កំណែទម្រង់​ជាប្រព័ន្ធ​គួរត្រូវ​បានធ្វើ​ឡើង លើស​ពីការដោះលែង​សកម្មជន​សិទិ្ធម​នុស្សដោយ​មាន​លក្ខខណ្ឌ

កំណែទម្រង់​ជាប្រព័ន្ធ​គួរត្រូវ​បានធ្វើ​ឡើង លើស​ពីការដោះលែង​សកម្មជន​សិទិ្ធម​នុស្សដោយ​មាន​លក្ខខណ្ឌ

ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១

យើងខ្ញុំ​ជាក្រុម​សង្គមស៊ីវិល​ដូចមាន​រាយនាម​ខាង​ក្រោម សូមស្វាគមន៍​ចំពោះ​ការដោះលែង​សកម្មជន​សិទិ្ធ​មនុស្ស​ច្រើន​ជាង ២៧ នាក់ ដែលបាន​ជាប់​ពន្ធនាគារ និងត្រូវ​បានផ្តន្ទា​ទោសដោយ​អយុត្តិធម៌​នាពេលថ្មីៗ​នេះ និងរីករាយ​នៅពេល​ដែលអ្នក​ទាំងនោះ​បានជួប​ជុំគ្រួសារ​របស់ពួក​គេវិញ ។​ ប៉ុន្តែ​ភាគច្រើន​នៃសកម្មជន​ទាំងនោះ​នៅបន្ត​ប្រឈមមុខ​នឹងការចោទ​ប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ ឬនៅបន្ត​ស្ថិតក្រោម​ការត្រួត​ពិនិត្យ​តាមផ្លូវ​តុលាការ ជាមួយ​លក្ខខណ្ឌ​ដ៏តឹងរ៉ឺង​ជាច្រើន ដោយ​គ្រាន់តែអ្នក​ទាំងនោះ​អនុវត្ត​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញ​មតិ សិទិ្ធ​សេរីភាព​ក្នុងការ​ប្រជុំ និងការ​ជួបជុំ​ដោយ​អហិង្សា​តែប៉ុណ្ណោះ ។ មិនមាន​ចំណាត់​ការ​ណាមួយ ត្រូវបាន​ធ្វើឡើង ដើម្បី​ធ្វើការ​កែទម្រង់​ច្បាប់ និងប្រព័ន្ធ​ដែលបណ្តាល​ឱ្យមានការ​ធ្វើទុក្ខបុក​ម្នេញ និង​បំបិទ​សិទ្ធិ​សេរីភាព និងរឹតត្បិត​ការ​ចូលរួម​នយោបាយ​របស់​ពលរដ្ឋ​នៅកម្ពុជា​នោះទេ ។

ដោយ​សកម្មជន​ជាច្រើន ត្រូវបាន​ដោះលែង​ឱ្យនៅក្រៅឃុំ​បណ្តោះ​អាសន្ន ឬត្រូវ​បានតុលាការ​ព្យួរទោស​សាកល្បង​រយៈពេល​ពីរ​ឬបីឆ្នាំ អ្នកទាំង​នោះមិន​អាចបំពេញ​ការងារ​ក្នុងការការ​ពារ​សិទ្ធិមនុស្ស ឬបរិស្ថាន ការនិយាយ​អំពីភាព​អយុត្តិធម៌​ក្នុងសង្គម ឬចូលរួម​ក្នុងសកម្មភាព​នយោបាយ​ដោយគ្មាន​ការភ័យខ្លាច​នឹងការចាប់​ខ្លួនបាន​នោះទេ ។ ការដោះលែង​នេះពុំបាន​សបញ្ជាក់​ការពិត​ដែល​សកម្មជន​ទាំងនោះ​ត្រូវបាន​ផ្តន្ទាទោស​ដោយមិន​ត្រឹមត្រូវនោះ​ទេ និងការ​ពិតដែល​ថាសកម្មជន​ជាច្រើននាក់​ត្រូវបានចាប់​ឃុំខ្លួនអស់​រយៈជាង​មួយឆ្នាំ​កន្លងមក នៅក្នុង​ពន្ធនាគារ​ដ៏ចង្អៀត​ណែន ដោយក្នុង​ចំណោម​ពួកគេម្នាក់​បាននិយាយ​ថាកន្លែង​នោះជា “ឋាននរក” ។

