សេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិលប្រារព្ធទិវាពលកម្មអន្តរជាតិ លើកទី ១៣៩ ក្រោមប្រធានបទ «រួមគ្នាបន្តអនុវត្តសេរីភាពមូលដ្ឋាន ដើម្បីធានាយុត្តិធម៌សង្គម»

រាជធានីភ្នំពេញ​ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥

យើងខ្ញុំ​​ទាំងអស់គ្នាជាក្រុម​សង្គម​ស៊ីវិល ដូចជា​ សហភាព​សហជីព និងសហព័ន្ធសហជីពឯករាជ្យ អង្គការ​ធ្វើការងារ​ផ្នែក​​សិទ្ធិ​ស្ត្រី និង​ការងារ បណ្តាញ​យុវជន អ្នក​ប្រកបរបរ​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ​សហគមន៍មូលដ្ឋាន​ និង​កម្មករ​និយោជិតក្នុង​វិស័យផ្សេងៗ ដូច​មាន​រាយ​នាម​ខាងក្រោម ​បានរួប​​រួមគ្នាប្រារព្ធទិវាពលកម្ម​អន្តរ​ជាតិលើក​ទី ១៣៩ ​ក្រោម ប្រធានបទ « រួមគ្នាបន្តអនុវត្តសេរីភាពមូលដ្ឋាន ដើម្បីធានាយុត្តិធម៌សង្គម»។​

វិស័យ​​ការងារនៅតែ​ជាវិស័យចម្បង​បំផុតមួយរបស់​ប្រទេស​កម្ពុជា​ដែលស្រូប​យក​​​កម្លាំងពលកម្ម​​សរុបប្រមាណ ៩,២៣លាននាក់ ក្នុងនោះ ផ្នែក​វាយ​នភណ្ឌ​ កាត់ដេរ​ ផលិត​ស្បែក​ជើង​ និង​ផលិត​ផល​ធ្វើ​ដំណើរ​ និង​កាបូប​ មានកម្មករ និយោជិតបម្រើការងារសរុបប្រមាណ ៩២៥.០០០ នាក់ វិស័យសណ្ឋាគារ ទេសចរណ៍ និងសេវាកម្មប្រមាណ​ ៦៣០.០០០ នាក់  និង​វិស័យសំណង់ប្រមាណជិត ៣ សែននាក់។ ​បន្ថែម​លើនោះ​​ ប្រជាពលរដ្ឋប្រហែល៦៣ ភាគរយ ពឹង​ផ្អែក​លើ​កសិកម្ម​ដើម្បីផ្គត់ផ្គង់ជីវភាព និង​បំពេញ​តម្រូវ​ការផ្នែកសន្តិសុខស្បៀងអាហារ។ លើ​សពីនេះ ក្នុងឆ្នាំ ២០២៤ ពលករចំណាកស្រុកប្រមាណ ១,៣៨ លាននាក់ បានផ្ញើចំណូលមកគ្រួសារ​របស់ពួកគេ​ប្រមាណ ,៩៥ពាន់លានដុល្លារ អាម៉េរិក ស្មើប្រមាណ ១១ ភាគរយ នៃចំណូលសរុបប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋ (GDP)។ យោងតាមការវាយតម្លៃរបស់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស​ («សង់ត្រាល់») ក្នុងឆ្នាំ ២០២៤ ពលករចំណាកស្រុកមួយនាក់បានបែង ចែកចំណូលទាំងនោះទៅកាន់សមាជិកគ្រួសារយ៉ាងហោចណាស់ពី ២ ទៅ ៣ នាក់។

