​ប្រើប្រាស់​កម្មករ​និយោជិត​ក្រោមស្លាក កម្មសិក្សា ​និងប្តូរពួក​គាត់ឲ្យក្លាយ​ជាកម្មករ​និយោជិត​ពេញសិទ្ធិ​ដូចកម្មករ​និយោជិត​ផ្សេងៗទៀត។ សម្រាប់កម្មករ​និយោ​ជិតដែល​ក្រុមហ៊ុនបាន​បញ្ចប់កិច្ចសន្យា​កម្មសិក្សា​កន្លងមក ហើ​យពួកគាត់​មិនព្រមទទួល​យកការ​បញ្ចប់កិច្ចសន្យា​នេះ ក្រុមហ៊ុនត្រូវ​បន្តកិច្ចសន្យា​ការងារឲ្យពួក​គាត់ជាបុគ្គលិក​ពេញសិទ្ធិវិញ។ ដោយឡែក​សម្រាប់កម្មករ​និយោជិតកម្ម​សិក្សាដែលព្រម​ទទួលយក​ការបញ្ចប់​កិច្ចសន្យា ក្រុមហ៊ុន​ត្រូវទូរទាត់​ប្រាក់បំណាច់ និងអត្ថប្រយោជន៍​ផ្សេងៗឲ្យ​បានត្រឹមត្រូវ​តាមច្បាប់។

៧- ទាមទារឲ្យ ក្រុមហ៊ុន​ពិនិត្យឡើង​វិញលើ​ការទាមទារ​ដកប្រធាន​ផ្នែកកាស៊ីណូ លោក Florian Pastiu ពីកម្មករ​និយោជិត​ផ្នែកកាស៊ីណូ នាពេល​កន្លងមក។

៨- ទាមទារឲ្យ ក្រុមហ៊ុន​អនុវត្តន៍​សេចក្តីបង្គាប់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​លេខ៤៧/០៩ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០០៩ ត្រង់ចំណុចវិវាទទី៤ ដោយផ្តល់​ប្រាក់ឈ្នួល​គោលស្មើគ្នា ដល់កម្មករ​និយោជិត​ដែលជាជនជាតិ​ខ្មែរ និងកម្មករ​និយោជិត​ដែលជាជនជាតិ​បរទេស ដែលមាន​ឋានៈដូចគ្នា និងនៅផ្នែក​ដូចគ្នា។

៩- ទាមទារឲ្យ ក្រុមហ៊ុនអនុវត្តន៍សេចក្តីបង្គាប់ក្រុមប្រឹក្សាអាជ្ញាកណ្តាល៖

-លេខ១០/១០ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១០ ត្រង់ចំណុចវិវាទទី២ ឲ្យទទួលយកអតីតថ្នាក់ដឹកនាំ     សហ​​ជីព និងប្រតិភូបុគ្គលិក ចំនួន០៤នាក់ ចូលធ្វើការវិញ និងគិតប្រាក់រំលឹកនិងអត្ថប្រយោជន៍ពាក់ព័ន្ធផ្សេងៗទៀត។ -លេខ៧៨/១០ ចុះថ្ងៃទី០៦ ខែកញ្ញា ២០១០ ត្រង់៖

ចំណុចវិវាទទី២៖ ទទួលយក​អតីតកម្មករ​និយោជិត​ចំនួន​០២នាក់ ចូលបម្រើ​ការងារ​នៅកន្លែង​ដើមវិញ​និងផ្តល់ប្រាក់​រំលឹកចាប់​ពីថ្ងៃបញ្ឈប់ រហូតដល់​ថ្ងៃចូល​ធ្វើការវិញ រួមទាំង​អត្ថប្រយោជន៍​ផ្សេងៗទៀត។

ចំណុចវិវាទទី៣៖ ផ្តល់ប្រាក់​បញ្ចប់កិច្ចសន្យា​បង្គ្រប់បន្ថែម​តាមច្បាប់​ឲ្យកម្មករនិយោ​ជិតចំនួន​១៨នាក់ ។

-លេខ​១៨៤/២០១២ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១២ ត្រង់ចំណុចវិវាទទី១ ដោយផ្តល់​ប្រាក់បំណាច់​បញ្ចប់​កិច្ចសន្យា​ឲ្យបានត្រឹមត្រូវ​ដល់អតីត​កម្មករនិយោជិត​ចំនួន​០៣(បី)។

-លេខ០២៨/១៤ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤ ត្រង់ចំណុចវិវាទី២ និងទី៣ ដែលមាន​អតីតកម្មករ​និយោជិត​បានទទួល និងមិនបានទទួលបា្រក់បំណាច់ត្រឹមត្រូវតាមច្បាប់ចំនួន០៨(ប្រាំបី)នាក់។

ស្ថានភាពនៃ​ការទាមទារ​៣ថ្ងៃកន្លង​មកនេះ មានសភាព​តឹងតែង​ខ្លាំង   ដោយមាន​កម្លាំង​សមត្ថកិច្ច​ចម្រុះជាច្រើន​រយនាក់​បានដាក់​ពង្រាយ  និងបិទផ្លូវ​ពីសួនច្បារ​វិមានឯករាជ្យ  រហូតដល់​ចំណុចស្ពាន​កោះពេជ្រ  និងបានត្រៀម​រថយន្​តពេទ្យ និងរថយន្ត​សំរាប់ចាប់​ខ្លួនកូដករ  ។ សមត្ថកិច្ច​ចម្រុះនៅតែបន្ត​រារាំងបាតុកម្ម  ដោយពង្រាយ​កងកម្លាំង​ហ៊ុមព័ទ្ធ និងពិនិត្យ​មើលរាល់​សកម្មភាព​របស់ក្រុម​កូដករ    ខណៈដែល​ក្រុមកូដករ​បានស្រែក​ទាមទារ​តាមឃោសនស័ព្ទ   ការទារទារ​សេរីភាព​សហជិព​មិនមែន​ជាបទ​ឧក្រិដ្ឋ!  ច្រៀងបទ​នគររាជ​ទាំងអស់គ្នា! និងស្រែក​ទាំងអស់​គ្នាថា កូដកម្មៗ!

កូដកម្មទាំង២ថ្ងៃ​កន្លងមក​មិនមាន​ការប៉ះទង្គិច​គ្នានោះទេ ​ប៉ុន្តែយើង​មិនទាន់​ដឹងថា នាថ្ងៃនេះ និងថ្ងៃបន្ទាប់​មានការ​ប៉ះទង្គិច ឬយ៉ាងណា​នោះទេ មុននេះ​បន្តិចសមត្ថកិច្ច​បានជូន​ដំណឹងក្រុម​កូដករបំបែក​នៅវេលា​ម៉ោង ៥ ល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះ។

សមាគមអាដហុក​នឹងបន្ត​ឃ្លាំមើល​ព្រឹត្តិការណ៍នេះ​ជាបន្តបន្ទាប់​ទៀត រហូតដល់​ក្រុមហ៊ុន​មានដំណោះ​ស្រាយសមរម្យ​ណាមួយ​ជាមួយ​កូដករ រហូតឈាន​ដល់កូដកម្ម​បានបញ្ចប់ ។