ការ​ឆ្លុះ​បញ្ចាំង​​ទិន្ន​ន័យ​នៃ​ការ​រំ​លោភ​សិទ្ធិ​ស្ត្រី​ ឆ្នាំ​២០​២០​-២០​២១​

​​ការ​ឆ្លុះ​បញ្ចាំង​​ទិន្ន​ន័យ​នៃ​ការ​រំ​លោភ​សិទ្ធិ​ស្ត្រី​ ឆ្នាំ​២០​២០​-២០​២១​

ទិវា​អន្តរ​ជាតិ​នារី​៨​មី​នា​ គឺ​ជា​ព្រឹត្តិ​ការណ៍​ស​ក​ល​ដែល​ម​នុស្ស​ទូ​ទៅ​​ជុំ​វិញ​ពិ​ភព​លោក​ ជា​ពិ​សេស​គឺស្រ្តី​ បាន​នាំ​គ្នា​ប្រា​រព្ធ​​ឡើង​ដើ​ម្បី​រំ​លឹក​ដល់​វីរៈ​ភាព​នៃ​ការ​តស៊ូ​ទាម​ទារ​សិទ្ធិ​សេរី​ភាព​របស់​ស្ត្រី​ ប្រ​ឆាំង​នឹង​ការ​រើស​​អើង​​ភេទ​ ព្រម​ទាំង​អ​​ស​ម​ភាព​ទាំង​អស់​រវាង​បុរស​ និង​ស្ត្រី​។ មុន​នឹង​មាន​ការ​ទ​ទួល​ស្គាល់​ជា​លក្ខណៈ​អន្តរ​ជាតិ​រហូត​សព្វ​ថ្ងៃ​នេះ​ គឺ​មាន​​ការ​តស៊ូ​ប្រឹង​ប្រែង​ អស់​ប្រ​មាណ​​មួយ​​ស​តវត្ស​ ពី​សំ​ណាក់​សកម្មជន​ស្រ្តី​​ ដើម្បី​​ឲ្យ​​មាន​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំ​និត​សង្គម​ក្នុង​ការ​ទទួល​ស្គាល់​សិទ្ធិ​របស់​ស្ត្រី។​ ​បើ​យើង​ប្រៀប​ធៀប​ប្រវត្តិ​អន្តរជាតិ​នារី ​៨ មីនា​ ទៅ​នឹង​កំណើត​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ ​ឃើញ​ថា​ប្រវត្តិ​ទិវា​សិទិ្ធ​អន្តរជាតិ​នារី​ ៨ មីនា ​មាន​កំណើត​មុន​អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ទៅ​ទៀត។​