​            ការ​ទទួល​បាន​កំណើន​​ប្រាក់​ចំណូលខ្ពស់របស់​ប្រទេស​កម្ពុជា​​​ គឺបាន​មកពីការ​ប្រឹង​ប្រែង​ធ្វើការងារ​របស់​​កម្មករ និយោជិត​​ក្នុង​វិស័យ​ទាំង​នោះ តែទោះ​ជាយ៉ាង​នេះ​ក្តី ​ក​ម្មករនិយោជិត​​ទទួល​បាន​​ប្រាក់ឈ្នួល​ទាប។ ​ជាង​នេះ​ទៀត ​កម្មករ​ក្នុង​​វិស័យ​ខ្លះ​ ដូច​ជា ​សំណង់ ទេសចរណ៍ សេវាកម្ម​ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាដើមនៅតែ​ស្ថិត​ក្រៅ​​ក្របខ័ណ្ឌ​ប្រាក់​ឈ្នួល​អប្បបរមាដែល​កំណត់​ដោយ​រដ្ឋាភិបាល​ ដែល​នេះ​ធ្វើ​ឱ្យ​ពួកគេ​ងាយ​ប្រឈម​នឹង​ការ​កេង​ប្រវ័ញ្ច​។ វិស័យ​​​វាយ​នភណ្ឌ​ កាត់ដេរ​ ផលិត​ស្បែក​ជើង​ និង​ផលិត​ផល​ធ្វើ​ដំណើរ​ និង​កាបូប គឺជាវិស័យ​តែមួយ​គត់​ដែល​មាន​ការ​កំណត់​ប្រាក់ឈ្នួល អប្បបរមា​ តែយ៉ាងណានេះ​ក្តី​ ​ប្រាក់ឈ្នួលអប្បបរមាក្នុង​វិស័យ​នេះ មាន​កម្រិត​ទាប​​មិន​ឆ្លើយ​តប​ទៅនឹងការកើនឡើង យ៉ាង​ឆាប់រហ័សនៃ​តម្លៃ​​ទំនិញ​នៅលើ​ទីផ្សារឡើយ​។ ក្នុង​​ឆ្នាំ​២០២៥ ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិតផ្នែក​វាយ​នភណ្ឌ​ កាត់ដេរ​ ផលិត​ស្បែក​ជើង​ និង​ផលិត​ផល​ធ្វើ​ដំណើរ​ និង​កាបូប​ ត្រូវបានដំឡើង​​ត្រឹម​តែ ២០៨ ដុល្លារអាម៉េរិក ប៉ុណ្ណោះ​ ដែល​នៅ​មានគម្លាត​ខ្លាំងជាមួយ​នឹងរបាយការណ៍​របស់​សម្ព័ន្ធ​ប្រាក់​ឈ្នួល​អាស៊ី ដែលបានបង្ហាញថា ប្រាក់ឈ្នួល សម្រាប់ជីវភាពសមរម្យនៅកម្ពុជា គឺ​ប្រមាណ ៦៤៤.១២​ ដុល្លារ​អាម៉េរិក​ ឬស្មើ​ប្រមាណ​ ២.៦៤១.៨៩០. ៨៦ រៀល

កម្មករ​និយោជិត ជាពិសេស​ កម្មការិនី​នៅតែ​ប្រឈមបញ្ហា​នៅ​កន្លែង​ការងារ​ ដូចជា កិច្ចសន្យាការងារមានថិរវេលា ខ្លីសម្ពាធ​​ការងារត្រូវ​​​បំពេញ​តាម​បរិមាណផលិតកម្ម លក្ខខណ្ឌការងារមិនសមរម្យ ការប្រឈមនឹងបញ្ហាសុខភាពដោយសារការសាយភាយនៃសារធាតុគីមីនៅ​រោង​ចក្រកម្តៅខ្លាំងអំពើហិង្សា​ទាក់ទងនឹង​យេនឌ័រ​ និង​ការបៀត​បៀន ការរើស​អើង​ពីនិយោជកកង្វះទារកដ្ឋាននៅកន្លែងការងារ ព្រម​ទាំង​ការគំរាម​បញ្ឈប់​ពីការងារ​ដោយ​ពុំត្រឹម​ត្រូវ​។ នៅពេល​កម្មករ​លើក​ឡើង​អំពី​ករណីទាំងនេះ​ ជារឿយៗ​​ប្រឈមនឹង​ការ​ព្យាបាទ ដូចជា គំរាម​ដោយ​ពាក្យ​សម្តី ឬបញ្ឈប់ពីការងារ​ដោយ​ខុស​ច្បាប់ជាដើម​។