លើសពីនេះ​ទៅទៀត មនុស្ស​ច្រើនជាង​ ៦០នាក់ផ្សេង​ទៀត ដែល​រួមមាន អ្នកសារ​ព័ត៌មាន សកម្មជន​នយោបាយ អ្នកប្រើប្រាស់​បណ្តាញ​សង្គម និង​សកម្មជន​ដីធ្លីជាង ១០នាក់ទៀត​នោះ កំពុង​តែជាប់​ពន្ធនាគារ​ដោយសារ​ការងារ និងភាព​សកម្មនិយម​របស់​ពួកគេ ។ ការចោទ​ប្រកាន់​ពីបទញុះញង់ និងបទរួម​គំនិត​ក្បត់​នៅតែត្រូវ​បានគេ​ប្រើប្រាស់ ទៅលើ​ជនណាដែល​ហ៊ាននិយាយ​តវ៉ា ឬរិះគន់​ទៅ​លើអាជ្ញាធរ​រដ្ឋ ហើយភាព​ញឹកញាប់​នៃការប្រើប្រាស់​វិធីសាស្ត្រ​ខាងលើ និងការ​កើនឡើង​នៃការ​ត្រួតពិនិត្យ​ចាប់ពិរុទ្ធ​ខ្លួនឯង គឺជា​ការគំរាម​កំហែង​មួយដែល​កំពុងកើន​ឡើង ។

ការ​ដោះលែង​ទាំងនេះ​មិនអាច​ជំនួស​កំណែ​ទម្រង់ជា​មូលដ្ឋាន​ទៅលើច្បាប់ និងស្ថាប័ន​នានា​នៅ​ប្រទេស​កម្ពុជា​នោះទេ ។ ប្រជា​ពលរដ្ឋកម្ពុជា​នៅតែបន្ត​ប្រឈម​នឹងការ​រឹតត្បិត​ជាបន្តបន្ទាប់ ទៅលើ​សិទ្ធិសេរីភាព​ក្នុងការ​ចូលរួម​ដោយសេរី​ក្នុងជីវិត​នយោបាយ និង​ការជ្រើស​រើស​អ្នកដឹក​នាំរបស់​ពួកគេ ។​ គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​គេរំលាយ គណបក្ស​ដទៃ​ទៀតត្រូវ​បានគេ​បដិសេធសិទ្ធិ​ក្នុងការ​បង្កើត ហើយ​គណបក្ស​ទាំងអស់​ត្រូវស្ថិត​ក្រោមការ​សម្រេចចិត្ត​របស់​តុលាការ និង​ក្រសួងមហាផ្ទៃ​ដែលមាន​សិទិ្ធអំណាច​ត្រួតពិនិត្យ និងសម្រេច​ថាតើ គណបក្ស​ទាំងនោះ​អាចប្រកួត​ប្រជែង​ក្នុងការបោះឆ្នោត​នាពេល​ខាងមុខនេះ​បាន ឬទេ ។

សិទ្ធិមនុស្ស​ក្នុង​ប្រទេសកម្ពុជា នៅតែ​បន្តសិ្ថត​ក្រោម​ការគំរាមគំហែង​ឥតឈប់​ឈរពី​ប្រព័ន្ធតុលាការ​ដែលលម្អៀង​ផ្នែក​នយោបាយ និងច្បាប់​ដែលមាន​លក្ខណៈ​គាប​សង្គត់ ។ ច្បាប់ទាំង​នេះរួមមាន​វិសោធន​កម្មរដ្ឋ​ធម្មនុញ្ញចុងក្រោយ វិសោធនកម្ម​ច្បាប់ស្តីពី​គណបក្ស​នយោបាយ​និងច្បាប់​ស្តីពីការ​បោះឆ្នោត ក៏ដូច​ជាច្បាប់​សហជីព​ ច្បាប់សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់ស្តីពី​ការការ​ពារជំងឺកូវីត-១៩ ច្បាប់ស្តីពី​ទូរគមនាគមន៍ និងអនុក្រឹត្យស្តីពី​ការបង្កើត​ច្រកទ្វារអ៊ីន​ធឺណិត​ជាតិ ។ វិសោធនកម្ម​ច្បាប់ និងច្បាប់ថ្មីៗ​ទាំងនេះ គួរតែ​បានលុប​ចោល​ដើម្បីស្តារ​លំហ​សេរីភាព​របស់​ពលរដ្ឋ និងសេរីភាព​នយោបាយ​នៅក្នុង​ប្រទេស​ឡើងវិញ ។