នៅ​ក្នុង​ប្រទេស​កម្ពុជា​ ទិវា​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ស្ទើរ​តែ​គ្រប់​ស្ថាប័ន​រដ្ឋ ​និង​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការ​ងារ​ពាក់​ព័ន្ធ​នឹង​ការ​លើក​កម្ពស់​សិទ្ធិ​ស្រ្តី ​និង​កុមារ​ក្រោម​ប្រ​ធាន​បទ​ផ្សេងៗ​គ្នា ​ក្នុង​គោល​បំណង​ដើម្បី​អំ​ពាវ​នាវ​ និង​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​គ្រប់​រូប ​ទាំង​បុរស​ ស្ត្រី​ និង​ភេទ​ដទៃ​ទៀត​ ជា​ពិសេស​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច ​ដើម្បី​ចូល​រួម​ទប់​ស្កាត់​ និង​លុប​បំ​បាត់​នូវ​បញ្ហា​ និង​ការ​រើស​អើង​គ្រប់​រូប​ភាព​ដែល​មាន​ចំ​ពោះ​ស្ត្រី ​និង​កុមារី​។ ស្រប​ពេល​ដែល​កំពុង​ស្ថិត​ក្នុង​កាលៈ​ទេសៈ​មួយ​ដែល​នៅ​តែ​បន្ត​ ការ​រើស​អើង ​ការ​រំលោភ​សិទ្ធិ​សេរី​ភាព​ ការ​កេង​ប្រវ័ញ​ផ្នែក​សេដ្ឋ​កិច្ច ​អំពើ​ហិង្សា ​និង​ការ​ចាប់​ដាក់​ពន្ធនាគារ ​សម្រាប់​ស្រ្តី ​និង​គ្រួសារ​របស់​ពួក​គេ ​ជា​ពិសេស​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការរីករាល​ដាល​នៃ​ជំងឺរាត​ត្បាត​ កូវីដ​-១៩​ ចាប់​តាំង​ពីចុង​ឆ្នាំ ​២០១៩​ ។ ក្រៅ​ពី​ការ​រាយ​ការណ៍​អំពី​ការ​ធ្លាក់​ចុះ​នូវ​សេដ្ឋកិច្ច​ ឃើញ​ថា ​ទាំង​សិទ្ធិ ​និង​សេរីភាព​ជា​មូល​ដ្ឋាន​ក៍​ត្រូវ​បាន​រំលោភ​ រារាំង​ និង​រឹត​ត្បិត​តាម​រូបភាព​ផ្សេងៗ​ផងដែរ​ ។ ជាក់​ស្តែង​កន្លង​មក​យើង​ឃើញ​មានការ​ប្រើ​នូវ​អំពើ​ហិង្សា​ និង ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលា​ការ​ ដើម្បី​ចាប់​ខ្លួន​សកម្មជន​ដែល​ជា​សមាជិក​គ្រួសារ​ ក៏​ដូច​ជា​ការ​ចាប់​ខ្លួន ​ការ​ធ្វើ​ទុក្ខបុក​ម្និញ​ទៅ​លើ​ក្រុម​ស្ត្រីដែល​សកម្ម​ក្នុង​ការ​ចូល​រួម​តស៊ូម​តិទាមទារ​យុត្តិធម៌​ ការ​ពារ​ធន​ធាន​ធម្មជាតិ​ ដីធ្លី​ សិទ្ធិ​មនុស្ស​ សិទ្ធិ​ការ​ងារ​ លក្ខខ័ណ្ឌ​ការ​ងារ​ និង​កិច្ច​ការ​ងារ​សង្គម​ផ្សេងៗ​ទៀត​ជា​ដើម​ ហើយ​ជាង​នេះ​ទៅ​ទៀត​ ថ្មីៗ​នេះ​មាន​ការ​ប្រើ​ប្រាស់​ច្បាប់​កូវីដ១៩​ដោយ​មិន​សម​ហេតុ​ផល​ទៅ​លើ​ក្រុម​កូដករ​អហិង្សា​ណា​ហ្គាវើល​ ថែម​ទៀត​ផង​ ។ ទាំង​នេះ​ហើយ​ដែល​យើង​មើល​ឃើញ​ថា ​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ថាន​ភាព​រស់​នៅ​របស់​ស្ត្រី​កាន់​តែ​មាន​ភាព​លំ​បាក​បន្ថែម​មួយ​កំរឹត​ទៀត​ ពី​លើ​ផ្នត់​គំ​និត​យេនឌ័រ​ និង​ការ​រើស​អើង​ពី​សង្គម។

បច្ចុប្បន្ន​យើង​ឃើញ​ថា ​កម្ពុជា​មាន​លិខិត​បទ​ដ្ឋាន​គតិយុត្តិ​ទាំងច្បាប់​ជាតិ ​និង​ច្បាប់​អន្តរ​ជាតិ​ជា​ច្រើន ​រួម​មាន​ដូច​ជា ​រដ្ឋ​ធម្មនុញ្ញ​ ក្រម​រដ្ឋប្បវេណី ​ច្បាប់​ស្តីពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​កិច្ច​ការ​ពារ​ជន​រង​គ្រោះ​ ច្បាប់​ស្តីពី​បង្រ្កាប​អំពើ​ជួញ​ដូរ​មនុស្ស ​និង​អំពើ​ធ្វើ​អាជីវ​កម្មផ្លូវភេទ​ អនុសញ្ញា​ស្តី​ការ​លប់​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្រ្តីភេទ​ សេច​ក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស​ជាដើម​ ដែល​ធានា​ដល់​ការ​លើក​កម្ពស់​ សិទ្ធិស្រ្តី ​សម​ភាព​យេនឌ័រ​ ភាព​ស្មើគ្នារ​វាង​បុរស​ និង​ស្រ្តី ​និង​ការ​បញ្ឈប់​រាល់​ទម្រង់​នៃ​កា​ររើស​អើង​ចំពោះ​ស្រ្តី​។ល។ ​ ប៉ុន្តែ​ជាក់​ស្តែង​ បន្ថែម​ពី​អ្វីដែល​បាន​លើក​ឡើង​ខាង​លើ ​នៅ​ក្នុង​ឆ្នាំ២០២០​-២០២១​ នេះ ​សមាគម​អាដ​ហុក​បាន​រក​ឃើញ​ថា ​ជា​រើយៗ​ស្រ្តីនៅ​តែ​ទទួល​រង​គ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​តាម​រូបភាព​ផ្សេងៗ​ដូច​ជា​ អំ​ពើ​រំលោភ​សេព​សន្ថវៈ​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ការ​ជួញ​ដូរ​មនុស្ស​(ការ​ជួញ​ដូរ​ភេទ​ និង​កម្លាំង​ពល​កម្ម​)ជា​ដើម​។