លើសពីនោះ កម្មករ​និយោជិត​ និង​ថ្នាក់ដឹកនាំសហជីពមួយ​ចំនួន​នៅ​តែប្រឈមឧបសគ្គ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​​សេរីភាពមូលដ្ឋានរបស់​ខ្លួន​ ដូចជា សេរីភាពក្នុងការបញ្ចេញមតិ សេរីភាព​ក្នុងការ​បង្កើតសហជីព​ និងសិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី ទោះបីជា​សិទ្ធិ​សេរីភាព​ទាំងនេះ​ត្រូវបាន​ការពារដោយ​​​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា និង​កតិកាសញ្ញាអន្ត​រជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយក៏​ដោយ​។ កម្មករ​ និង​ថ្នាក់ដឹកនាំសហជីពរង​ការ​ចាប់​ខ្លួន​ និង​ចោទប្រកាន់ពីបទល្មើសព្រហ្ម ទណ្ឌធ្ងន់ធ្ងរ ​ឬការ​ដាក់ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ​ដោយសារ​តែការ​អនុវត្ត​សិទ្ធិ​សេរីភាពមូលដ្ឋាន​​ទាំង​នេះ​​ និងភាពសកម្មនិយមរបស់អ្នកទាំងនោះលើសិទិ្ធការងារ​។

នៅក្នុងអំឡុង​ពេល​ដំណើរ​ការ​ពិនិត្យ​ជាសកល​តាម​កាល​កំណត់ («យូភីអ») ជុំទី៣ និងជុំទី៤ របស់​ប្រទេស​កម្ពុជា​ និងនៅក្នុង​សន្និសីទកំពូល​នៃអង្គការ​ពលកម្ម​អន្តរជាតិនៅ​ទីក្រុង​ហ្ស៊ឺណែវ ក្នុង​ឆ្នាំ២០២៤​ រដ្ឋជាសមាជិក​នៃអង្គការ​សហប្រជាជាតិ​ និង​គណៈប្រតិភូមក​ពី​ជាង​១០០ប្រទេស​​ដែល​ចូលរួម​ក្នុងសន្និសីទ​នោះបាន​ផ្តល់​អនុសាសន៍​ដល់​ប្រទេស​កម្ពុជា​ឱ្យ​ធានាលក្ខខណ្ឌការងារល្អប្រសើរនិង​បង្កលក្ខណៈងាយស្រួលដល់ការចុះបញ្ជិការសហជីព ព្រម​ទាំង​ធានា​នូវ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​ ជាពិសេស​ សិទ្ធិ​ក្នុងការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​ធ្វើកូដ​កម្ម​ និង​ឱ្យ​ទម្លាក់ចោល​បទចោទ ប្រកាន់ព្រហ្មទណ្ឌ​លើថ្នាក់ដឹកនាំសហជីព និង​កម្មករនិយោជិត​​ ព្រមទាំង​​​បង្កើន​កិច្ច​​ការពារ​ដល់ពួកគេ​។ តែយ៉ាង​ណា​ក្តី រាជរដ្ឋាភិបាលនៅពុំទាន់បានអនុវត្ត​តាម​អនុសាសន៍ទាំងនោះ​ឱ្យ​បាន​ពេញលេញ​នៅឡើយ​ ហើយកម្មករនិយោជិត​នៅក្នុងវិស័យនានា រួមទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធផង​ នៅពុំទាន់​ទទួល​បាន​ការ​គោរព​ ការពារ​ និង​លើកម្ពស់​ឱុ្យ​បាន​ប្រសើរ​ស្រប​តាម​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​នៅឡើយ​។

