ថ្ងៃទី២ នៃយុទ្ធនាការហែរក្បួនខួបលោកបណ្ឌិត កែម ឡី របស់យុវជន និងព្រះសង្ឈ ត្រូវបានរារំាង និងឃាត់ខ្លួន ដោយសមត្ថកិច្ចក្រុងដូនកែវ

ថ្ងៃទី២ នៃយុទ្ធនា​ការ​ហែរក្បួន​ខួបលោក​បណ្ឌិត កែម ឡី របស់យុវជន និងព្រះសង្ឈ ត្រូវបាន​រារំាង និង​ឃាត់ខ្លួន ដោយ​សមត្ថកិច្ច​ក្រុង​ដូនកែវ

​សមត្ថកិច្ចក្រុង​ដូនកែវ ខេត្ត​តាកែវ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នេះ ​បានដាក់​ពង្រាយ​កងកម្លាំង​ចំរុះ​ប្រមាណ ១០០នាក់ ធ្វើការ​រារាំង ការហែរ​ក្បួន​របស់​ក្រុមព្រះ​សង្ឃ និងយុវជន​ខ្មែរថាវរៈ (KT), ក្រុមយុវជន​ NOT1MORE (N1M) និងសមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្តខ្មែរ ដែល​មាន​បំណង​ហែរក្បូន​ក្រើន​រំលឹក​ដល់​ពលរដ្ឋ​ និង​សាធារណៈជន​ថា ថ្ងៃស្អែកនេះ​ជាថ្ងៃ​រំលឹក​ខួប​ ៤ឆ្នាំ នៃឃាតករ​បាញ់សម្លាញ់​លោកបណ្ឌិត កែម ឡី ដោយមាន​ចែក​នូវបណ្តោង​សោរ​ដែលមាន​រូបលោក​បណ្ឌិត កែម ឡី សៀវភៅ​ដែលសរសេរ​អំពីលោកបណ្ឌិត កែម ឡី និងចង់​បញ្ជាក់ថា ក្រុមព្រះសង្ឃ និងយុវជន​ទាំងនេះ នៅតែ​ចងចាំ​នូវវីរៈ​ភាពលោក​បណ្ឌិត កែម ឡី ជានិច្ច ។

សូម​បញ្ជាក់​ថា កាលពីបួន​ឆ្នាំមុនគឺ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម​ដ៏ល្បី​ឈ្មោះ​មួយរូប ត្រូវបាន​ឃាតករ​បាញ់សម្លាប់​ខណៈពេល​លោកកំពុង​អង្គុយទទួល​ទានកាហ្វេ នៅក្នុង​ស្តាម៉ាតស្ថាន​នីយ​លក់​ប្រេងឥន្ទនៈកាល់តិច​ស្តុបបូកគោ ហើយ​រហូត​មកដល់​ពេលនេះ ប្រពន្ធ និង​កូនរបស់​លោកដែល​កំពុងរស់​នៅភៀសខ្លួន ដោយការ​ភ័យខ្លាច​ព្រមទាំង​ក្រុមគ្រួសារ នៅមិនទាន់​ទទួលបាន​យុត្តិធម៌​នៅឡើយ ក្រៅតែពី​សមត្ថកិច្ច​បានចាប់ឃុំ​ខ្លួនបុរស​ម្នាក់​ឈ្មោះ អ៊ឿត អាង ហៅជួបសម្លាប់ ដាក់ពន្ធនាគារ​តែប៉ុណ្ណោះ ។

ក្នុងព្រឹត្តិការណ៍​នាព្រឹក​នេះដែរ នៅវេលា​ម៉ោង​ប្រហែល ៨កន្លះ បន្ទាប់​ពីក្រុមព្រះសង្ឃ​ចំនួន ៨អង្គ និងយុវជន​ចំនួន ១៩នាក់ ដើរហែរ​ក្បួន​ចេញ​ពីផ្ទះ​លោកបណ្ឌិត កែម ឡី នៅ​ភូមិអង្គតា​កុប ឃុំលាយបូរ​ ស្រុកត្រាំកក់ ខេត្តតាកែវ ព្យាយាម​ហែរចូល​ក្រុងដូវកែវ​ (ទីរួមខេត្តតាកែវ) ត្រូវបាន​សមត្ថកិច្ច​ចំរុះប្រមាណជា ១០០នាក់ បានដាក់​រនាំង​ការពារ​មិនឲ្យ​ក្រុមព្រះសង្ឃ និងយុវជន​ហែរក្បួន​ចូលទៅទី​ប្រជុំជន​ឡើយ ។ ក្នុងខណៈ​នោះផង​ដែរ សមត្ថកិច្ច​ក្រុងដូនកែវ បានឃាត់​ខ្លួនបុរស​ម្នាក់ឈ្មោះ ស៊ឹប​ សម្បត្តិ អាយុ ៤០ឆ្នាំ ជាអ្នករត់​គង់បី​ឥណ្ឌា ដែលបាន​ដឹកសម្ភារៈ និងព្រះសង្ឃ យុវជន​មកពី​រាជធានី​ភ្នំពេញ ធ្វើការ​សាកសួរ​ជាងមួយម៉ោង រួចក៏​ឲ្យផ្តិតមេដៃ​លើកំណត់ហេតុ ទើបបាន​ដោះលែង​វិញ ។ បន្ទាប់ពី​បញ្ចៀស​ឲ្យហែរក្បួន​ចូលក្រុង​ដូនកែវ សមត្ថកិច្ច​បានតាម​ឃ្លាំមើល និងរារាំង​ជាលើកទី២ ដោយមាន​មន្ត្រី​សង្ឃ​ខេត្តតាកែវ ប្រមាណជា ៦អង្គ មកធ្វើការ​សួរនាំ​រកច្បាប់​ទំលាប់ដល់​ក្រុមព្រះសង្ឃ​ដែលបាន​ចូលរួម​ហែរក្បួន ជាមួយ​យុវជន​ទាំងនោះ ។ បន្ទាប់ពី​មានការ​សម្រប​សម្រួល​គ្នារួច ក្រុមព្រះ​សង្ឃ និងយុវជន​ក៏បាន​ហែរក្បួន​តាមផ្លូវ​ក្រវ៉ាត់​ក្រុងដូនកែវ ត្រលប់​ចូលមក​ផ្ទះលោក​បណ្ឌិត កែម ឡី វិញ ដោយមិន​មានហិង្សា​អ្វីកើត​ឡើងនោះទេ ។ ​

សកម្មភាព​របស់​អាជ្ញាធរ​ខាងលើ​នេះ ជាហេតុ​បណ្តាល​ឲ្យក្រុម​យុវជន និងអ្នក​ដែល​ប្រឡាញ់ គាំទ្រលោក​បណ្ឌិត កែម ឡី មិនអាច​ធ្វើការ​ហែរក្បួន​ចូលក្រុង​ដូនកែវ បានតាម​បំណង​ដែលបាន​គ្រោង​នោះឡើយ ក៏បង្ខំ​ចិត្តដើរ​ហែរតាម​ផ្លូវដែល​ក្រុមអាជ្ញាធរ​ធ្វើការបញ្ចៀស​នៅផ្លូវ​ជុំវិញ​ក្រុងដូន​កែវ ដោយ​មានការ​តាមឃ្លាំ​មើលពី​សំណាក់​ក្រុមសម្ថកិច្ច​ចំរុះ​ទាំងនោះ​ជាប់ជា​និច្ច ។ ​