ខេត្តព្រះវិហារ,នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចកួយមកពីភូមិដងផ្លិត និងភូមិណារ៉ុង ប្រមាណជិត១០០នាក់ បានមកជួបជុំគ្នានៅមុខសាលាដំបូងខេត្តព្រះវិហារ ដើម្បីគាំទ្រតំណាងរបស់ខ្លួន ៥នាក់ ដែលបានចូលបំភ្លឺក្នុងសវនាការ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៣០ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តព្រះវិហារ។ តំណាងពលរដ្ឋជនជាតិដើមភាគតិចកួយទាំង ៥រូប រួមមាន ១.សោម ណៃ ២.ណៃ មិនា ៣.ថោង ថៃ ៤.ប្រុក ឆេត និង៥.ឡុង ធីតា ដែលជាដើមបណ្តឹង បានប្តឹងទៅឈ្មោះ ឆេន ឆែន និងបក្សពួក ពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់ដំបងឈើ និងសោរដោះកង់ត្រាក់ទ័រ)” ប្រព្រឹត្តនៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ដែលជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបទញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់ពីការសាកសួរដើមបណ្ដឹង និងសាក្សីទាំង ៥ រូប រួចមក ប្រធានក្រុមប្រឹក្សាជំនុំជម្រះនឹងធ្វើប្រកាសសាលក្រមនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
សូមបញ្ជាក់ថា រឿងនេះកើតឡើងដោយបញ្ហាទំនាស់ដីធ្លីដែលមាន កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ មានគ្រឿងចក្រចំនួន ៣គ្រឿង (ត្រាក់ទ័រ) បានចូលមកឈួសឆាយដីព្រៃសហគមន៍ និងតំបន់ព្រៃជំនឿ ត្រង់ចំនុចព្រលានតាដេវ ក្នុងខេត្តព្រះវិហារ។ ខណៈនោះដែរមានប្រជាពលរដ្ឋប្រមាណ ២០នាក់ មកពីភូមិដងផ្លិត និងភូមិណារ៉ុង បានទៅសួរនាំ រកម្ចាស់ត្រាក់ទ័រ និងម្ចាស់ក្រុមហ៊ុន និងឯកសារក្រុមហ៊ុនដែលបានជួលមកឈួសឆាយលើដី តែពួកគេត្រូវបានគំរាមពីម្ជាស់ទ្រាក់ទ័រក៏នាំគ្នាត្រលប់មកផ្ទះវិញ។ ក្រោយមកនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ប្រជាពលរដ្ឋប្រមាណជា ៥០នាក់ ទៅសួរនាំម្ដងទៀត និងឃាត់គ្រឿងចក្រ (ត្រាក់ទ័រ) ដើម្បីកុំឱ្យឈួសឆាយដីព្រៃ និងដីស្រែប្រជាពលរដ្ឋ ក៏កើតមានហិង្សាឡើងជាមួយក្រុមសន្តិសុខប្រមាណ ១០នាក់ ដែលបានប្រើប្រាស់អំពើហិង្សាមកលើប្រជាពលរដ្ឋ និងបង្ករឱ្យមានរបួសស្នាមលើយុវជនម្នាក់ ឈ្មោះ ណៃ មិនា ត្រង់ក្បាលដែលត្រូវបានយកមកព្យាបាល និងដេរអស់ចំនួន៦ថ្នេរ និងត្រង់សាច់ដុំដៃ ស្មា ត្រង់ដងកាំបិតផ្នែកខាងស្តំា និងស្មាខាងឆ្វេង។ បន្ទាប់មកទៀតឈ្មោះ ឆេន ឆែន និងឈ្មោះ ឆែន វីឡា បានឡើងលើត្រាក់ទ័រទំាងពីរនាក់ និងបានបើកយ៉ាងលឿនសំដៅទៅបុកសមាជិកប្រជាពលរដ្ឋ ដោយអ្នកខ្លះបានធ្លាក់ចូលក្នុងរណ្តៅផ្លូវ ឃើញហេតុការណ៍ដូចនោះពលរដ្ឋបានទាក់ទងទៅ នគរបាលប៉ុស្ដិ៍ឆែបពីរ ដើម្បីឱ្យជួយអន្តរាគមន៍។ រហូតនៅថ្ងៃទី២៨ ខែមក ឆ្នាំ២០២៥ ប្រជាពលរដ្ឋប្រមាណជា ២០០ នាក់ បានទៅសួរនាំម្ដងទៀតតែត្រូវបាន លោក ឆេន ឆែន និងបក្សពួកយកអាត្រាក់ចំនួន ៨គ្រឿង ដេញបុកម្តងទៀត បណ្តាលឱ្យពលរដ្ឋម្នាក់រងរបួសជើងដោយសារក្រុម លោក ឆេន ឆែន កាប់នឹងដាវ និងបានធ្វើឱ្យខូចខាតម៉ូតូរបស់ពលរដ្ឋចំនួន៣គ្រឿងដោយទ្រាក់ទ័រកិនពីលើ។