ករណី​រំលោភ​សេព​សន្ថវៈ​ ក្នុង​រយៈ​ពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ ​សមាគម​អាដ​ហុក​ ទទួល​បាន​ពាក្យ​បណ្តឹង​ចំនួន​ ២៤៣​ករណី ​ដែល​នៅ​ក្នុង​ចំណោម​ករណី​ទាំង​នេះ​ភាគ​ច្រើន​គឺ​កើត​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ កំពត​ កំពង់​ធំ ​និង​បន្ទាយ​មាន​ជ័យ។​ ការ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្មណ៍​ទៀត​នោះ​គឺ ​ជន​ប្រព្រឹត្ត ៩%​ជា​ឪពុក​បង្កើត​ ៤%​ជា​ជីតា​បង្កើត​ និង​ ១២%​ជា​ឪពុក​ចុង​ ក្រៅ​ពី​នោះ​គឺ​ជា​អ្នក​ជិត​ខាង​ សាច់​ញតិ ​មិត្តភ័ក្ក​។ រីឯ​មូល​ហេតុ​ចំបងៗ​នៃ​អំពើ​នេះ​គឺ​បណ្តាល​មក​ពី​ វិសម​ភាព​យេនឌ័រ​ បុរស​នៅ​តែ​បន្តការ​មើល​ងាយ​ស្រ្តី​ និង​​ក្មេង​ស្រី ​ការ​ចុះខ្សោយ​នៃ​សីធម៌​សង្គម​ ឥទ្ធិពល​នៃ​គ្រឿង​ញៀន​ បញ្ហា​សន្តិសុខ​សង្គម​  ឪពុក​ម្តាយ​ចំណាក​ស្រុក​ទៅ​ធ្វើការ​ងារ​ឆ្ងាយ​ផ្ទះ​ ការ​រីក​ចំរើន​នៃ​បច្ចេក​វិទ្យា​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ រួម​ទាំង​បញ្ហា​និទណ្ឌ​ភាព​។

ដូច​គ្នា​នេះ​ដែរ​ ចំពោះ​ករណី​ហិង្សា​ក្នុង​គ្រួសារ​ សមាគម​អាដហុក​ ទទួល​បាន​ពាក្យ​បណ្តឹង​សុំអន្តរាគមន៍​ ចំនួន​ ១៧៣​ករណី​ ហើយ​ដែល​ក្នុង​នោះ​យើង​បាន​រក​ឃើញ​ថា​ ៥៨% ​ជន​ប្រព្រឹត្ត​គឺ​ជាបុរស​(ប្តី)​។ តាម​ការ​កត់​សំគាល់​មូល​ហេតុ​ចំ​បង​ដែល​បណ្តាល​ឲ្យ​មាន​អំពើ​ហិង្សា​គឺ​ដោយ​សារ​បុរស​ជា​ប្តី​មិន​យល់​ មិន​ឲ្យ​តម្លៃ​ គិត​ថា​ស្រ្តី​ជា​ភេទ​ទន់​ខ្សោយ​ មាន​តម្លៃ​ទាប​ជាង​បុរស ​ទាំង​នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី ​      អតុល្យ​ភាព​នៃ​អំណាច​រវាង​បុរស​ និង​ស្រ្តី។​ បន្ថែម​ពី​នេះ​ដោយ​សារ​តែ​ស្ថាន​ភាព​ជីវភាព​ក្រីក្រ ​បាត់​បង់​ដីធ្លី ​សេដ្ឋ​កិច្ចធ្លាក់​ចុះ​ ជំ​ពាក់​បំណុល​ ជា​ពិសេស​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម​ ទស្សនៈ​សង្គម​ និង​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កំរិត​។

ជា​មួយ​នេះ​ដែរ​ចំពោះ​អំពើ​ជួញ​ដូរ​មនុស្ស​ក៍មិន​ខុស​ប៉ុន្មាន​ពី​ករណី​ទាំង​ពីរ​ខាង​លើ​ដែរ​ គឺពីរ​ឆ្នាំនេះ ​សមាគម​អាដហុក​ ទទួល​បាន​ពាក្យ​បណ្តឹង​សុរប​ ១១៥​ករណី ​ដែល​ក្នុង​នោះ​ការ​ជួញ​ដូរ​ភេទ​មាន​ ៨០​ករណី ​និង​ការ​ជួញ​ដូរ​កម្លាំង​ពល​កម្ម​មាន​ ៣៥​ករណី​។  ​រីឯ​មូល​ហេតុ​ចំបងៗ​នោះ​គឺបណ្តាល​មក​ពី ​បញ្ហា​អត់​ការ​ងារ​ធ្វើ​ ខ្វះ​ខាត​ជីវ​ភាព​ មិន​មាន​ដីធ្លី​គ្រប់​គ្រាន់​ ផលិត​ផល​កសិកម្ម​មិន​សូវ​បាន​ថ្លៃ គ្មាន​ទីផ្សារ​ ជំពាក់​បំណុល​គេ ហិង្សា​ក្នុង​គ្រួសារ​ ទស្សនៈ​សង្គម​ ភាព​ជឿន​លឿន​នៃបច្ចេកវិទ្យា​ មេ​ខ្យល់​មាន​ល្បិច​កល់​ខ្ពស់ ​មាន​បណ្តាញ​ ជា​ពិសេស​ការ​ធូរ​លុង​នៅ​តាម​ព្រំដែន​។