ទោះបីជា​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មមាន​ឥទ្ធិ​ពលខ្លាំង​​លើ​​​សេដ្ឋកិច្ចជាតិ​​ និងជីវភាព​​របស់​កម្មករ​និយោជិតក្តី ប៉ុន្តែ​ ​ទន្ទឹម​ហ្នឹង​​កំណើន​សេដ្ឋកិច្ចនោះ​ ក៏​ត្រូវតែ​​ការពារដល់​​​​សិទ្ធិ​ការងារ​ និង​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន​​ផង​ដែរ​​។ ខណៈដែល​ប្រទេស​កម្ពុជា​កំពុង​ស្វះស្វែង​​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាម៉េរិក ដូចជា ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដែលអាច​នាំទៅរក​ការ​លើក​លែង​ពន្ធ​ ឬបន្ទាប​អត្រា​​ពន្ធលើ​​ទំនេញ​របស់​ប្រទេស​កម្ពុជា ការគោរពសិទិ្ធមនុស្ស និងសិទិ្ធ ការងារ និងការបញ្ឈប់ការធ្វើទុកបុកម្នេញលើសកម្មជនសិទិ្ធការងារ តំណាងកម្មករនិយោជិត និងសហជីព គឺជាចំនុច សំខាន់មួយក្នុងចំណោមចំនុចសំខាន់ផ្សេងទៀត ដែលរាជ​រដ្ឋាភិបាលគួរ​យកចិត្ត​ទុកដាក់​ និងបញ្ចូលក្នុងវិធីសាស្ត្រ​ក្នុងការ​ចរចា​ និង​ដោះស្រាយ។ ទន្ទឹ​ម​នេះ ​រដ្ឋាភិបាល​ក៏គួរ​តែ​ស្វែង​រក​ឱកាស​ក្នុងការ​ជួប​ចរចា​ជាមួយគណៈកម្មការ​​អឺរ៉ុបផង​ដែរ​អំពី​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​មក​វិញ​នូវ​ការ​អនុគ្រោះ​ពន្ធ​ ២០​ ភាគ​រយ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់មុខ​ទំនិញ​​លើកលែង​​សព្វាវុធ-EBA»។ តាម​រយៈដំណោះស្រាយ​អនុម័ត​នៅ​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទងនឹង​​ករណី​ ​អង្គការ​សង់ត្រាល់ ​សភាអឺរ៉ុប​បាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់នៃគោល​នយោបាយ​ពាណិជ្ជកម្ម​ដែល​ផ្អែកលើ​សិទ្ធិ​មនុស្ស​ ព្រម​ទាំង​បាន​​អំពាវ នាវ​​​ឱ្យ​គណៈកម្មការ​អឺរ៉ុប​ និង​រដ្ឋជាសមាជិក​ពិនិត្យវាយតម្លៃ​លើ​ការ​កែប្រែ​ការ​អនុគ្រោះ​ពន្ធ​បន្ថែមទៀត​លើ​មុខ​ទំនិញ​របស់ ប្រទេស​​កម្ពុជា​ ប្រសិនបើ​លម្ហសេរីភាព​របស់​ពលរដ្ឋ​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​តែមិន​មាន​ភាព​ល្អប្រសើរ​​​​​​។ ​

ដើម្បីនាំមកនូវ​វិបុល​ភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ​ ​និងសុខុមាល​ភាព​របស់​កម្មករ​និយោជិត​ និង​ប្រជាពលរដ្ឋ​កម្ពុជា នៅក្នុង​ឱកាសនៃការប្រារព្ធទិវាពលកម្មអន្តរជាតិ​នេះ​ យើង​ខ្ញុំជាក្រុមសង្គមស៊ីវិល មានរាយនាម​ខាងក្រោម សូម​ស្នើ​ដល់រាជរដ្ឋាភិបាល​កម្ពុជា សូមមេត្តាពិចារណា និង​​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​សំណូមពរ ឬតម្រូវ​ការ​អាទិភាព​ចំនួន ​១៣ ចំណុច ​ដូច​ខាងក្រោម៖

តម្រូវការទី ១៖ ស្តារឡើងវិញ​នូវ​លម្ហ​សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ជាពិសេស សេរីភាពក្នុងការបញ្ចេញមតិ សេរីភាព ក្នុងការជួបជុំ សេរីភាពក្នុងការបង្កើតសហជីព និងបញ្ឈប់ការរំលោភបំពាន និងធ្វើទុក្ខបុកម្នេញដល់សកម្ម ជនសិទិ្ធការងារ សមាជិក និងថ្នាក់ដឹកនាំសហជីព ក៏ដូចជាអនុវត្តតាមអនុសាសន៍របស់សភាអឺរ៉ុប យន្តការសិទ្ធិ​មនុស្ស​នានា​របស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ ដើម្បីអាចទទួលបាន ការលុបចោលពន្ធ ២០ ភាគរយក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBA​។

តម្រូវ​ការ​ទី២៖   ជួបពិភាក្សាជាមួយសមាគម​និយោជក​ និង​តំណាងក្រុមហ៊ុនអ្នកបញ្ជាទិញធំៗដើម្បីរកវិធីសាស្ត្រធានាស្ថិរ​ភាព​ការងារជូន​កម្មករ​ និងការវិនិយោគនៅកម្ពុជា ដោយមានការពិគ្រោះយោបល់ជាមួយសហជីព និង ភាគីពាក់ព័ន្ធ។

