សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បើកសវនាការលើបណ្តឹង លោក ជា ចាន់ថា សមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់ លោក ជា ចាន់ថា ដែលជាសមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលហៅកាត់ IDEA ខេត្តស្វាយរៀង។ ក្រោយពេលការសួរដេញដោល  លោក ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានលើកពេលប្រកាសសាលដីកា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៨ ព្រឹក ក្រោមបទចោទ “ ឆបោក និងធ្វើសកម្មភាព បង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ” តាមមាត្រា ៣៧៧ មាត្រា៣៧៨ និងមាត្រា៦០២ នៃក្រមព្រហ្មទណ្ឌ។

លោក ជា ចាន់ថា ជាថ្នាក់ដឹកនាំប្រចាំតំបន់ របស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានចូលរួមយ៉ាងសកម្ម ក្នុងការងារផ្សព្វផ្សាយឱ្យសមាជិកថ្នាក់តំបន់ អាជីវករអ្នកលក់ដូរតាមដងផ្លូវ អ្នកធ្វើការតាមផ្ទះ បានដឹង និងឈ្វេងយល់ អំពីអត្ថប្រយោជន៍នានា និងនាំគ្នាចុះឈ្មោះជាស្វ័យនិយោជន៍ក្នុងកម្មវិធី បេឡាជាតិរបបសន្តិសុខសង្គម ស្របតាមច្បាប់ការងារកម្ពុជា។ លោកត្រូវបានចាប់ និងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តស្វាយរៀងក្រោយពេលដែលលោកចុះទៅផ្សព្វផ្សាយព័ត៌មានពីប័ណ្ណ ប.ស.ស ដល់អាជីវករ។ លុះមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោក ជា ចាន់ថា ត្រូវបានតុលាការខេត្តស្វាយរៀងចោទប្រកាន់ដូចបទចោទខាងលើ និងសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១៨ខែ កាលពី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ហើយរហូតមកដល់ពេលនេះ រូបលោក បានជាប់ពន្ធនាគារ ចំនួន៣៦៤ថ្ងៃ មកហើយ៕