តាម​រយៈ​ទិន្នន័យ​ខាង​លើ​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា​ បច្ចុប្បន្ន​នេះ​ស្រ្តី​នៅ​តែ​បន្ត​រង​គ្រោះ​ពី​ការ​រំលោភ​បំពាន​ ទាំង​ផ្លូវកាយ​ ផ្លូវភេទ​ និង​ផ្លូវ​ចិត្ត​ បើ​ទោះ​បី​ជា​កន្លង​មក​មាន​កិច្ច​ខំប្រឹងប្រែង​ជា​ច្រើន​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ ជា​ពិ​សេស​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ តួយ៉ាង​ដូច​ជា​សមាគម​អាដហុក​ ដែល​កន្លង​មក​បាន​ខិត​ខំប្រឹង​ប្រែង​តាម​រយៈ​សកម្មភាព​មួយ​ចំនួន​ដូច​ជា​ ការ​ផ្សព្វផ្សាយ​បង្កើន​ការ​យល់​ដឹង​អំពី​សិទ្ធិ​មនុស្ស ​សិទ្ធិ​ស្រ្តី ​ សម​ភាព​យេនឌ័រ​ និង​ច្បាប់​ពាក់ព័ន្ធ​ផ្សេងៗ​ ក៍​ដូច​ជា​ការផ្តល់​ការ​ការ​ពារ​តាម​រយៈ​ការ​អង្កេត ​អន្តរាគមន៍​ និង​ការ​ផ្តល់​មេធាវី​ ដើម្បី​ធ្វើ​យ៉ាង​ណា​ធា​នា​ថា​ជន​រងគ្រោះ​ទទួល​បាន​យុត្តិធម៌ ​ហើយ​ជន​ប្រព្រឹត្ត​ត្រូវ​តែ​ទទួល​ទោស​ទណ្ឌ​ទៅ​តាម​ព្យសនកម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ និង​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​ការបញ្ឈប់​អំពើ​និទណ្ឌភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ដូច្នេះ​គ្រប់​ភាគី​ពាក់ព័ន្ធ​ជា​ពិសេស​អាជ្ញាធ​រដ្ឋត្រូវ​ពង្រឹង​បន្ថែម​ចំពោះ​កិច្ចគាំពារ​ដល់​ស្រ្តី និងកុមារ​ ឆ្លើយ​តបតម្រូវ​ការ​របស់​ស្រ្តី​ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ជា​ពិសេស​ការស្តែង​ចេញ​ជា​សកម្មភាព ​និង​ផែន​ការ​ជាក់ស្តែង​។ ផ្តល់​ឱកាស​ឲ្យស្រ្តី​បាន​ចូល​រួម​អនុវត្ត​នូវ​សិទ្ធិ​របស់​ខ្លួន​ឲ្យបាន​ពេញ​លេញ។ ទទ្ទឹម​នឹង​នេះ​ផង​ដែរ​ស្រ្តី​ត្រូវ​តែ​ចាប់​ផ្តើម​ពីថ្ងៃ​នេះ​ពង្រឹង​សមត្ថភាព​ ចំណេះ​ជំនាញ​ និង​ជំនឿ​ចិត្ត​លើខ្លួន​ឯង​ ហើយ​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ច​ការ​ងារ​នានា​គ្រប់​កំរិត​ ត្រូវ​តែ​ហ៊ាន​លើក​ឡើង​ពីបញ្ហា​ និង​តម្រូវ​ការ​ជាក់​លាក់​របស់​ខ្លួន​។

 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

  • លោកស្រី ម៉ៅ ម៉ាប់ ប្រធានផ្នែកសិទ្ធិស្ត្រី និងកុមារ នៃសមាគមអាដហុក ០៨៦ ៤៧៩ ៦៦៦
  • លោកស្រី មាស សាអ៊ីម អនុប្រធានផ្នែកសិទ្ធិស្ត្រី និងកុមារ នៃសមាគមអាដហុក ០៨៦ ៣៨២ ៦៦៦