តម្រូវការ​ទី៣៖  សម្រប​សម្រួល​កិច្ច​ចរចា​រវាង​កម្មករ​ សហជីព និង​​និយោជក ឬក្រុម​ហ៊ុន​ម៉ាកយីហោ​ក្នុងការ​​ដោះស្រាយ​ករណី​កេង​បន្លំ​ប្រាក់ឈ្នួល និងការ​មិន​ផ្តល់អត្ថប្រយោជន៍ផ្សេងៗតាម​ច្បាប់ក្នុង​អំឡុង​ពេលនៃ​ការ​រាត​ត្បាត​ជំងឺកូវីដ ១៩​ ដោយ​ធានាថា​កម្មករ​នឹង​ទទួល​ប្រាក់ឈ្នួល​ និង​អត្ថប្រយោជន៍​ដែលពុំទទួល​បាន​ ជាពិសេស ​ក្នុងករណី​​​រោង​ចក្រ​​បញ្ឈប់​ប្រតិបត្តិការ។

តម្រូវការ​ទី៤៖   សម្រួលនីតិវិធីក្នុងការចុះបញ្ជីការសហជីពឱ្យ​មានភាពសាមញ្ញ និងងាយស្រួល ដោយគ្មាន​ការរើសអើង និង​បង្ក​ឧបសគ្គ​ ផ្អែកតាម​អនុសាសន៍​ផ្តល់​ជូន​ដោយ​អង្គការពលកម្មអន្តរជាតិ ​និង​យន្តការ​នានា។

តម្រូវការ​ទី៥៖   ​ធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព ដោយពិគ្រោះយោបល់ជាមួយសហជីព និងភាគីពាក់ព័ន្ធផ្សេងៗ និង​ធានា​ថាកម្មករនិយោជិត​មាន​សិទ្ធិ​សេរីភាព​ពេញ​លេ​ញ​​ក្នុងការ​បង្កើត​សមាគម ឬចូលជាសមាជិក​សហជីព​អនុលោម​តាម​បទដ្ឋាន​ការងារ​អន្ត​រជាតិ​ រួមមាន​ អនុសញ្ញា​៨៧ និង​អនុសញ្ញា​ ៩៨ របស់​ពលកម្ម​អន្តរជាតិ​ និង​រដ្ឋធម្មនុញ្ញនៃប្រទេស​កម្ពុជា​ (មាត្រា​ ៣៦ និង​មាត្រា៤២) និង​ច្បាប់​ស្តីពីការងារកម្ពុជា (មាត្រា​២៦៦ និង​មាត្រា​២៦៧)។

តម្រូវការ​ទី៦៖   ទម្លាក់ចោលបទព្រហ្មទណ្ឌ និងបណ្តឹងនានាប្រឆាំងនឹងថ្នាក់ដឹកនាំសហជីព និងសកម្មជនបរិស្ថាន​ដែល អនុវត្តសិទ្ធិសេរីភាពស្របតាមរដ្ឋធម្មនុញ និង​អនុសញ្ញាស្នូល​នៃអង្គការពលកម្មអន្តរជាតិផ្នែកការងារ ដោយ​អនុវត្ត​ខ្ជាប់​ខ្ជួន​តាមអនុសាសន៍ដែល​ទទួល​បានពី​យូភីអជុំទី៣ និង ​ជុំទី៤ ​របស់​ប្រទេសកម្ពុជា​ រួមទាំងសន្និសីទកំពូលរបស់អង្គការពលកម្មអន្តរជាតិផ្នែកការងារក្នុង​​ឆ្នាំ២០២៤ ។

តម្រូវការ​ទី៧៖  វិនិយោគកញ្ចប់ថវិកាជាតិបន្ថែមទៅលើប្រព័ន្ធកិច្ចគាំពារសង្គម និងពង្រីកវិសាលភាពគ្របដណ្តប់ឱ្យបាន ពេញលេញទៅដល់កម្មករ​នៅ​ក្នុង​វិស័យសំណង់ សេវាកម្ម សណ្ឋាគារ ចំណីអាហារ កសិកម្ម សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ រួមទាំងយុវជន និស្សិត ដោយជំរុញ​ប្រសិទ្ធភាព និងគុណភាពក្នុងការផ្តល់សេវាដែលអាចទុកចិត្ត បាន ដោយគ្មានការរើសអើង មានតម្លាភាព ជាពិសេស សេវាថែទាំសុខភាព ដោយពិនិត្យវាយតម្លៃលើ អ្នកប្រើប្រាស់សេវា និងអ្នកប្រើប្រាស់​បេឡា​ជាតិ​​សន្តិសុខ​សង្គម​។