យើងខ្ញុំ​សូមអបអរសាទរ​លើការដោះលែង​សកម្មជន​ទាំងនេះ ប៉ុន្តែយើង​ខ្ញុំសូម​បញ្ជាក់ថា ការដោះលែង​ដោយមាន​លក្ខខណ្ឌ​មិនអាច​ដោះស្រាយ​ភាព​អយុត្តិធម៌​ជាប្រព័ន្ធ​ដែលអ្នក​ទាំងនោះ​បានលើកឡើង​ជាសាធាណៈ មុនពេល​មានការចាប់​របស់ពួក​គេនោះទេ ហើយ​ក៏សូម​បញ្ជាក់​ដែរថាទោះ​ជាពួកគេ​ត្រូវបានដោះ​លែងក៏ដោយ ក៏អ្នកទាំង​នោះ និងអ្នក​ដទៃទៀត​នៅតែ​បន្តស្ថិត​ក្រោមការ​គំរាមគំហែង​ដដែល ។ យើងខ្ញុំ​ស្នើដល់​អាជ្ញាធរ​ មេត្តា​ចាត់វិធាន​ការជា​ប្រព័ន្ធ​ដើម្បីស្តារ​លទ្ធិប្រជាធិបតេយ្យ និងលំហសេរីភាព​របស់​ពលរដ្ឋ​ក្នុងប្រទេស​ឡើងវិញ ហើយនិង​ស្តារសិទ្ធិមនុស្ស​ជាមូលដ្ឋាន​របស់ប្រជាពលរដ្ឋ​ឡើងវិញ​ទាំងអស់ មុនពេល​ការឈាន​មកដល់​នៃការបោះឆ្នោត​ខាងមុខ ។ ជាងនេះ​ទៅទៀត យើងខ្ញុំសូម​ស្នើដល់​អាជ្ញាធរ មេត្តា​ដោះលែង​អ្នកទោស​នយោបាយ និង​សកម្មជន​ទាំងអស់ ដែលត្រូវ​បានចោទ​ប្រកាន់​ដោយ​សារ​ការអនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ពួកគេ ហើយ​សូម​ទម្លាក់​ចោលការ​ចោទប្រកាន់​ទាំងអស់​ពីសកម្មជន​ទាំងនោះ៕

អង្គការ សមាគម សហជីព សហគមន៍ ដែលចូលរួមគាំទ្រសេចក្តីថ្លែងការណ៍៖

  1. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  2. សហគមន៍អមលាំង (កំពង់ស្ពឺ)
  3. ក្រុមការងារដើម្បីដោះស្រាយទំនាស់​ (ACT)
  4. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
  5. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
  6. សហគមន៍បឹងប្រាំ (បាត់ដំបង)
  7. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
  8. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
  9. សម្ព័ន្ធសហជីពកម្ពុជា (CATU)
  10. សហភាព​ការងារ​កម្ពុជា​ (CLC)
  11. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  12. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
  13. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  14. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
  15. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
  16. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
  17. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
  18. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
  19. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  20. បណ្តាញយុវជនកម្ពុជា (CYN)
  21. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
  22. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
  23. សហគមន៍ដីធ្លីជីខលើ (កោះកុង)
  24. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
  25. សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ)
  26. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
  27. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  28. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
  29. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
  30. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
  31. សហគមន៍ដកពរ (កំពង់ស្ពឺ)
  32. អង្គការសមធម៌កម្ពុជា (EC)
  33. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
  34. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  35. បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
  36. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
  37. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
  38. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
  39. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
  40. សហជីពទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរនៃ​ក្រុមហ៊ុន​កាស៊ីណូ ​ណាហ្គាវើល
  41. សហគមន៍ដីធ្លីខេត្តប៉ៃលិន
  42. សហគមន៍ឡពាង (កំពង់ឆ្នាំង)
  43. សហគមន៍មានជ័យ (ស្វាយរៀង)
  44. អង្គការស្ពានសន្តិភាព (PBO)
  45. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
  46. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
  47. អង្គការពន្លកខ្មែរ​ (PKH)
  48. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
  49. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
  50. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
  51. សហគមន៍ព្រៃឡង់ (កំពង់ធំ)
  52. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
  53. អង្គការសមាគមធាងត្នោត (សធត)
  54. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
  55. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
  56. សហគមន៍សាមគ្គីសង្កែពីរមានរឹទ្ធិ​ (ព្រះវិហារ)
  57. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
  58. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
  59. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
  60. សហគមន៍ដីធ្លីតានី (សៀមរាប)
  61. សហគមន៍ដីធ្លីតានូន (កោះកុង)
  62. គណៈកម្មាធិការ​នៃអង្គការ​​មិនមែន​​រដ្ឋាភិបាល​​កម្ពុជា​ ដើម្បី​​អនុសញ្ញា​​លុបបំបាត់​​រាល់ទម្រង់​​នៃការរើសអើង​​លើស្រ្តីភេទ​ (NGO-CEDAW)
  63. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
  64. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
  65. អង្គការតម្លាភាពកម្ពុជា (TIC)
  66. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)