កម្មករ កម្មការនី ផ្ទុះការតវ៉ាទាមទារអត្ថប្រយោជន៍

នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ កម្មករ កម្មការនីរោងចក្រតារាល អ៊ីនធើណេសិនណល ឯ.ក (TARAL INTERATIONAL CO., LTD) រាប់ពាន់នាក់ ផ្ទុះការតវ៉ាបិទផ្លូវទាមទារអត្ថប្រយោជន៍ និងឈានទៅប៉ះទង្កិចគ្នាជាមួយអាជ្ញាធរនៅខាងមុខរោងចក្រ ស្ថិតនៅផ្លូវជាតិលេខ៣ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ការតវ៉ានេះធ្វើឡើងកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះ ក្នុងគោបំណងទាមទារឱ្យក្រុមហ៊ុនអនុវត្តលក្ខខណ្ឌទូទៅនៃការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ លក្ខខណ្ឌទំនាក់ទំនងវិជ្ជាជីវៈ និងលក្ខខណ្ឌនរបបសន្តិសុខសង្គម ឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងវិស័យការងារ។ ទោះយ៉ាងណានៅម៉ោងប្រមាណ១០ព្រឹកក្រុមអ្នកតវ៉ាបានបើកផ្លូវឱ្យដំណើរការចរណ៍ធម្មតាឡើងវិញក្រោយពេលខាងភាគីរោងចក្រយល់ព្រមឱ្យតំណាងរបស់កម្មករ ៣០នាក់ចូលទៅចរចាជាមួយនឹងខាងរោងចក្រ និងមានការសម្របសម្រួលពីភាគីពាក់ព័ន្ធ។ ព្រឹកនេះផងដែរក៏មានក្រុមអាជ្ញាធរខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ប្រមាណជាង ២០០នាក់ បានឃ្លាំមើល និងសម្រួលចរាចរណ៍ផងដែរ។ ក្រោយកិច្ចប្រជុំចរចាចប់នៅម៉ោង១:៥៥នាទី ដែលមានភាគីពាក់ព័ន្ធចូលរួម រួមមានតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវខេត្តកំពង់ស្ពឺ តំណាងអាជ្ញាធរ តំណាងក្រុមហ៊ុន និងតំណាងកម្មករ បានឯកភាពគ្នាមានដូចខាងក្រោម៖

១. នៅពេលកម្មករនិយោជិតសុំអនុញ្ញាតច្បាប់ដោយមានជំងឺ ដោយមានវេជ្ជបញ្ជាពីវេជ្ជបណ្ឌិតអនុញ្ញាតឱ្យឈប់សម្រាកព្យាបាលកន្លះថ្ងៃ ស្នើសុំក្រុមហ៊ុនអនុញ្ញាតច្បាប់ ១ថ្ងៃ ដើម្បីមានពេលតាមដានពិនិត្យព្យាបាល។ ចំណុចនេះក្រុមហ៊ុននឹងពិនិត្យតាមវេជ្ជបញ្ជាពេទ្យ។

២. ក្រុមហ៊ុនឯកភាពផ្ដល់ជូនតាមការស្នើសុំរបស់កម្មករនិយោជិត នៅពេលកម្មករមកធ្វើការងារយឺត

ដូចខាងក្រោម៖

–    កម្មករនិយោជិតដែលមកយឺតក្នុង ១៥នាទីចុះក្រោម (បូកចូលគ្នា) ក្នុង១ខែ មិនឱ្យកាត់លុយព្រីមលុយត្រឹមចំនួន ៦ដុល្លារ នោះទេ

–     កម្មករនិយោជិតមកយឺតក្នុងចន្លោះលើសពី ១៥នាទី ដល់ ២៩នាទី (បូកចូលគ្នា) ក្នុង១ខែ ក្រុមហ៊ុនឯកភាពកាត់លុយព្រីមចំនួន ៦ដុល្លារ

–   កម្មករនិយោជិតមកយឺតលើសពី ៣០នាទី (បូកចូលគ្នា) ក្នុង១ខែ កម្មករនិយោជិតឯកភាពកាត់លុយព្រីមទាំងអស់ (ចំនួន ១២ដុល្លារ)។

៣. ស្នើសុំផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ទៅតាមបរិមាណដែលកម្មករប្រឹងប្រែងធ្វើ។ ចំណុចនេះ ភាគីក្រុមហ៊ុននឹងជួបប្រជុំជាមួយសហជីព និងប្រតិភូបុគ្គលិកដោយផ្ទាល់បន្តទៀត។

៤. កម្មករនិយោជិតស្នើសុំផ្ដល់លុយថ្លៃបាយថ្ងៃត្រង់ចំនួន ២,០០០រៀល ១នាក់ ក្នុងមួយថ្ងៃ។ សំណើរនេះយកទៅពិភាក្សាជាមួយថៅកែធំរបស់ក្រុមហ៊ុន។

៥. ស្នើសុំក្រុមហ៊ុនផ្ដល់ប្រាក់រង្វាន់ផ្នែកតុកាត់ឱ្យបានសមរម្យ។ ក្រុមហ៊ុនស្នើសុំពិភាក្សាជាមួយថៅកែធំរបស់ក្រុមហ៊ុន។

៦. ចំពោះអ្នកបានដំឡើងតួនាទីថ្មី សូមឱ្យក្រុមហ៊ុនគិតប្រាក់តួនាទី។ ចំណុចនេះក្រុមហ៊ុនឯកភាពគិតប្រាក់តួនាទីជូនកម្មករដែលទទួលបានតួនាទីថ្មីភ្លាមៗ។

៧. រាល់សំណូមពររបស់កម្មករនិយោជិត ស្នើសុំក្រុមហ៊ុនធ្វើការដោះស្រាយឱ្យបានឆាប់រហ័ស។ ចំណុចនេះ ក្រុមហ៊ុនឯកភាព។

៨. ចំពោះការធ្វើកូដកម្មមិនចូលធ្វើការងារចំនួន ១ថ្ងៃ ក្រុមហ៊ុនឯកភាពដោះដូរជាមួយថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។

កិច្ចប្រជុំនេះបានចប់សព្វគ្រប់នៅវេលាម៉ោងដប់បី និងហាសិបប្រាំនាទី នាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសស្រុះស្រួលគ្នា។

៩. ក្រុមហ៊ុននឹងមិនមានការគុំគួនចំពោះ កម្មករកម្មការិនី ណាម្នាក់ក្នុងពេលធ្វើកូដកម្មកន្លងមកនោះទេ។