តម្រូវការ​ទី៨៖   ទទួល​ស្គាល់​ពីតួនាទី​សំខាន់របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល និងកៀរ​គរមូលនិធិ​​ពីដៃគូអភិវឌ្ឍន៍ និង​ភាគី ពាក់ព័ន្ធនានាដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការ​របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីធានាប្រសិទ្ធភាពឯករាជ្យ ភាព  និងនិរន្តរភាពក្នុងការដោះស្រាយវិវាទការងារដែលអាចទទួលយកបានពីសំណាក់ភាគីពាក់ព័ន្ធ។

តម្រូវការ​ទី៩៖   បង្កើត​គោល​នយោបាយ​ ឬច្បាប់ដើម្បីលើកកម្ពស់សុខភាព និងសុវត្ថិភាពរបស់កម្មករនិយោជិត​ក្នុង​វិស័យ​ផ្សេងៗ ដូចជា កសិកម្ម  សេវាកម្ម កម្សាន្ត ជាពិសេស ​ វិស័យ​សំណង់អនុលោម​តាម​ក្រម​ប្រតិបត្តិ​របស់អង្គការ​ពល​កម្មអន្ត​រជាតិ​ស្តីពី​សុវត្ថិភាព និង​សុខ​ភាព​ក្នុង​វិស័យ​​សំណង់។

តម្រូវការ​ទី១០៖កំណែទម្រង់រចនាសម្ព័ន្ធប្រាក់ឈ្នួល និងពង្រីកការ​កំណត់​ប្រាក់ឈ្នួលគោលនៅក្នុងវិស័យផ្សេងទៀត ដូចជា វិស័យទេសចរណ៍​ សណ្ឋាគារ និងសំណង់  រួមទាំងជំរុញ​ការសិក្សាពីសេចក្តីត្រូវការផ្នែកសេដ្ឋកិច្ច និងសង្គមដើម្បីកំណត់ប្រាក់ឈ្នួលសមរម្យថ្នាក់ជាតិមួយ។

តម្រូវការ​ទី១១៖ធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតដើម្បីដាក់បញ្ចូលពលករចំណាកស្រុកក្នុងការទទួលបានសិទ្ធិ

បោះឆ្នោតពីចម្ងាយ និង​ពង្រីកវិសាលភាពប្រព័ន្ធកិច្ចគាំពារសង្គមសម្រាប់ពលករចំណាកស្រុកកម្ពុជា។

តម្រូវ​ការទី​១២៖បង្កើតគោលនយោបាយជាក់លាក់ដើម្បីធានាទីផ្សារនិងតម្លៃសមរម្យសម្រាប់កសិផលក្នុងស្រុកស្របតាម រដ្ឋធម្មនុញ្ញ និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិកសិករអន្តរជាតិ រួមទាំងពង្រីកប្រព័ន្ធកិច្ចគាំពារសង្គម ដល់កម្មករនៅក្នុងវិស័យកសិកម្ម។

តម្រូវការ​ទី១៣៖ជំរុញ និងលើក​ទឹក​ចិត្ត​​ដល់​សហជីព​ និយោជក​ និង​ក្រុមហ៊ុន​ម៉ាក​យីហោ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ដែល​មាន​បញ្ចូល​បទដ្ឋាន​ការ​ងារ​អន្ត​រជាតិ​ និង​ការ​អនុវត្ត​ល្អៗ ដូចជា អនុសញ្ញា​ ១៩០ និង​អនុសាសន៍​លេខ​២០៦ នៃអង្គការ​ពលកម្ម​អន្ត​រជាតិ និង​គោល​ការណ៍​ណែនាំ​របស់​អង្គការសម្រាប់កិច្ច​សហប្រតិបត្តិ ការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​​ (OECD) ស្តីពីទំនួល​ខុស​ត្រូវ​ធុរកិច្ច​សម្រាប់សហគ្រាស​​ពហុជាតិ ដើម្បី ទប់ស្កាត់​ និងលុប​បំបាត់​អំពើ​ហិង្សា​ទាក់ទងនឹង​យេនឌ័រ​ និង​ការ​បៀតបៀន ព្រមទាំង​ការ​រើស​អើង​គ្រប់ ទម្រង់​នៅ​​​រោង​ចក្រ ឬកន្លែង​ការងារ​៕

ព័ត៌មានបន្ថែម សូមទាក់ទង​៖

១. លោក​ ឃុន​ ថារ៉ូ  អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ នៃ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស

លេខទូរស័ព្ទ៖ ០៩៣ ៥៥៦ ៦៧១

២. លោក​ស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា​​

លេខទូរស័ព្ទ៖ ០១១ ៩៨៤ ៨៨៣

អង្គការសង្គមស៊ីវិល និង​សហគមន៍​គាំទ្រ​សេចក្តីថ្លែងការណ៍រួមនេះ រួមមាន​៖

១. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

២. សហព័ន្ធសហជីពកម្ពុជា (CATU)

៣. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

៤. សមាគមបណ្តាញយុវជនកម្ពុជា (CYN)

៥. អង្គការសមាគមធាងត្នោត (STT)

៦. អង្គការសមធម៌កម្ពុជា (EC)

៧. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

៨. អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO)

៩. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

១០. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

១១. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)

១២. អង្គការក្លាហាន (Klahaan)

១៣. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

១៤. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)

១៥. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

១៦. សមាគមស្ត្រីជនបទដើម្បីក្សេត្របរិស្ថាន (RWAA)

១៧. វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ​(CID)

១៨. សម្ព័ន្ធប្រាក់ឈ្នួលអាស៊ី (AFWA)

១៩. សហពន្ធ័សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)

២០. សហព័ន្ធ​សហជីព​ឥទ្ធិពល​ការងារ​ (FULI)

២១.សហព័ន្ធសហជីពសេរីឯករាជ្យ(FUFI)

២២. សហព័ន្ធសហជីពឯករាជ្យ (INTUFE)

២៣. សហព័ន្ធសហជីពកម្ពុជាឯករាជ្យ (CITUFED)

២៤. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)

២៥. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឈន៍ (PED)

២៦. អង្គការសម្ព័ន្ធភាពដៃគូដើម្បីអភិវឌ្ឈន៍តាម បែបប្រជាធិបតេយ្យ (CPDD)

២៧. សហគមន៍ស្រ្តីក្លាហាន

២៨. សហគមន៍កៅពីរ

២៩. សហគមន៍ពង្រសែនជ័យ

៣០. សហគមន៍ស្មរសាន្ត

៣១. សហគមន៍ស្ទឹងកំបុត្រ

៣២. សហគមន៍ឆ្មាអើត

៣៣. សហគមន៍ផ្លូវរថភ្លើង

៣៤. សហគមន៍ ថ្មសសាមគ្គី

៣៥.​ សហគមន៍ ឡ ពាង (កំពង់ឆ្នាំង)

៣៦. សហគមន៍ វាលឥន្រ្ទី

៣៧. សហគមន៍ ថ្លាន់១០០

៣៨. សហគមន៍ដីធ្លី ១៩៧ ឃុំជីខលើ (កោះកុង)

៣៩. បណ្ដាញសហគមន៍ព្រៃឡង់

៤០. សហគមន៍អមលាំង (កំពង់ស្ពឺ)

៤១. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)

៤២. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)

៤៣.​ សហគមន៍ដីធ្លីជីខក្រោម (កោះកុង)

៤៤. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)

៤៥.​ សហគមន៍ដក់ពរ (កំពង់ស្ពឺ)

៤៦. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)

៤៧. សហគមន៍ជនជាតិភាគតិចកួយ (ព្រះវិហារ)

៤៨.​ សហគមន៍ជនជាតិដើមភាគតិចកួយឃុំងន (កំពង់ធំ)

៤៩. សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរុ (ព្រះវិហារ)​

៥០. សហគមន៍ដីធ្លី (ប៉ៃលិន)

៥១. សហគមន៍ឡពាង (កំពង់ឆ្នាំង)

៥២. សហគមន៍តំបន់ការពារធម្មជាតិឧត្តមស្រែពស់ (កំពង់ស្ពឺ)

៥៣.​ សហគមន៍ភ្នំក្រោម (សៀមរាប)

៥៤. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)

៥៥. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)

៥៦. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)

៥៧. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ​ (ព្រះវិហារ)

៥៨. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)

៥៩. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំបិល (កំពង់ឆ្នាំង)

៦០. សហគមន៍ដីធ្លីតានី (សៀមរាប)

៦១. សហគមន៍ត្នោតជុំ (ពោធិ៍សាត់)

៦២. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)

ទាញយកសេចក្តីថ្លែងការណ៍រួម ទិវាពលកម្មអន្តរជាតិ លើកទី ១៣៩ជាភាសាខ្មែរ